ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានប្រាប់រស្មីកម្ពុជានៅថ្ងៃទី ២៩ ខែតុលានេះថានៅក្នុងសមាជវិសាមញ្ញនៅថ្ងៃទី៣០ខែតុលាស្អែកនេះនឹងមានការមកចូលរួមរបស់ថ្នាក់ដឹកនាំគណបក្សនយោបាយមួយចំនួនផងដែរ។ប៉ុន្តែលោកមិនទាន់បង្ហាញសមាសភាពថ្នាក់ដឹកនាំគណបក្សនយោបាយទាំងអស់នោះនៅឡើយទេ រង់ចាំការប្រកាសនៅក្នុងសមាជ។

លោក ញឹក ប៊ុនឆៃ បានបន្តថា អង្គសមាជនឹងជ្រើសតាំងអនុប្រធានគណបក្ស,អនុម័តសចក្តីព្រាងវិសោធនកម្ម លក្ខន្តិកៈគណបក្ស គោលនយោបាយគណបក្ស ជ្រើសតាំងបន្ថែមសមាជិកក្រុមប្រឹក្សាជាតិសមាជិកគណៈកម្មាការនាយក នឹងទិសដៅអនុវត្តបន្ត។

គួររំលឹកថា គណបក្សខ្មែររួបរួមជាតិ នឹងធ្វើសមាជវិសាមញ្ញស្តីពីការបញ្ចូលគ្នាវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម ឱ្យទៅជាគណបក្សតែមួយដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ដើម្បីជាការត្រៀមលក្ខណៈចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។

ការធ្វើសមាជច្របាច់បញ្ចូលគ្នារវាងគណបក្សទាំងពីរគឺយោងតាមកិច្ចព្រមព្រៀងស្តីពីការរួបរួមគ្នារវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម កាលពីថ្ងៃទី១០ ខែតុលាកន្លងទៅ។

សូមជម្រាបថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម រួមទាំងមន្ត្រីជាន់ខ្ពស់ នៃគណបក្សទាំងពីរ ជួបពិភាក្សាគ្នា ដើម្បីស្វែងរកការសម្រេចរួមឈានទៅបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មីមួយ។ ជំនួបនេះ គឺរវាងលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ជាមួយលោកយ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម។

បើយោងតាមលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ អាណត្តិ ទី៥ដែលប្រកាស ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថាគណបក្សខ្មែរ រួបរួមជាតិ ទទួលបានសំឡេងសរុបចំនួន ៦៣,៨៦៨ សំឡេង ស្មើ ០.៨៨ភាគរយ និងទទួលបានអាសនៈចំនួន ១៣ អាសនៈ , ជំទប់ទី១ ចំនួន ១ និងជំទប់ទី២ ចំនួន ១០ ។ ចំណែកគណបក្សកម្ពុជានិយម ទទួលបានសំឡេងសរុបចំនួន ៤,៨៥៦ សំឡេង ស្មើ ០.០៧ភាគរយ និងទទួលបានអាសនៈចំនួន ១ អាសនៈ , ជំទប់ទី២ ចំនួន ១៕សរន