​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,​ស្ពុ​ត​និច​)៖​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​២៩​តុលា​ថា​ការបង្កើន​ការ​ដាក់​ពង្រាយ​គ្រាប់បែកនុយក្លេអ៊ែរ​កល​យុទ្ធ​ទំនើប​ធុន​B61​នៅតាម​មូលដ្ឋាន​យោធា​របស់​អង្គការ​​ណា​តូ​នៅ​អឺរ៉ុប​នឹង​បន្ទាប​«​ចំណុច​អត់ធ្មត់​មិន​ប្រើ​នុយក្លេអ៊ែ​រ​»​និង​ថា​រុស្ស៊ី​នឹង​ពិចារណា​អំពី​ផែនការ​យោធា​របស់​ខ្លួន​។​

​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​បាន​បង្ក​ការប្រឈមមុ​ខ​ធំ​បំផុត​រវាង​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​និង​លោកខាងលិច​ចាប់តាំងពី​វិបត្តិ​កាំជ្រួច​គុយបា​ឆ្នាំ​១៩៦២ នៅពេល​មហាអំណាច​សង្គ្រាម​ត្រជាក់​ទាំង​ពីរ​ប៊ិះ​ធ្វើ​​សង្គ្រាម​នុយក្លេអ៊ែរ​នឹង​គ្នា​។​

​បើ​តាម​សារព័ត៌មាន​លោកខាងលិច រុស្ស៊ី​មាន​សព្វាវុធ​នុយក្លេអ៊ែរ​កល​យុទ្ធ​នៅ​ដំណើរការ​ប្រមាណ​២.០០០​គ្រាប់​ខណៈដែល​អាម៉េរិក​មាន​សព្វាវុធ​ដូច្នេះ​ប្រមាណ​២០០​ដោយ​ពាក់កណ្តាល​កំពុង​តាំង​នៅក្នុង​​ប្រទេស​អ៊ីតាលី អាល្លឺម៉ង់ ទួកគី បែ​ល​ហ្សិ​ច​និង​ហូ​ឡង់​។​

​សារព័ត៌មាន​Politico​បាន​រាយការណ៍​ថា សហរដ្ឋ​អាម៉េរិក​បាន​ប្រាប់​កិច្ចប្រជុំ​សម្ងាត់​របស់​អង្គការ​ណា​តូ​មួយ​ថា ខ្លួន​នឹង​បង្កើន​ការ​ដាក់​ពង្រាយ​គ្រាប់បែក​នុយក្លេអ៊ែរ​B61 និង B61-12 ដោយ​​សព្វាវុធ​ថ្មី​នេះ​នឹង​ទៅ​ដល់​មូលដ្ឋាន​អឺរ៉ុប​នៅ​យ៉ាងយូរ​ត្រឹម​ខែ​ធ្នូ​ឆ្នាំ​នេះ ដោយ​លឿន​ជា​ផែនការ​ពីមុន​ជា​ច្រើន​ខែ​។​

​អនុ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក អា​ឡិច​សង់ឌ័​រ គ្រូ​ស​កូ​(Alexander Grushko)​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​RIA​ថា​«​យើង​មិន​អាច​ធ្វើ​មិនដឹងមិនឮ​ផែនការ​ធ្វើ​ទំនើបកម្ម​សព្វាវុធ​នុយ​ក្លេ​​អ៊ែរ​ទេ នៅពេល​គ្រាប់បែក​ទាំងនេះ​ត្រូវ​ដាក់​តាំង​នៅ​អឺរ៉ុប​»​។​

​គ្រាប់បែក​B61-12​ប្រវែង​៣,៦៥​ម៉ែត្រ ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​កំលាំង​ខ្សោយ​ជាង​គ្រាប់​ដែល​វាយប្រហារ​ត្រង់​ជាង​និង​អាច​ទម្លុះ​ចូល​ក្រោម​ដី​។​មុន​នេះ​ក្នុង​សប្តាហ៍​នេះ មាន​សេចក្តីរាយការណ៍​ថា អាម៉េរិក​​បង្កើនល្បឿន​ការបញ្ជូន​គ្រាប់​នុយក្លេអ៊ែរ​កល​យុទ្ធ​ទៅ​ដាក់​តាម​មូលដ្ឋាន​យោធា​អង្គការ​ណា​តូ​នៅ​អឺរ៉ុប ដោយ​បញ្ចប់​វា​ត្រឹម​ចុងឆ្នាំ​២០២២ ជំនួស​អោយ​ឆ្នាំ​២០២៣​ដែល​បាន​គ្រោងទុក​ពីមុន​

​បើ​តាម​លោក គ្រូ​ស​កូ «​អាម៉េរិក​កំពុង​ធ្វើ​គ្រាប់បែក​របស់ខ្លួន​អោយ​ទំនើប​ឡើង បង្កើន​ភាព​ត្រង់​តែ​បន្ថយ​កំលាំង​របស់​វា​។​ពួកគេ​ប្រែក្លាយ​សព្វាវុធ​ទាំងនេះ​មក​ជា​«​សព្វាវុធ​សមរភូមិ​» ដូច្នេះ​ចំណុច​អត់​​ធ្មត់​មិន​ប្រើ​ឬ​មិន​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​កាន់តែ​ចុះ​តិច​ទៅហើយ​។​

​ក្នុងពេល​ជាមួយគ្នា ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​អាម៉េរិក​លោក អាណា​តូ​លី អាន​តូ​ណូវ​(Anatoly Antonov)​បាន​អំពាវនាវ​អោយ​អាម៉េរិក​នាំ​សព្វាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ទាំងអស់​ដែល​តាំងនៅ​​បរទេស​ទៅ​កាន់​អាម៉េរិក​វិញ​និង​កំទេច​ហេដ្ឋារចនាសម្ពន្ធ​សំ​រាប់ស្តុក​ទុក​និង​ប្រើ​វា​ចោល​។​

​លោក​បាន​និយាយថា សព្វាវុធ​ដូច្នេះ​របស់​រុស្ស៊ី​មិន​បង្ក​ការ​គំរាម​ណាមួយ​ដល់​អាម៉េរិក​ទេ ទោះជា​មាន​ពាក្យ​ចចាមអារ៉ាម​ថា​រុស្ស៊ី​មាន​ឃ្លាំង​សព្វាវុធ​នុយក្លេអ៊ែរ​ធំ​ជាង​អាម៉េរិក​។​លោក​ថា​«​សព្វាវុធ​នុយក្លេអ៊ែរ​​កល​យុទ្ធ​របស់​រុស្ស៊ី​ទាំងអស់​ស្ថិត​នៅក្នុង​ឃ្លាំង​ក្នុង​ទឹកដី​រុស្ស៊ី ដោយ​មិន​គំរាម​ដល់​អាម៉េរិក​ទេ​»​។​

​សូមបញ្ជាក់​ថា ការ​ដាក់​ពង្រាយ​គ្រាប់បែក​នុយក្លេអ៊ែរ​B61-12​នៅ​អឺរ៉ុប​ពី​ដើម​អាម៉េរិក​គ្រោង​បញ្ចប់​នៅ​រដូវរំហើយ​ឆ្នាំ​២០២៣​តែ​មន្ត្រី​អាម៉េរិក​បាន​ប្រាប់​កិច្ចប្រជុំ​របស់​អង្គការ​ណា​តូ​មួយ​នៅ​ខែ​តុលា​ថា​​ការ​ដាក់​ពង្រាយ​នេះ​ត្រូវ​ធ្វើអោយ​ចប់​សព្វ​គ្រប់យ៉ា​យូរ​ត្រឹម​ខែធ្នូ​ឆ្នាំ​២០២២៕