ដោយៈវ៉ៃកូ/ស្វាយរៀង៖លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា​ព្រឹទ្ធសភានិងអធិការកិច្ចនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងនៅរសៀលថ្ងៃទី២៩ខែតុលាឆ្នាំ​២០២២នេះបានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិនិងទូកក្តារបីសន្លឹកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង។ព្រឹត្តិការណ៍នេះនឹងប្រារព្ធពីថ្ងៃទី២៩-៣០ខែតុលាឆ្នាំ២០២២ដែលបានរៀបចំដោយរដ្ឋបាលខេត្តស្វាយរៀង។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងនៅរសៀលថ្ងៃទី២៩ខែតុលាឆ្នាំ២០២២នេះបានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិនិងទូកក្តារបីសន្លឹកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង(រូបថតៈវ៉ៃកូ)

មានប្រសាសន៍នៅបើកកម្មពិធីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានបញ្ជាក់ថា នៅឆ្នាំ២០២២នេះ ជាលើកទី១២ ហើយ ដែលខេត្តស្វាយរៀងបានរៀបចំពិធីប្រណាំង ទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹកនៅ តាមបណ្ដោយទន្លេ​វ៉ៃគោ បន្ទាប់ពីត្រូវបាន ផ្ដួចផ្ដើមឲ្យមានការរៀបចំពីសំណាក់ឯកឧត្ដមនាយ ឧត្ដមសេនីយ៍ ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ កាលពីឆ្នាំ២០០៨ ហើយពិធីប្រណាំងទូក ឆ្នាំនេះ ប្រារព្ធឡើងមិនត្រឹមតែដើម្បីចូលរួម អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជាដើម្បីបង្កភាពសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ ប៉ុណ្ណោះទេ តែក៏ដើម្បីចូលរួមអបអរសារទរព្រះរាជពិធីបុណ្យខួបលើកទី១៨នៃការយាងគ្រង ព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

លោកបានបន្តថា ការរៀបចំពិធីប្រណាំងទូកនាពេលនេះ ក៏ដើម្បីចូលរួមអបអរសាទរផងដែរនូវសមិទ្ធផលថ្មីជាច្រាំង ទន្លេដែលរដ្ឋបាលខេត្តបានសាងសង់រួច ដែលក្រោយពីធ្វើការកែលម្អ ដោយមានរៀបចំក្រាលម៉ាប បំពាក់បង្គោលភ្លើង បំភ្លឺសាធារណៈ សួនច្បារ ឧបករណ៍ហាត់ប្រាណ និងដំឡើងស្លាកបេះដូងស្វាយរៀង។ បច្ចុប្បន្នទីតាំងនេះ មិនត្រឹមតែជាទីតាំងដ៏មានអំណោយ​ផល សម្រាប់ប្រារព្ធពិធីប្រណាំងទូកប្រចាំឆ្នាំរបស់ខេត្តប៉ុណ្ណោះទេ ប៉ុន្តែភាពស្រស់ស្អាតនៅទីនេះបានក្លាយជាទីពេញនិយមនិងជាតំបន់កម្សាន្តដ៏ទាក់ទាញសម្រាប់បងប្អូនប្រជាពលរដ្ឋសម្រាក លម្ហែ ថតរូប និងហាត់ប្រាណ ដើម្បីសុខភាពថែមទៀតផង ។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងថ្លែងបើកម្មវិធី(រូបថតៈវ៉ៃកូ)

លោក ម៉ែន វិបុល បានបន្ថែមថា តាមរយៈការមកជួបជុំគ្នា ចូលរួមទស្សនាពិធីប្រណាំងទូកដ៏ច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ ខុស ប្លែកពីពីរឆ្នាំកន្លងមកដែលយើងៗម្នាក់ត្រូវសម្ងំនៅក្នុងផ្ទះ និងចេញក្រៅផ្ទះដោយការបារម្ភខ្លាចឆ្លងជំងឺ​កូវីដ-១៩ ដែលស្ថានភាពនេះ ក៏ជាសក្ខីភាពមួយបង្ហាញឲ្យឃើញពីជោគជ័យដ៏ ធំធេង នៃវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ​-១៩ និងគោលនយោបាយវ៉ាក់សាំងរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវ៉ៃ ម៉ឺងម៉ាត់ និងប្រាកដនិយម​របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហើយដែលយើងអាចនិយាយបានថាភាពជោគជ័យនេះ បានផ្ដល់ នូវកាលានុវត្តភាពដល់រដ្ឋបាលខេត្ត អាចបន្តស្ថាបនា និងសម្រេចបាននូវសមិទ្ធផលនៅទីនេះ ព្រមទាំងអាចរៀបចំ និងបង្កើតបាននូវព្រឹត្តិការណ៍ នៃពិធីប្រណាំងទូក ប្រកបដោយភាពសប្បាយរីករាយនេះឡើង នាពេលនេះ ។

លោកអភិបាលខេត្តបានបញ្ជាក់បន្ថែមថា មិនខុសពីឆ្នាំកន្លងទៅក្នុងឆ្នាំ២០២២នេះ ពិធីប្រណាំងទូកនៅខេត្តស្វាយរៀង មានការចូលរួមពីប្រតិភូ និងកីឡាករ កីឡាការិនីមកពីគ្រប់បណ្ដារាជធានីខេត្តនៅទូទាំងប្រទេស ដោយមានទូកមកចូលរួមប្រណាំងសរុប ចំនួន ៥០គ្រឿង មានកីឡាករ សរុបចំនួន ១.២៤២នាក់ (នារី ០៤នាក់) ក្នុងនោះ កីឡាករពេញសិទ្ធិ ៩៨៦នាក់ និងកីឡាករបម្រុង ២៥៦នាក់ និង មានប្រតិភូដឹកនាំទូក ៤៧៣នាក់ រួមមាន ៖-ប្រភេទទូកប្រពៃណីខ្នាត​អន្តរជាតិ ចំណុះ២២​នាក់ មាន ៤៤គ្រឿង រួមមាន ទូកនៅ ក្នុង ខេត្តស្វាយរៀង ១៤គ្រឿង ទូករបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថ រាជធានី-ខេត្ត ២៦គ្រឿង ទូកខេត្តព្រៃវែងពីរគ្រឿង ,ទូកខេត្តកណ្ដាលមួយគ្រឿង និងទូក ខេត្តព្រះវិហារមួយគ្រឿង។ ប្រភេទទូកក្ដារបីសន្លឹក ចំណុះបីនាក់ មានចំនួនប្រាំមួយគ្រឿង ក្នុងនោះ ប្រភេទទូកបុរសប្រាំគ្រឿង និងប្រភេទទូកនារីមួយគ្រឿង រួមមាន ទូកក្នុងខេត្ត បីគ្រឿង ទូករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញមួយគ្រឿង ទូករបស់កងរាជអាវុធហត្ថ ខេត្តកណ្ដាលមួយគ្រឿង និងទូកយុវជនខេត្តបន្ទាយមានជ័យមួយគ្រឿង ៕សរន

រដ្ឋបាលខេត្តស្វាយរៀងប្រារព្ធពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹកនៅទន្លេវ៉ៃគោ