ដោយៈរ៉ាម៉ន/ភ្នំពេញ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអំពាវនាវដល់អ្នកវិនិយោគទុនឱ្យមកបណ្តាក់ទុន ឱ្យបានកាន់តែច្រើននៅរាជធានីភ្នំពេញ ពិសេសលើវិស័យ ម្ហូបអាហារ ។ការអំពាវនាវបែបនេះកាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២​នេះ ខណៈដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធី“សម្ពោធភោជនីយដ្ឋានចំនួនបី ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅខណ្ឌមានជ័យ ដោយមានការចូលរួមពីអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកនិងជាប្រធាន ក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន ជីប ម៉ុង និង លោក ងន ដេវីដសំបូរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហ្វាន់ ហ៊ូដ (Fun Food Co.Ltd) ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា កាលបើយើងធ្វើម្ហូបឆ្ងាញ់ពិសារវាជាកត្តាមួយនាំឱ្យភ្ញៀវទេសចរមកកម្ពុជាកាន់តែ ច្រើន។ដូច្នេះលោកសូមអំពាវនាវដល់អ្នកវិនិយោគទុនសូមមកបណ្តាក់ទុនរកស៊ីនៅភ្នំពេញឱ្យកាន់តែច្រើនពិសេសលើវិស័យ ម្ហូបអាហារ។សកម្មភាពជំនួញច្រើននឹងធ្វើឱ្យសេដ្ឋកិច្ចប្រទេសកើនឡើងព្រមទាំងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋផងដែរ។

លោក ឃួង ស្រេង បានបន្តទៀតថា សម្រាប់ពិធីសម្ពោធភោជនីយដ្ឋានថ្មីក្នុងថ្ងៃនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឱ្យ ឃើញពីការចូលរួមគាំទ្រចំពោះសកម្មភាពអាជីវកម្មរបស់អាជីវករក្នុងស្រុកប៉ុណ្ណោះទេ។ប៉ុន្តែវាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀតនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសហគ្រិនភាព និងការខិតខំ ទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស ពិសេសគឺការខិតខំបង្កើននូវទំនុកចិត្ត និងជំនឿជឿជាក់ជូនដល់ ពាណិជ្ជករវិនិយោគិននិងធុរជនក្នុងការសម្រេចចិត្តបណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជាសំដៅរួមចំណែកជំរុញឱ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារ និងកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរលោកឃួង ស្រេងបានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់អ្នកគ្រប់គ្រង ភោជនីយដ្ឋាននិងបណ្ដាអាជីវកម្ម ទាំងអស់​​សូមជួយគាំទ្រកសិផល ផលិតផល និងគ្រឿងទេសដែលមានស្រាប់ក្នុងស្រុក ដើម្បីជួយដល់ បងប្អូនប្រជាកសិករខ្មែរ សេវាករ និងផលិតករក្នុងស្រុក ឱ្យមានជីវភាព ប្រសើរឡើង ជួយដល់សេដ្ឋកិច្ចជាតិ រីកចម្រើនទាំងអស់គ្នា។

គួរបញ្ជាក់ថាក្រុមហ៊ុនហ្វាន់ហ៊្វូដជាក្រុមហ៊ុនមានអាជីវកម្មក្នុងវិស័យម្ហូបអាហារដោយបានផ្តល់ជូននូវមុខម្ហូបប្លែកៗសម្បូរបែប នៅតាមបណ្តាផ្សារទំនើបៗក្នងរាជធានីភ្នំពេញ ។ មកទល់ពេលនេះ ក្រុមហ៊ុន បានបង្កើតភោជនីយដ្ឋានបានរហូតដល់ ១១ ទីតាំង និងកំពុងពង្រីកសាខារបស់ខ្លួនបន្ថែមទៀត ប្រកបដោយភាពជោគជ័យ ៕សរន

រូបថត៖អភិបាលរាជធានីអំពាវនាវអ្នកវិនិយោគមកបណ្តាក់ទុនលើវិស័យម្ហូបអាហារឱ្យកាន់តែច្រើន