ដោយ៖តារារិទ្ធ(ព្រៃវែង)៖នៅព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២២សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញចែកស្រូវពូជ ស្បៀង អាហារ និង ថវិកាជូនប្រជាពលរដ្ឋខេត្តព្រៃវែងចំនួន ៦,១១២ គ្រួសារដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនិងទឹកជំនន់ទន្លេមេគង្គផងដែរ។ នៅព្រឹកថ្ងៃដដែលនោះបន្ទាប់ពីចែកស្រូវពូជដល់ប្រជាពលរដ្ឋហើយសម្តេចតេជោ ហ៊ុន សែន នឹងបន្តជួបសំណេះសមនាលជាមួយ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធទូទាំងខេត្តព្រៃវែងផងដែរ ។

លោក ជា សុមេធី អភិបាលខេត្តព្រៃវែងបានឱ្យដឹងថាទឹកជំនន់នេះបង្កឱ្យប៉ះពាល់ស្រុកចំនួន១១ស្មើនឹង៤៩ ឃុំ និង ២៤៥ ភូមិ ។ ប៉ះពាល់ស្រែប្រជាកសិករជិត៧ពាន់ហិកតា ស្មើនឹង ជាង ៧ពាន់គ្រួសារ ។ ផ្ទៃដីខូចខាតសរុបមានជិត ៦ពាន់ហិកតាស្មើនឹងជាង ៦ពាន់គ្រួសារ។ ក្នុងនោះផ្ទៃដីដែលអាចស្តារឡើងវិញបាន មានចំនួន៩ស្រុក លើផ្ទៃដីជាង ៥ពាន់ហិកតា ស្មើនឹងជាង ៦ពាន់គ្រួសារ។

សូមបញ្ជាក់ថាខេត្តព្រៃវែងគឺជាខេត្តទី៦ហើយដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញចែកស្រូវពូជនិងស្បៀងអាហារ ។ ខេត្តចំនួន៥ ដែលសម្តេចតេជោបានចែករួចហើយ នោះរួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និង កំពង់ធំ។ ខេត្តទាំង៦ មានប្រជាពលរដ្ឋជិត ៤ ម៉ឺនគ្រួសារដែលទទួលបានស្រូវពូចស្បៀងអាហារ និង ថវិកា​ សម្រាប់ស្តារដំណាំស្រូវឡើងវិញ និងផ្តល់ស្បៀងអាហារសម្រាប់ដោះស្រាយការលំបាកក្នុងជីវភាព ៕