​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,​ស្ត្រេត​ថែមស៍​)៖​មនុស្ស​យ៉ាង​ហោច​ណាស់​១៥១នាក់​បាន​ស្លាប់​ក្នុង​ការបញ្ជៀ​ត​ជាន់​គ្នា​ដល់​ថ្នាក់​ថប់ដង្ហើម​ស្លាប់​មួយ​នៅពេល​ហ្វូង​អ្នកចូលរួម​សប្បាយ​អបអរ​បុណ្យ​ហា​ឡូ​វីន​(Halloween)​រុលចូល​ច្រក​ចង្អៀត​មួយ​ក្នុង​តំបន់​កម្សាន្ត​រាត្រី​នៅ​សង្កាត់​អ៊ីតេ​វ៉ុន​( Itaewon)​ក្នុង​រដ្ឋធានី​សេ​អ៊ូ​ល​របស់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​សៅរ៍​។​

​គេ​ថា​អ្នកស្លាប់​ភាគច្រើន​ជា​ក្មេង​វ័យ​ជំទង់​និង​មនុស្ស​វ័យ​ប្រមាណ​២០​ឆ្នាំ​ប្លាយ ហើយ​រួមមាន​ជនបរទេស​យ៉ាងហោច​ពីរ​នាក់​ដែរ​។​

​សាក្សី​បាន​ពណ៌នា​ការ​ស្រែកថ្ងូរ​និង​សម្រែក​អោយ​ជួយ​ចេញពី​ហ្វូង​មនុស្ស​ដែល​កំពុង​ថប់ដង្ហើម​ស្អិត​ជាប់​គ្នា នៅពេល​មនុស្ស​ដែល​រុល​និង​ត្រូវ​គេ​រុញ​ទៅ​មុខ​បាន​ដួល​លើ​គ្នា​។​

​អ្នកចូលរួម​ម្នាក់​អាយុ​៣០​ឆ្នាំ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា​«​មាន​មនុស្ស​ច្រើនណាស់​រុញ​នៅ​ជុំវិញ​ខ្ញុំ​និង​ខ្ញុំ​បាន​ជាប់​ក្នុង​ហ្វូង​មនុស្ស​ដោយ​ដំបូង​មិន​អាច​កម្រើកខ្លួន​ទៅណា​បានទេ​។​ខ្ញុំ​ចាប់​មាន​អារម្មណ៍​​ថា​មុខ​ជា​មាន​ហេតុការណ៍​អាក្រក់​កើតឡើង​»​។​

​នាយកដ្ឋាន​អគ្គិភ័យ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា យ៉ាងហោច​ណាស់​មនុស្ស​១៥១​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ដួល​ជាន់​គ្នា​ថប់ដង្ហើម​ស្លាប់​នេះ រួម​មាន​ជនបរទេស​ពីរ​នាក់​។​វា​បាន​កើតឡើ​​ង​នៅ​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃ​សៅរ៍​។​

​ក្រសួង​មហាផ្ទៃ​បាន​និយាយថា មនុស្ស​ប្រហែល​១៥០​នាក់​ទៀត​បាន​រងរបួស គិត​ត្រឹម​ម៉ោង​៦​ព្រឹក​ថ្ងៃអាទិត្យ​។​

​រូបភាព​ពី​កន្លែងកើតហេតុ​បង្ហាញ​សាកសព​ជាច្រើន​ត្រូវបាន​ទាញ​ចេញ​មក​ដាក់​លើ​ចិញ្ចើម​ផ្លូវ​និង​គ្រប​កម្រាលពូក​នៅពេល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ស្លៀកពាក់​ពណ៌​ទឹកក្រូច​លើក​សាកសព​ចូលក្នុង​ឡាន​​ពេទ្យ​។​

​សាក្សី​ម្នាក់​បាន​និយាយថា​«​មនុស្ស​គរ​លើ​គ្នា​ដូច​ផ្នូរខ្មោច​។​ខ្លះ​បាត់បង់​ស្មារតី​បណ្តើរៗ​និង​ខ្លះទៀត​មើល​ទៅ​បាន​ស្លាប់​»​។​

​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​ក្នុង​ស្រុក​លោក លី ប៊ី​អូម​-​ស៊ុក​(Lee Beom-suk)​ប្រធាន​ក្រុម​ជំនួយ​វេជ្ជសាស្ត្រ​បាន​ពណ៌នា​ទិដ្ឋភាព​នេះ​ថា​សោកនាដកម្ម​និង​ចលាចល​។​

​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី យូ​ន ស៊ុក​-​យ៉ូល បាន​បញ្ជា​ពួក​មន្ត្រី​អោយ​បញ្ជូន​ក្រុម​ជំនួយ​បឋម​និង​គ្រែពេទ្យ​ទៅ​ជួយ​អ្នក​រងរបួស​ហើយ​ចៅហ្វាយក្រុង​សេ​អ៊ូ​ល​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​អឺរ៉ុប​បាន​សំរេច​​ចិត្ត​វិល​មក​ស្រុក​វិញ​ពាក់កណ្តាល​ទី​ក្រោយ​កើតមាន​ហេតុការណ៍​ដ៏​សោកសង្រេង​នៅក្នុង​ទីក្រុង​របស់​លោក​។​

​នៅ​ទីក្រុង​វ៉ាស៊ីនតោន ដែល​ជា​សម្ពន្ធមិត្ត​រឹងមាំ​របស់​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល ប្រធានាធិបតី​អាម៉េរិក​បាន​និយាយថា អាម៉េរិក​«​ឈរ​នៅ​ជាមួយ​កូរ៉េ​ខាងត្បូង​ក្រោយ​សោកនាដកម្ម​នេះ​។​យើង​ចូលរួម​​ទុក្ខសោក​ជាមួយ​ប្រជាជន​កូរ៉េ​ខាងត្បូង​និង​សូម​ជូនពរ​អោយ​អ្នក​រងរបួស​ឆាប់​ជា​ឆាប់ៗ​»​។​

​សូមបញ្ជាក់​ថា វា​ជា​ការធ្វើ​ពិធី​អបអរ​បុណ្យ​ហា​ឡូ​វីន​លើកដំបូង​នៅ​កូរ៉េខាងត្បូង​ចាប់តាំងពី​ពេល​ពិភពលោក​ផ្ទុះ​ជំងឺ​កូវី​ដ​១៩​នៅ​ឆ្នាំ​២០២០ ពេល​ដែល​ប្រជាជន​កូរ៉េ​ខាងត្បូង​ជាប់​កាតព្វកិច្ច​ពាក់​ម៉ាស់​​និង​ត្រូវ​រឹតបន្តឹង​ការចូលរួម​ពិធី​នានា​៕

https://twitter.com/hashtag/SeoulStampede?