ដោយៈម៉េងឆៃ/ភ្នំពេញ៖សកម្មភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងសប្តាហ៍កន្លងទៅនេះភាគច្រើនគឺបន្តចុះជួបប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រគល់ពូជស្រូវនិងស្បៀង។

១- សម្តេចតេជោ ហ៊ុន សែន ណែនាំមន្ត្រីពាក់ព័ន្ធទំាងអស់ រួមគ្នាបន្តចុះជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

និងពិនិត្យលទ្ធភាពផលិតពូជស្រូវ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយបញ្ហាជូនពលរដ្ឋ ដែលរង​ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងជាង ១១០០០គ្រួសារ នៅខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៤ ខែតុលា សម្តេចតេជោ
ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជាបានជំរុញឱ្យមន្ត្រីពាក់ព័ន្ធទំាងអស់រួមគ្នាបន្តចុះជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់បន្តទៀត។បន្ថែមលើសពីនេះក្រសួងកសិកម្មក៏ត្រូវនាំមុខក្នុងការពិនិត្យលទ្ធភាពផលិតពូជស្រូវទុកជូនប្រជាកសិកបន្ថែមផងដែរ។

២-សម្តេចតេជោ ហ៊ុន សែន អបអរសាទរឯកឧត្តម ស៊ី ជីនពីងដែលជាប់ឆ្នោតជាថ្មីជាអគ្គលេខាធិការគណបក្ស
កុម្មុយនីស្តចិន

នៅក្នុងសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាកាលពី ថ្ងៃទី២៣ ខែតុលា បានផ្ញើសារអបអរសាទរជូនឯកឧត្តម ស៊ី ជីនពីង ដែលជាប់ឆ្នោតជាអគ្គលេខាធិការគណបក្សកុម្មុយនីស្ត ចិនជាថ្មី នៅក្នុងសមាជជាតិរបស់គណបក្សកុម្មុយនីស្តចិន លើកទី២០។ ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបិទបញ្ចប់ដោយជោគជ័យ នៃ សមាជជាតិ លើកទី២០ នៃគណបក្សកុម្មុយនីស្តចិន នឹងផ្ដល់កម្លាំងថ្មី ដល់ការកសាងប្រទេសចិន ក្លាយជាប្រទេសសង្គមនិយមទំនើប។

៣- កម្ពុជា ជាប់លេខ៤ ជាប្រទេស ដែលងើបឡើងវិញ រួចផុតពីការចម្លងនៃវីរុសកូវីដ១៩

ប្រទេសកម្ពុជាយើង បានជាប់ចំណាត់ថ្នាក់លេខ៤ ជាប្រទេស ដែលងើបឡើងវិញ រួចផុតពីការចម្លងនៃវីរុសកូវីដ១៩។ ទន្ទឹមនឹងការវាយតម្លៃនេះ អស់រយៈពេលច្រើនថ្ងៃ ជាប់ៗគ្នា គិតពីថ្ងៃទី២០ ខែតុលា ដែលប្រទេសកម្ពុជា លែងមានអ្នកឆ្លងកូវីដ១៩ ទៀតហើយ។ យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ ដោយសម្តេចបញ្ជាក់ថា ទោះបីជាកូវីដ១៩ បានធូរស្បើយមែន តែកូវីដ គឺជាសត្រូវ ដែលយើងមើលមិនឃើញ និងត្រូវតែប្រុងប្រយ័ត្នជាប់ជានិច្ច។

៤-មន្ត្រីនាំពាក្យថា ការប្រឡងឌីប្លូម ប្រព្រឹត្តដោយរលូន

ដូចដែលបានគ្រោងទុក នៅដើមសប្តាហ៍នេះ ការប្រឡងឌីប្លូម បានធ្វើឡើងរយៈពេល ១ថ្ងៃកន្លះ ចាប់ពីថ្ងៃចន្ទ ទី២៤ ខែតុលា។ មន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ទិដ្ឋភាពជាទូទៅនៃការប្រឡងនេះ បានប្រព្រឹត្ត ដោយរលូន។ ការប្រឡងឌីប្លូម នាឆ្នាំ២០២២ នេះ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៧៤ ៧២៦ នាក់ មាន ១៧២៣មណ្ឌល ចែកចេញជា ៧៨១៦បន្ទប់។ តាមគម្រោង លទ្ធផល នៃការប្រឡងឌីប្លូមនេះ នឹងត្រូវប្រកាស នៅថ្ងៃទី១ ខែវិច្ឆិកា។

៥-សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់ស្រូវពូជ ជាង ៥១ម៉ឺនគីឡូក្រាម ជូនកសិករជាងប្រាំពាន់គ្រួសារ នៅខេត្តពោធិ៍សាត់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែតុលា បានអញ្ជើញប្រគល់ស្រូវពូជប្រមាណជាង ៥១ម៉ឺនគីឡូក្រាម ជូនកសិករជាង ៥ពាន់គ្រួសារ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តពោធិ៍សាត់។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា សម្ដេចនឹងនៅតែបន្តរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈបន្តទៀត ជាពិសេសនៅពេលដែលប្រជាពលរដ្ឋមានការលំបាក។

៦- សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធខេត្តកំពង់ឆ្នាំង

កាលពីរសៀលថ្ងៃទី២៥ ខែតុលា សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តកំពង់ឆ្នាំង។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ពេលជួបគ្រោះទឹកជំនន់នាពេលថ្មីៗនេះ ក៏ដូចជាការងារ ដែលអភិបាលខេត្តរៀបរាប់ខាងលើ ជាពិសេសការប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។

៧- រាជរដ្ឋាភិបាល បន្តបើកប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារកូវីដ ជុំទី១១ លើកទី១ ចាប់ពីថ្ងៃទី២៥តុលា ដល់ថ្ងៃទី២៤វិច្ឆិកា ឆ្នាំ២០២២

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាស ជូនដំណឹងពីកម្មវិធីបើកសាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលកូវីដ១៩ នៅជុំទី១១ លើកទី១ ចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ មានចំនួន ២៨លើក ដោយរាជរដ្ឋាភិបាល ចំណាយអស់ជាង ៨៣៧លានដុល្លារអាមេរិក។

៨-សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជ ជូនប្រជាពលរដ្ឋជាង ៣ពាន់គ្រួសារ នៅខេត្តកំពង់ឆ្នាំង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា បានអញ្ជើញចែកស្រូវពូជជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅខេត្តកំពង់ឆ្នាំង ចំនួនជាង ៣ពាន់គ្រួសារ។ ក្នុងវេទិកាជួបសួរសុខទុក្ខ សំណេះសំណាល និងដាក់ចេញគោលនយោបាយដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំ ងនៅថ្ងៃនេះ សម្ដេចនៅតែបន្តជំរុញឲ្យអាជ្ញាធររាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ជួយដល់ពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងលើកទឹកចិត្តឲ្យពលរដ្ឋប្រើប្រាស់ស្រូវពូជ ដែលរាជរដ្ឋាភិបាល ផ្ដល់ជូនពេលនេះ ដើម្បីស្ដារការខូចខាតដំណាំស្រូវរបស់ខ្លួនឡើងវិញ ជាជាងការពឹងផ្អែកទៅលើជំនួយ ដែលសម្ដេច ហ៊ុន សែន ចាត់ទុកថា ប្រើប្រាស់បានតែរយៈពេលខ្លីតែប៉ុណ្ណោះ។

៩- សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យគណបក្សភ្លើងទៀន បញ្ជាក់គោលជំហររបស់ខ្លួន ជុំវិញការប្រមាថអង្គព្រះមហាក្សត្រ ពីសំណាក់លោក សម រង្ស៊ី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងឱកាសចែកស្រូវពូជជូនដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅខេត្តកំពង់ឆ្នាំង នៅថ្ងៃនេះដដែល បានអំពាវនាវដល់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សភ្លើងទៀន ចេញមុខអះអាងបញ្ជាក់ពីគោលជំហររបស់ខ្លួន ថាតើការអះអាងរបស់លោកសមរង្ស៊ី ដែលប្រមាថចំពោះអង្គព្រះមហាក្សត្រនេះ ជារឿងត្រឹមត្រូវ ឬក៏យ៉ាងណា? សម្រាប់សម្ដេចតេជោ ការលើកឡើងរបស់លោកសមរង្ស៊ី ជាអំពើខុសច្បាប់ធ្ងន់ធ្ងរបំផុត ដែលមិនអាចអត់ឱនឱ្យបាន។ សម្ដេច ហ៊ុន សែន ក៏បានអំពាវនាវឲ្យអាជ្ញាធរកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងសកម្មជនគណបក្សនយោបាយដទៃផ្សេងទៀត ត្រៀមខ្លួនអនុវត្តវិធានការចាំបាច់ ដើម្បីប្រឆាំងទៅនឹងលោកសមរង្ស៊ី ដើម្បីការពាររបបរាជានិយម និងអង្គព្រះមហាក្សត្រ។

១០- កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនូវអំពើហិង្សា នៅមីយ៉ាន់ម៉ា

កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ នេះ បានចេញសេចក្តីថ្លែងការណ៍ បង្ហាញថា អាស៊ាន មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សា ក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ រួមទាំងការបំផ្ទុះគ្រាប់បែកនៅពន្ធនាគារ អ៊ិនសេន ការវាយប្រហារគ្នា ក្នុងរដ្ឋការ៉ែន និងសេចក្តីរាយការណ៍ថ្មីៗបំផុត ស្តីពី ការវាយប្រហារ តាមអាកាសនៅរដ្ឋកាជីន ចំលើទីប្រជុំជនស៊ីវិល ដែលបណ្តាលឲ្យមានអ្នករងរបួស និងស្លាប់ជាច្រើននាក់។ យើងមានក្តីសង្វេគជាពន់ពេកចំពោះកំណើនអ្នកស្លាប់ និងរបួសកាន់តែច្រើនឡើង និងការរងទុក្ខវេទនាដ៏ធំធេងរបស់ប្រជាជនសាមញ្ញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

១១-សម្តេចតេជោ ហ៊ុន សែន គ្រោងជួបប្រធានាធិបតីអ៊ុយក្រែន នាពេលខាងមុខ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសតាមរយៈ facebook page ផ្លូវការរបស់សម្ដេច នៅថ្ងៃទី២៧ ខែតុលាថា នៅប៉ុន្មានថ្ងៃខាងមុខនេះ សម្ដេចតេជោ អាចនឹងមានជំនួបតាមទូរសព្ទ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy)។ ជំនួបនេះ នឹងធ្វើឡើង ខណៈដែលរុស្ស៊ី បង្កើនការវាយប្រយុទ្ធនៅអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ នេះ។

១២- សម្តេចតេជោ ហ៊ុន សែន កោតសរសើរ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន

កាលពីព្រឹកថ្ងៃទី២៧ ខែតុលា សម្តេចតេជោ ហ៊ុន សែន បានប្រកាស កោតសរសើរ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលបានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសអ្នកទាំងឡាយណា ដែលមានចេតនាប្រមាថព្រះមហាក្សត្រ តាមការស្នើសុំរបស់សម្តេច កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅខេត្តកំពង់ឆ្នាំង។

១៣-គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៣ ដែលចំណាយជាង ៣៩លានលានរៀល ស្មើនឹងជាង ៩៤០០លានដុល្លារ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រ ទី២៨ ខែតុលា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់សំខាន់ចំនួន ៣ មានជាអាទិ៍ សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣, សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥។ សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ឬច្បាប់ថវិកាជាតិ ឆ្នាំ២០២៣ ត្រូវបានគ្រោងចំណាយជាង ៣៩លានលានរៀល ស្មើប្រមាណជាង ៩៤០០លានដុល្លារ។ ថវិកាជាតិ ឆ្នាំ២០២៣ កើនឡើង ១៣% ធៀបនឹងឆ្នាំ២០២២ ដោយសារតែនៅឆ្នាំក្រោយ កម្ពុជាត្រូវរៀបចំការបោះឆ្នោត និងរៀបចំការប្រកួតកីឡាស៊ីហ្គេម។

១៤-ថ្នាក់ដឹកនាំជាតិ និងប្រជារាស្រ្ត ថ្វាយព្រះពរព្រះមហាក្សត្រ នាឱកាសខួប ១៨ឆ្នាំនៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ គឺជាខួបលើកទី ១៨ឆ្នាំ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ដូចរៀងរាល់ឆ្នាំដែរ ក្រៅពីបានកំណត់ជាថ្ងៃបុណ្យជាតិ ទាំងថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងស្ថាប័នថ្នាក់ជាតិ និងអភិបាលរាជធានី ខេត្ត ព្រមទាំងប្រជារាស្រ្ត សុទ្ធតែបានផ្ញើសារលិខិតថ្វាយព្រះពរព្រះអង្គ ក្នុងឱកាសដ៏មហានក្ខត្តរិកនេះ។ ដោយឡែក នៅតាមក្រសួង ស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងតាមទីសាធារណៈនានា ក៏បានតាំងព្រះបរមឆាយាល័ក្ខណ៍ ទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ ដើម្បីអបអរព្រះរាជពិធី ដែលកំណត់ ជាថ្ងៃឈប់សម្រាកបុណ្យជាតិ នៅទូទាំងប្រទេសផងដែរ។

១៥-សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជិត ៧ពាន់គ្រួសារ នៅខេត្តកំពង់ធំ

ថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជប្រមាណ ៦៨៤.៤០០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋ ចំនួន ៦៨៤៤គ្រួសារ មកពី ៩ក្រុង ស្រុក ៤៨ឃុំ សង្កាត់ និង ២៩៨ភូមិ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តកំពង់ធំ។ នៅថ្ងៃទី៣០តុលា សម្តេចតេជោ ហ៊ុន សែន បន្តដំណើរទៅកាន់ខេត្តព្រៃវែង ដើម្បីផ្តល់ស្រូវពូជ និងគ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ នៅខេត្តព្រៃវែង។ កាលពីចុងសប្តាហ៍មុន និងបន្តដល់ដើមសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសួរសុខទុក្ខ ផ្តល់ស្បៀងអាហារ និងផ្តល់ស្រូវពូជដល់ប្រជាពលរដ្ឋ នៅខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ នៅតាមបណ្តាខេត្តទាំងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានជួបសំណេះសំណាលជាមួយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តនិមួយៗ ផងដែរ៕សរន