​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​ចំនួន​ពីរ​បាន​ផ្ទុះ​កាលពី​ថ្ងៃ​សៅរ៍​នៅ​ផ្លូវបំបែក​មួយ​ក្នុង​រដ្ឋធានី​មូ​ហ្កាឌី​ស៊ូ​របស់​ប្រទេ​សសូ​ម៉ាលី ដោយ​បណ្តាល​អោយ​ស្លាប់​និង​របួស​មនុស្ស​រាប់​​សិប​នាក់ រួម​មាន​កូនក្មេង​។ បុគ្គលិក​មន្ទីរពេទ្យ​ម្នាក់​បាន​រាប់​ឃើញ​អ្នកស្លាប់​ចំនួន​៣០​នាក់​ចំពេល​មាន​ការសង្ស័យ​ថា​វា​អាច​កើនឡើង​។​

​ការវាយប្រហារ​នៅ​ទីក្រុង​ម៉ូ​ហ្កាឌី​ស៊ូនេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ដែល​ប្រធានាធិបតី នាយករដ្ឋមន្ត្រី​និង​មន្ត្រី​ជាន់ខ្ពស់​ដទៃ​ទៀត​បា​ន​កំពុង​ជួបប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​កិច្ច​ខិតខំ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​​ជ្រុលនិយម​ហិង្សា ជាពិសេស​ប្រឆាំង​ក្រុម​អាល់​-​សា​បាប​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ភេរវកម្ម​អាល់ កៃ​ដា​ដែល​តែងតែ​វាយប្រហារ​រដ្ឋ​ធា​នៅ​សូ​ម៉ាលី​។​

​វា​បាន​កើតឡើង​ប្រាំ​ឆ្នាំ​ក្រោយ​ការផ្ទុះ​ធំ​មួយ​នៅ​តំបន់​ដដែល​ដែល​បាន​សម្លាប់​មនុស្ស​ជាង​៥០០​នាក់​។​

​នៅ​មិនទាន់​មាន​ក្រុមណាចេញ​មក​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការផ្ទុះ​នេះ​ទេ តែ​ក្រុម​អាល់​-​សា​បាប កម្រ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​សម្លាប់​ម​នុស្ស​ច្រើនៗ ដូច​កាលពី​ឆ្នាំ​២០១៧​ណាស់​។​ទោះជា​​យ៉ាងណា លោក​ប្រធានាធិបតី សេក ម៉ូ​ហាមូ​ត​( Sheikh Mohamud)​បាន​បន្ទោស​លើ​ក្រុម​អាល់​-​សា​បាប ដោយ​ហៅ​ការវាយប្រហារ​នេះ​ថា​ជា​«​អំពើ​ឃោរឃៅ​និង​កំសាក​»​។​

​សេវា​ឡានពេទ្យ​ក៏​បាន​បញ្ជាក់ថា មនុស្ស​ប្រមាណ​៣៥​នាក់​បាន​រងរបួស​។​
​ក្រុម​ជួយសង្គ្រោះ​ជួយ​អ្នក​រងរបួស​និងលើកសាកសពជនរងគ្រោះពី​កន្លែង​ផ្ទុះ​គ្រាប់បែក​នៅក្នុង​រដ្ឋធានី​មូ​ហ្កាឌី​ស៊ូ កាលពី​ថ្ងៃ​២៩​តុលា

​ក្នុងពេល​ជាមួយគ្នា សមាគម​អ្នកកាសែត​សូ​ម៉ាលី​បាន​និយាយថា អ្នកកាសែត​ម្នាក់​បាន​ស្លាប់​និង​ពីរ​នាក់​ទៀត​រងរបួស​ដោយ​ការផ្ទុះ​គ្រាប់បែក​ទី​ពីរ ក្នុងពេល​ពួកគេ​កំពុង​យក​ព័ត៌មាន​អំពី​ការ​ផ្ទុះ​ទីមួយ​៕