​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ដោយ​បន្ទោស​ការវាយប្រហារ​ដោយ​ដ្រូ​ន​អ៊ុយ​ក្រែន​លើ​នាវា​របស់​រុស្ស៊ី​នៅគ្រីម៉េ រុស្ស៊ី​កាលពី​ថ្ងៃ​សៅរ៍​បាន​ផ្អាក​ការចូលរួម​របស់​ខ្លួន​ក្នុង​កិច្ចព្រមព្រៀង​សំខាន់​មួយ​ដែល​បាន​​អនុញ្ញាត​អោយ​មាន​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​រាប់​លាន​តោន​ចេញពី​ប្រទេស​អ៊ុ​យក្រែន​។​

​រុស្ស៊ី​បានប្រកាស​ផ្អាក​កិច្ចសហការ​ដូច្នេះ​ក្រោយ​យោធា​របស់​ខ្លួន​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ទីក្រុង​គៀវ​ថា​«​ធ្វើ​ការវាយប្រហារ​ដោយ​ដ្រូ​ន​ទ្រង់ទ្រាយ​ធំ​»​មួយ​លើ​កង​នាវា​សមុទ្រ​ខ្មៅ​របស់​ខ្លួន តែ​អ៊ុ​យក្រែន​​បាន​ហៅ​វា​ជា​«​លេស​ក្លែងក្លាយ​»​មួយ និង​អង្គការ​សហប្រជាជាតិ​បាន​ទទូច​សុំ​អោយ​បន្ត​រក្សា​ទុក​កិច្ចព្រមព្រៀង​ដែល​ខ្លួន​បាន​ជួយ​សម្របសម្រួល​អោយមាន​ឡើង​នេះ​។​

​ប្រធានាធិបតី​អាម៉េរិក លោកចូ បៃ​ដិន បាន​ហៅ​វា​ថា​ជា​«​អំពើ​យង់ឃ្នង​ពេញទី​»​និង​ថា​វា​គ្រាន់តែ​«​បង្កើន​ការអត់ឃ្លាន​»​តែប៉ុណ្ណោះ​។​

​សូមបញ្ជាក់​ថា កិច្ចព្រមព្រៀង​ខែកក្កដា​ដើម្បី​បញ្ចេញ​គ្រាប់​ធញ្ញជាតិ​ព្រមទាំង​ជីគីមី​ដែល​ជាប់គាំង​នៅ​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​ត្រូវបាន​ចុះហត្ថលេខា​ដោយ​រុស្ស៊ី​និង​អ៊ុយ​ក្រែន​ក្រោម​ការសម្របសម្រួល​ដោយ​ទួ​ក​គី​​និង​អង្គការ​សហប្រជាជាតិ​។​វា​សំខាន់​ណាស់​សំរាប់​សម្រាល​វិបត្តិ​ស្បៀង​ពិភពលោក​ដែល​បង្កឡើង​ដោយ​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​

​កិច្ចព្រមព្រៀង​នេះ​បានអនុញ្ញាត​អោយ​មានកា​រ​នាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែន​ជាង​៩​លាន​តោន​រួចជាស្រេច ហើយ​វា​ត្រូវ​បន្ត​ជា​ថ្មី​នៅ​ថ្ងៃ​១៩​វិច្ឆិកា​ក្រោយ​អស់​សុពលភាព​។​

​ប្រភព​សន្តិសុខ​តួ​ក​គី​មួយ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា​រដ្ឋាភិបាល​ទីក្រុង​អង់កា​រ៉ា​(​តួ​ក​គី​)​មិន​ត្រូវ​បាន​ជូនដំណឹង​ផ្លូវការ​អំពី​ការផ្អាក​របស់​រុស្ស៊ី​ទេ​នៅ​ពេល​អ៊ុយ​ក្រែ​ន​និង​អង្គការ​សហ​ប្រជា​​ជាតិ​ទទូច​សុំ​អោយ​បន្ត​អនុវត្ត​កិច្ច​ព្រមព្រៀង​។​

​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី បាន​និយាយថា «​ខ្ញុំ​អំពាវនាវ​អោយ​រដ្ឋ​ទាំងអស់​ទាមទារ​អោយ​រុស្ស៊ី​បញ្ឈប់​ល្បែង​អត់ឃ្លាន​របស់ខ្លួន និង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​អោយ​ពេញលេញ​»​។​

​ចំណែក​ប្រធានាធិបតី​អ៊ុយ​ក្រែន​បាន​ហៅ​ចំណាត់កា​ររបស់​រុស្ស៊ី​ថា​ជា​«​ការបង្ហាញ​ចេតនា​យ៉ាង​ច្បាស់ក្រឡែត​របស់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូក្នុង​ការវិលទៅ​រក​ការគំ​រាម​អំពី​គ្រោះ​ទុរ្ភិក្ស​ទ្រង់ទ្រាយ​ធំ​ចាប់ពី​អាហ្វ្រិក​​ដល់​អាស៊ី​»​។​

​លោក​បាន​បន្តថា​«​ថ្ងៃនេះ ស្បៀង​ជា​ង​២​លាន​តោន​កំពុង​នៅ​ក្នុង​សមុទ្រ​។​នេះ​មានន័យថា ការទទួល​បាន​និង​ការរកបាន​ស្បៀង​ពិតជា​កាន់តែ​ពិបាក​ឡើង​សំរាប់​អ្នកប្រើប្រាស់​ជាង​៧​លាន​នាក់​»​។​

​ស្ទេ​ហ្វាន ឌុយ​ដា​រីក អ្នកនាំពាក្យ​របស់​អគ្គ​លេខា​អង្គការសហប្រជាជាតិ បាន​និយាយថា​«​វា​សំខាន់​ស្លាប់​រស់​ដែល​ភាគី​ទាំងអស់​អត់ធ្មត់​កុំ​ចាត់​វិធានការ​ណាមួយ​ដែល​នឹង​បំផ្លាញ​កិច្ចព្រមព្រៀង​”​គំនិត​ផ្តួច​​ផ្តើម​ធញ្ញជាតិ​សមុទ្រ​ខ្មៅ​” ដែល​ជា​ការងារ​មនុស្ស​ធម៌​សំខាន់​មួយ​»​។​

​សូមបញ្ជាក់​ថា ទីក្រុង​សេ​វ៉ា​ស្តូ​ប៉ូល​(Sevastopol)​ក្នុង​តំបន់​គ្រី​ម៉េ​ដែល​រុស្ស៊ី​ដាក់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន បាន​រង​ការវាយប្រហារ​ជាច្រើ​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ហើយ​វា​បំរើ​ជា​ទីស្នាក់ការ​សំរាប់​​កង​នា​សមុទ្រ​ខ្មៅ​រុស្ស៊ី ព្រមទាំង​ជា​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទិច​សំរាប់​ប្រតិបត្តិ​ការយោ​ធារុ​ស្ស៊ី​នៅ​អ៊ុ​យក្រែន​។​រុស្ស៊ី​បាន​អះអាង​ថា​ខ្លួន​បាន​បំផ្លាញ​ដ្រូ​ន​យ៉ាងតិច​ចំនួន​ប្រាំបួន​គ្រឿង​និង​យាន​វាយប្រហារ​តាម​សមុទ្រ​ចំ​​នួន​ប្រាំពីរ​ក្នុងការ​វាយប្រហារ​លើ​កំពង់ផែ​ក្នុង​ទីក្រុង​នេះ​កាលពី​ថ្ងៃ​សៅរ៍​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​តាមតេ​ឡេ​ក្រាម​ថា «​ក្នុងស្ថានភាព​ដែល​រុស្ស៊ី​រង​ការវាយប្រហារ​ភេរវកម្ម​ប្រព្រឹត្តឡើង​ដោយ​រដ្ឋាភិបាល​ទីក្រុង​គៀវ ដោយ​មាន​ការចូលរួម​ពី​ក្រុម​អ្នកជំនាញការ​អង់គ្លេស​​ប្រឆាំង​នាវា​របស់​កង​នាវា​សមុទ្រ​ខ្មៅ និង​នាវា​ស៊ីវិល​ពាក់ព័ន្ធ​នឹង​ការផ្តល់​សន្តិសុខសំរាប់​ផ្លូវ​ដឹកជញ្ជូន​ស្បៀង រុស្ស៊ី​សុំ​ផ្អាក​ការចូលរួម​អនុវត្ត​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការនាំ​ចេញ​កសិផល​ចេញ​ពី​បណ្តា​កំពង់ផែ​អ៊ុយ​​ក្រែន​»​។​

​កងកម្លាំង​រុស្ស៊ី​បាន​ចោទប្រកាន់​ថា អ្នកឯកទេស​អង់គ្លេស តាំង​នៅ​ទីក្រុង​អូ​ចា​គី​វ​(Ochakiv)​របស់​អ៊ុយ​ក្រែន​បាន​ជួយ​ត្រៀម​ប្រតិបត្តិការ​និង​បង្វឹក​ការវាយប្រហារ​ភេរវកម្ម​នេះ​។​រុស្ស៊ី​បាន​ចោទប្រកាន់​​បន្ថែមថា កងឯកភាព​អង់គ្លេស​ដដែល​នេះ​បាន​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​បំពង់​បង្ហូរ​ប្រេង​-​ហ្គាស​Nord Stream​កាលពី​ខែ​មុន​៕

​រុស្ស៊ី​បាន​អះអាង​ថា​ខ្លួន​បាន​បំផ្លាញ​ដ្រូ​ន​យ៉ាងតិច​ចំនួន​ប្រាំបួន​គ្រឿង​និង​យាន​វាយប្រហារ​តាម​សមុទ្រ​ចំនួន​ប្រាំពីរ​ក្នុងការ​វាយប្រហារ​លើ​កំពង់ផែ​ក្នុង​ទីក្រុង​នេះ​កាលពី​ថ្ងៃ​សៅរ៍​