​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ បានធ្វើ​ដំណើរ​លើ​កំណាត់ មហាវិថី​សហព័ន្ធរុស្ស៊ី ពិតជា​បានឃើញ​ពី​សកម្មភាព នៃ​ការជួសជុល​គ្រឹះ និង​អ៊ុត​កៅស៊ូ លើ​កំណាត់​ផ្លូវ ដ៏​សំខាន់​មួយ​នេះ សំខាន់​រដ្ឋបាល​រាជធានី​ភ្នំពេញ ជំរុញ​ការងារ​នេះ ឲ្យ​បាន​រួចរាល់ នៅមុន​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​នឹង​ប្រព្រឹត្តទៅ នា​ប៉ុន្មាន​ថ្ងៃ ខាងមុខនេះ ពោលគឺ​ឱ្យ​រួចរាល់ ត្រឹម​ថ្ងៃទី​៣ វិច្ឆិកា ខណៈដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​នេះ​ជាការ​បញ្ជាក់​របស់​ក្រុមការងារ​ជំនាញ ដែល​កំពុងដំណើរការ​ចាក់​កៅស៊ូ លើ​បណ្តោយ​ផ្លូវ​នេះ ទាំង​ថ្ងៃ ទាំងយប់ តាម​ការណែនាំ​របស់លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ ។​

​មន្ត្រី​ដដែល បាន​បញ្ជក់​ថាៈ ជានិច្ចកាល លោក ឃួ​ង ស្រេង តែង​បាន​ណែនាំ​ដល់​មន្ត្រី មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ឱ្យ​ចុះ​ពិនិត្យ​ផ្លូវ​ជាប់​ជាប្រចាំ ដើម្បី​បានឃើញ​ពី​ការខូចខាត​ផ្លូវ មួយចំនួន ក្រោយ​ទទួលរង​ការខូចខាត ដោយ​ទឹកភ្លៀង គឺ​ត្រូវ​ជួសជុល​កែលំអ​ឡើងវិញ កុំ​ចាំ​ឱ្យ​ខូចខាត​ខ្លាំង ទើប​ជួសជុល​នោះ​។​

​មន្ត្រី​ជំនាញ របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថាៈ កំណាត់​មហាវិថី សហព័ន្ធរុស្ស៊ី ដែល​ត្រូវ​អ៊ុត​កៅស៊ូ​បេ​ទី​មី​ណឺ​នេះ មាន​ប្រវែង ១១ គីឡូម៉ែត្រ និង ៦៨ ម៉ែត្រ ស្មើនឹង ៣៣២.៥៦៨ ម៉ែត្រការ៉េ ដោយ​ចាប់ពី​ស្តុ​ប BKC កែង​មហាវិថី ព្រះមុន្នីវង្ស ដល់​ស្ពាន​អាកាស​ចោមចៅ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​ក្រុមការងារ ក៏បាន​សុំ​ការយោគយល់ អធ្យាស្រ័យ​ពី​បងប្អូន​ប្រជាពលរដ្ឋ ដែល​បានធ្វើ​ដំណើរ​លើ កំណាត់​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងពេល​កំពុងមាន​ស​កម្ម​ភាព ចាក់​អ៊ុត​កៅស៊ូ​ផ្លូវ ដែល​បណ្តាល​ឲ្យ​កកស្ទះ​ចរាចរណ៍ ធ្វើឱ្យមាន​ការរំខាន​ខ្លះៗ ក្នុងការ​ធ្វើដំណើរ​។

សកម្មភាព​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ក្រោយ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ការដឹកនាំ​អនុវត្ត​ផ្ទា​ល់ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ទាំង​ការកែលំអ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ការកែលំអ សោភ័ណភាព បរិស្ថាន ដើម្បី​លើក​កំពស់​សម្រស់​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​ស្រស់បំព្រង ថែមទៀត ពិសេស​ឈានឆ្ពោះ ទៅកាន់​ការរៀបចំ កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ ពាក់ព័ន្ធ ឆ្នាំ​២០២២ នាពេល​ដ៏​ខ្លី​ខាងមុខនេះ នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា ការរៀបចំ ការប្រកួត​កីឡា​ស៊ី​ហ្កេ​ម និង​ប៉ា​រ៉ា​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ផងដែរ​៕/V​