​ដោយៈ គ្រី សម្បត្តិ / កណ្តាល​៖ រដ្ឋបាល​ខេត្តកណ្តាល រៀបចំ​ពិធី​ប្រណាំងទូក នៅ​សួនច្បារ មាត់ទន្លេ​បាសាក់ ក្រុង​តាខ្មៅ រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ២៩ ដល់​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ​២០២២ ដោយមាន​ប្រជា​ពលរ​ដ្ធ ភ្ញៀវ​ជាតិ​-​អន្តរជាតិ ចូលរួម យ៉ាងច្រើន​កុះករ ។​

​មន្ត្រី​សាលាខេត្ត​កណ្តាល បាន​ឲ្យ​ដឹងថាៈ ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ ក្នុង​ក្រុង​តាខ្មៅ មាន​ទូក​ចុះឈ្មោះ​ចូលរួម​ប្រណាំង សរុប​ចំនួន ៩២ ទូក ក្នុងនោះ ទូក​អុំ ចំនួន ៤៧ ទូក ទូក​ចែវ ចំនួន ៦ ទូក ទូក​ខ្នាត​អន្តរជាតិ​បុរស ចំនួន ៣៦ ទូក និង​ទូក​ខ្នាត​អន្តរជាតិ​នារី ចំនួន ៤ ទូក សរុប​ចំណុះ​ទូក ចំនួន ៤.៥០៦ នាក់ និង​មាន​កម្លាំង​ត្រៀម ចំនួន ៧៨៤ នាក់ ។​

​គួរ​បញ្ជាក់ថា ឆ្នាំ​២០២២ នេះ រដ្ឋបាល​ខេត្តកណ្តាល បានរៀបចំ​ប្រណាំងទូក នៅ​សួនច្បារ មាត់ទន្លេ​បាសាក់ ក្រុង​តាខ្មៅ រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ២៩ ដល់​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ​២០២២ ដើម្បី​បង្ក​បរិយាកាស​ទាក់ទាញ ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​កម្សាន្ត សប្បាយរីករាយ ដើម្បី​អបអរសាទរ ព្រះរាជ​ពិធី បុណ្យអុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​ប្រព្រឹត្តិ​ទៅ នាពេល​ខាងមុខនេះ​។​

​ជាមួយគ្នានេះ រដ្ឋបាល​ខេត្តកណ្ដាល បានរៀបចំ​ដាក់តាំង​ពិព័រណ៍ លក់​ផលិតផល ក្នុងស្រុក​ជាច្រើន​ប្រភេទ ដោយឡែក នៅពេល​រាត្រី និង​មាន​រៀបចំ​បណ្តែត​គោម លើ​ផ្ទៃ​ទឹក បាញ់​កាំជ្រួច និង​មាន​កម្មវិធី​ប្រគំ​តន្ត្រីសម័យ ដែលមាន​តារាចំរៀង​ល្បីៗ មកពី​ផលិតកម្ម (Galaxy) ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាមួយគ្នា​នោះ កម្លាំង​សមត្ថកិច្ច​ជាច្រើន ក៏បាន​ដាក់ពង្រាយ ដើម្បី​ការពារ​សុខ​សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ផងដែរ​៕/V