​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​បណ្តា​មេដឹកនាំ​អន្តរជាតិ​នៅ​ថ្ងៃអាទិត្យ​នេះ​បាន​សម្តែង​ការចូលរួម​មរណទុក្ខ​ក្រោយពី​ជនបរទេស​២២​នាក់​ទៅ​ពី​១២​ប្រទេស​បាន​ស្ថិត​ចំណោម​អ្នក​ស្លាប់​១៥១​នាក់​ក្នុងការ​​ប្រជ្រៀត​ដួល​ជាន់​លើ​គ្នា​នៅក្នុង​សង្កាត់​អ៊ីតេ​វ៉ុន​ក្នុង​ទីក្រុង​សេ​អ៊ូល​កាលពី​យប់​ថ្ងៃ​សៅរ៍​។​

​ទង់ជាតិ​កូរ៉េខាងត្បូង​ត្រូវ​បង្ហូត​ពាក់កណ្តាល​ដង​នៅ​អាគារ​សភាជាតិ​កាលពី​ថ្ងៃ​៣០​តុលា ក្រោយ​សោកនាដកម្ម​នៅ​សង្កាត់​អ៊ីតេ​វ៉ុន​ក្នុងក្រុង​សេ​អ៊ូល​

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក យូ​ន ស៊ុក​-​យ៉ូល​កាលពី​ថ្ងៃអាទិត្យ​បាន​ចុះ​ទៅ​កាន់​កន្លែងកើតហេតុ​និង​ប្រកាស​កាន់ទុក្ខ​ថ្នាក់ជាតិ​

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក យូ​ន ស៊ុក​-​យ៉ូល​កាលពី​ថ្ងៃអាទិត្យ​បានប្រកាស​ការកាន់ទុ​ក្ខ​ថ្នាក់ជាតិ​ចាប់ពី​ថ្ងៃ​៣០​តុលា​ដល់​០៥​វិច្ឆិកា​ក្រោយពី​ការ​ប្រជ្រៀត​និង​ដួល​លើ​គ្នា​ដល់​ថ្នាក់​ថប់ដង្ហើម​ស្លាប់​​ក្នុង​ពិធីបុណ្យ​ហា​ឡូ​វីន​នៅ​តំបន់​កម្សាន្ត​រាត្រី​ដ៏​តូចចង្អៀត​និង​ពេញនិយម​មួយ​ក្នុង​រដ្ឋធានី​។​

​ក្រសួង​ហិរញ្ញវត្ថុ​នៅ​ថ្ងៃនេះ​បាន​លុបចោល​សន្និសីទ​កាសែត​តាម​គំរោង​មួយ​ជាមួយ​សារព័ត៌មាន​បរទេស នៅ​ពេល​ពួក​មន្ត្រី​ប្រកាស​លុបចោល​ព្រឹត្តិការណ៍​នានា​រួមទាំង​ពិធី​អបអរ​បុណ្យ​ហា​ឡូ​វីន​និង​ព្រឹត្តិ​​ការណ៍​លក់​ផលិតផល​កូរ៉េ​ធំ​ផុត​បំផុត​មួយ​ផង​។​

​អាជ្ញាធរ​បាន​និយាយថា អ្នក​ដែល​ស្លាប់​កាលពី​យប់​ថ្ងៃ​សៅរ៍​រួមមាន​អ្នក​មក​ពី​ចិន អ៊ីរ៉ង់ រុស្ស៊ី អាម៉េរិក អូស្ត្រាលី អ៊ុយ​បេគី​ស្ថាន វៀត​ណាត កា​ហ្សាក់​ស្ថាន អូទ្រីស ស្រីលង្កា ថៃ​និងន័​រវ៉េ​ស​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​បាន​និយាយថា​ជនជាតិ​ចិន​បួន​នាក់​បាន​ស្ថិត​ចំណោម​អ្នកស្លាប់​។​

​យោង​តាម​ស៊ីន​ហួរ​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង ក្នុង​សារលិខិត​មួយ​បាន​មានប្រសាសន៍ថា «​តាង​នាម​រដ្ឋាភិបាល​និង​ប្រជាជន​ចិន ខ្ញុំ​សូម​សម្តែង​ការចូលរួម​មរណទុក្ខ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ជន​រង​​គ្រោះ​និង​ចូលរួម​សម្តែង​សមានចិត្ត​ដ៏​ស្មោះ​ដល់​ក្រុមគ្រួសារ​របស់​គេ រួមទាំង​អ្នករងរបួស​»​។​

​លោក​ស៊ី បាន​បន្តថា ឧបទ្ទវហេតុ​នេះ​ក៏​បណ្តាល​អោយ​ជនជាតិ​ចិន​រងរបួស​និង​ស្លាប់​ហើយ​សង្ឃឹមថា កូរ៉េខាងត្បូង​នឹង​ខិតខំ​ព្យាបាល​អ្នករបួស​និង​ដោះស្រាយ​បញ្ហា​ពេល​បន្ទាប់មក​។​

​ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិន និង​ជំទាវ​ទីមួយ ជី​ល បៃ​ដិ​នក៏បាន​ផ្ញើ​សារ​ចូលរួម​មរណទុក្ខ ដោយ​លោក​បាន​សរសេរថា​«​យើង​មាន​ទុក្ខសោក​ជាមួយ​ប្រជាជន​នៃ​សាធារណរដ្ឋ​កូរ៉េ និង​សូម​ផ្ញើ​ការ​​ជូនពរ​របស់​យើង​សូមអោយ​អ្នករងរបួស​ឆាប់​ជា​»​។​

​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក រី​ស៊ី ស៊ូ​ណាក់ បាន​សរសេរ​បង្ហោះ​ថា​« អារម្មណ៍​និង​ចិត្ត​គំនិត​របស់​យើង​ទាំងអស់​ឥឡូវ​នៅ​ជាមួយ​អ្នក​ឆ្លើយតប​និង​ប្រជាជន​កូរ៉េ​ខាងត្បូង​នៅ​ពេល​ដ៏​ទុក្ខសោក​ខ្លាំង​នេះ​»​។​

​ពលរដ្ឋន័​រវ៉េស​ម្នាក់ក៏​ត្រូវបាន​ប្រកាស​ថា​ស្លាប់​ក្នុង​ការដួល​សង្កត់​លើ​គ្នា​នេះ ហើយ​រដ្ឋមន្ត្រីការបរទេស​ន័​រវ៉េស​បាន​និយាយថា​« ខ្ញុំ​ខូចចិត្ត​ខ្លាំងណាស់​ចំពោះ​ដំណឹង​នៃ​ឧបទ្ទវហេតុ​ដ៏​រន្ធត់​ពាក់ព័ន្ធ​នឹង​ការ​​អបអរ​បុណ្យ​ហា​ឡូ​វីន​នៅ​ក្រុង​សេ​អ៊ូ​ល​។​ខ្ញុំ​សូម​សម្តែង​ការចូលរួម​មរណទុក្ខ​ដល់​ក្រុមគ្រួសារ​និង​មិត្ត​ភ័ក្តិ​ដែល​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់គេ​…»​។​

​នាយករដ្ឋមន្ត្រី​កាណាដា ក៏​បាន​សរសេរ​បង្ហោះ​ថា​« ខ្ញុំ​គិតថា​គ្រប់​ប៉ះពាល់​អារម្មណ៍​ពី​សោកនាដកម្ម​នេះ ។​ខ្ញុំ​ជូនពរ​អោយ​អ្នក​របួស​ឆាប់​ជា​..»៕