​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ បុគ្គលិក​ជួយសង្គ្រោះ​កាលពី​ថ្ងៃអាទិត្យ​បាន​ខិតខំ​ជួយ​អ្នកស្រុក​ដែល​ជាប់​ក្នុង​ទឹកជំនន់​នៅក្នុង​និង​ជុំវិញ​រដ្ឋធានី​ម៉ានីល​នៅពេល​ព្យុះ​ត្រូពិច​មួយ​ឈ្មោះ​ណាល់​ហ្កេ​(Nalgae)​បក់​ចេញពី​ប្រទេស​ក្រោយ​ពី​វា​បាន​សម្លាប់​មនុស្ស​យ៉ាងតិវ​៤៨​នាក់​(​ពីមុន​ថា​៧២​នាក់ តែ​ក្រោយមក​អាជ្ញាធរ​បាន​កែ​តំរូវ​មក​នៅត្រឹម​៤៨​នាក់​)​។​

​សង្កាត់​ជាច្រើន​នៅក្នុង​ទីប្រជុំជន​និង​ទីក្រុង​នៅក្រៅ​រដ្ឋធានី​ម៉ានីល​នៅតែ​ស្ថិតនៅក្រោម​ទឹក​ក្រោយ​ព្យុះ​វាយប្រហារ​កាត់​កោះ​លូ​ហ្សុន​កាលពី​យប់​ថ្ងៃសៅរ៍ ដោយ​កាត់ផ្តាច់​ចរន្តអគ្គិសនី​និង​បង្ក​ការខូចខាត​​ទូទៅ​។​

​បណ្តា​ទីប្រជុំជន​នៅ​ក្រៅ​ក្រុង​ម៉ានីល​ស្ថិត​នៅក្រោយ​ទឹក​កាលពី​ថ្ងៃអាទិត្យ​នៅពេល​ព្យុះ​ចាកចេញ​

​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិ​បាន​និយាយ​នៅ​ថ្ងៃអាទិត្យ​ទី​៣០​តុលា​នេះ​ថា ចំនួន​មនុស្ស​ស្លាប់​ពី​ឧបទ្ទវហេតុ​បង្កឡើង​ពី​ព្យុះ​រួម​មាន​ទឹកជំនន់ ការបា​ក់ដី​សង្កត់ រលំ​ដើមឈើ​និង​ផ្ទះ​សង្កត់​បាន​កើន​ឡើង​​ដល់​៤៨​នាក់ ភាគច្រើន​ស្លាប់​ដោយ​ទឹកជំនន់​និង​ការបា​ក់ដី​នៅលើ​កោះ​មីន​ដា​ណាវ​ភាគខាងត្បូង​កាលពី​ថ្ងៃ​សុក្រ​។​

​មនុស្ស​២២​នាក់​ទៀត​ក៏​កំពុង​បាត់​ខ្លួន​និង​៤០​នាក់​រងរបួស​ដោយសា​រ​ព្យុះ​។​

​សង្កាត់​ប៉ា​រ៉ា​ណាកេ​(Paranaque)​នៅ​ក្រៅ​ក្រុង​ម៉ានីល ពួក​អ្នក​ជួយ​សង្គ្រោះ​កាលពីយប់ថ្ងៃសៅរ៍រំលងចូលថ្ងៃអាទិត្យ​បាន​ហែល​កាត់​ទឹក​ជំរៅ​៣​ម៉ែត្រ​ដើម្បី​ទៅ​ដល់​មនុស្ស​ប្រមាណ​៦០​នាក់ រួម​មាន​កូន​ក្មេង​ដែល​ជាប់​លើ​ដំបូល​​ផ្ទុះ​។​ប្រធាន​ភូមិ​បាន​និយាយថា ពួកគេ​បាន​ស្រែកយំ​ទាំង​ភិតភ័យ ដោយសារ​គ្មាន​ផ្លូវ​គេចខ្លួន​ក្រោយ​ទឹកជំនន់​ឡើង​ភ្លាមៗ​។​

​វីដេអូ​របស់​ក្រុម​ជួយសង្គ្រោះ​បង្ហាញ​បុគ្គលិក​ជួយសង្គ្រោះ​ពាក់អាវ​ពោង​ការពារ​ខ្លួន ប្រើ​ខ្សែ​តោង​ដើម្បី​នាំ​ជនរងគ្រោះ​ចេញពី​ដំបូល​ផ្ទះហើយ​កូនក្មេង​ពាក់អាវ​ពោង​។​នៅ​ទីប្រជុំជន កា​វីត​(Kawit)​ក្បែរ​​នោះ​ សា​កសាព​ក្នុង​មឈូស​ពណ៌​ស​មួយបាន​អណ្តែត​នៅ​លើ​ផ្លូវ​ដែល​ជន់​លិច​។​ពួក​អ្នកស្រុក​និយាយ​ថា​ជំនន់​ទឹកភ្លៀង​កាលពី​ពេល​យប់​ទំនង​ជា​នាំ​មឈូស​នេះ​មកពី​កន្លែង​បញ្ចុះសព​ជិត​​នោះ​​។​

​កោះ​មីន​ដា​ណា​ភាគខាងត្បូង​ហ្វីលីពីន​រងគ្រោះ​ខ្លាំង​ពី​ទឹកជំនន់​និង​ការបា​ក់ដី​បង្កឡើង​ដោយ​ព្យុះ​ណាល់​ហ្កេ​

​ព្យុះ​ណាល់​ហ្កេ​ឥឡូវ​បាន​ថយកំលាំង​និង​ធ្វើ​ដំណើរ​ចូល​សមុទ្រ​ចិន​ខាងត្បូង​។​ឥឡូវ​ចិន ហុងកុង វៀតណាម​និង​ជប៉ុន​កំពុង​តាមដាន​ដំណើរ​របស់​វា​ខណៈ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​វា​ស្ថិតនៅ​ចម្ងាយ​៥៨០​គីឡូម៉ែត្រ​ខាងកើត​​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​៕

​វៀតណាម​កំពុង​តាមដាន​ដំណើរ​ព្យុះ​ណាល់​ហ្គេ​នៅ​សមុទ្រចិន​ខាងត្បូង​