ដោយៈ​មុនីរ័ត្ន/ភ្នំពេញៈ​ គណបក្សខ្មែររួបរួមជាតិ​ បានធ្វេីសមាជវិសាមញ្ញស្តីពីការបញ្ចូលគ្នាវាងគណបក្សខ្មែររួបរួមជាតិ​ និងគណបក្សកម្ពុជានិយម​ ឲ្យទៅជាគណបក្សតែមួយ​ កាលពីព្រឹកថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០២២​ ដេីម្បីជាការត្រៀមលក្ខណៈចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ​ នីតិកាលទី៧​ ឆ្នាំ២០២៣​ ខាងមុខនេះ។

អង្គសមាជបានជ្រេីសតាំងលោក​យ៉ែម​ បុញ្ញឫទ្ធិ​ (ប្រធានគណបក្សកម្ពុជានិយម)​ ,​ លោកសុខ​ វិសាល​ (ខ្មែររួបរួមជាតិ)​,​ ​លោក​ ហេង​ ចន្ថា​ (ហ៊្វុនស៊ិនប៉ិច)​ ​ជាអនុប្រធានគណបក្សខ្មែររួបរួមជាតិ​ ។

អង្គសមាជក៏បានជ្រេីសតាំងលោកស៊ឹង​ រ៉េត​ ជ្រេីសតាំងជាអគ្គលេខាធិការគណបក្សខ្មែររួបរួមជាតិ​ (កូតាមកពីគណបក្សកម្ពុជានិយម)។

លោកញឹក​ ប៊ុនឆៃ​ ប្រធានគណបក្សខ្មែររួបរួមជាតិ​ បានមានប្រសាសន៍ថា​ នៅក្នុងអង្គសមាជវិសាមញ្ញ​នេះ​ គឺមានសមាជិក​ សមាជិកា​ គណបក្សនយោបាយមួយចំនួនមកចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ​ មានដូចជា​ គណបក្សហ៊្វុនស៊ិនប៉ិច​ គណបក្សខ្មែរស្រឡាញ់ជាតិ​ គណបក្សខ្មែរក្រោក​ គណបក្សរស្មីខេមរា​ និងគណបក្សខ្មែរអភិរក្ស។ ហេីយក៏មានគណបក្សនយោបាយមួយចំនួនទៀត​ ក៏បានសូមមកចូលរួមជាមួយគណបក្សខ្មែររួបរួមផងដែរ​ ប៉ុន្តែមិនទាន់អាចប្រាប់ឈ្មោះគណបក្សទាំងនោះបានទេ​ ដោយថ្នាក់ដឹកនាំកំពុងតែជជែកគ្នា។

លោកបានបន្តថា​ ថ្ងៃនេះជាទិវាដ៏ឧត្តុង្គឧត្តម និងជាទិវាប្រវត្តិសាស្ត្រថ្មីមួយ ដែលគណបក្សយើងទាំងពីរ គឺគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម រួមជាមួយក្រុមគណបក្សនយោបាយនានា បានសម្រេចចិត្តជាឯកច្ឆន្ទ ធ្វើការរួបរួមគ្នាជាគណបក្សតែមួយ ជាកម្លាំងមហាសាមគ្គី ជាកម្លាំងប្រជាធិបតេយ្យ ក្នុងគោលបំណង បង្កើតប៉ូល នយោបាយប្រជាធិបតេយ្យសេរីថ្មីមួយ កណ្ដាលនិយម អព្យាក្រឹត្យ និងតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទី ក្រុងប៉ារីស៍ ស្តីពីកម្ពុជា ២៣តុលា១៩៩១។ គោលការណ៍ប្រជាធិបតេយ្យ សិទ្ធិសេរីភាព នីតិរដ្ឋ គោរពសិទ្ធិ មនុស្ស ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងការកសាងសង្គមជឿនលឿនស៊ីវិល័យថ្លៃថ្នូរមួយ មាន ការអភិវឌ្ឍន៍រីកចម្រើន យុត្តិធម៌សង្គម គឺជាគោលដៅរបស់គណបក្សខ្មែររួបរួមជាតិ។

លោកបន្តថា​ ក្នុងនាមថ្នាក់ដឹកនាំគណបក្សទាំងពីរ (លោកយ៉ែម​ បុញ្ញឫទ្ធិ និងលោកញឹក​ ប៊ុនឆៃ) បានយល់ឃើញស្របគ្នាថា ការរួបរួមគ្នារវាងគណបក្សយើងទាំងពីរ និងក្រុមគណបក្សនយោបាយនានា បង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មីនេះ គឺបើកទូលាយ និងជំរុញលើកទឹកចិត្តឱ្យ យុវជន យុវនារី-ស្ត្រី បាន ចូលរួមក្នុងនយោបាយ សេដ្ឋកិច្ច និងសង្គម ត្រៀមលក្ខណៈបន្តវេន។ ការរួបរួមនៃគណបក្សយើងទាំងពីរ និងក្រុមគណបក្សនយោបាយនានា គឺនៅមានការងារសំខាន់ៗជាច្រើន ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់គណបក្សខ្មែររួបរួមជាតិ ត្រូវពិភាក្សា រៀបចំ និងកសាងពង្រឹងកម្លាំងរចនាសម្ព័ន្ធមូលដ្ឋាន ពង្រឹងគោលជំហរ ស្មារតីជាតិនិយម ដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាចម្បង។

ជាមួយគ្នានេះ​ លោកញឹក​ ប៊ុនឆៃ​ បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ឋានានុក្រម នៃគណបក្សខ្មែររួបរួមជាតិ ជាពិសេសថ្នាក់ដឹកនាំ មូលដ្ឋាន សូមបើកទស្សនៈឱ្យទូលាយ បើកចិត្តឱ្យទូលាយ រួបរួមគ្នាបំពេញការងារដោយសកម្ម ធ្វើដំណើរឆ្ពោះ ទៅមូលដ្ឋានដើម្បីផ្សព្វផ្សាយពីគោលការណ៍ គោលនយោបាយ ទស្សនៈ ចក្ខុវិស័យ ឈានឆ្ពោះទៅគោលដៅ។

សូមជម្រាបថា​ កាលពីថ្ងៃទី១០ ខែតុលា​ ឆ្នាំ២០២២​ ថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម រួមទាំងមន្ត្រីជាន់ខ្ពស់ នៃគណបក្សទាំងពីរ ជួបពិភាក្សាគ្នា ដើម្បីស្វែងរកការសម្រេចរួមឈានទៅបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មីមួយ។ ជំនួបនេះ គឺរវាងលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ជាមួយលោកយ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម៕សរន