វើ​ល​ខាប់ ៖ បែលហ្ស៊ិក​ផ្តួល​ជប៉ុន ៣-២ ចុង​ម៉ោង ដើម្បី​ឡើងទៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​

891
ចែករម្លែក

​កីឡាករ វើ​ថុង​ហ្គិ​ន បានចាប់ផ្តើម​គ្រាប់​បាល់​តាម​ពីក្រោយ​របស់​បែលហ្ស៊ិក​ជាមួយនឹង​ការ​តែ​ត​កោង​មួយ​ក្បាល​ចូល​សំណាញ់​ទី​របស់​ជប៉ុន ហើយ​កីឡាករ ណេ​សឺ ឆាត​លី ជា​អ្នក​បង្ហើយ​មួយ​គ្រាប់​នៅ ១០ វិនាទី​ចុងក្រោយ​ដើម្បី​បញ្ចប់​សព្វគ្រប់​នូវ​ការប្រកួត​កាលពី​យប់​ថ្ងៃ​ចន្ទ ទី​២​កក្កដា​។​

​គ្រាប់​បាល់​ចុង​ម៉ោង​នេះ​បាន​ជួយ​ឱ្យ​បែលហ្ស៊ិក​ឈ្នះ​ជប៉ុន ៣-២ ដើម្បី​ឡើងទៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​នៃ​ការប្រកួត​វើ​ល​ខាប់​។​

​បន្ទាប់ពី​ជប៉ុន​នាំមុខ​មុន ២-០ វើ​ថុង​ហ្គិ​ន​បានតែ​ត​បញ្ជូន​បាល់​តែ​កោង​ចូល​ទី​ជប៉ុន​នៅ​នាទី​ទី ៦៩​។ កីឡាករ ម៉ា​រូ​ណេ ហ្វេ​ឡាយ​នី ដែល​ទើប​ប្តូរ​ចូល បានតែ​ត​តាម​ស្មើ​នៅ​នាទី​ទី ៧៤ ពី​ការបញ្ជូន​បាល់​ដ៏​ល្អ​ពី​កីឡាករ​អេ​ឌិន ហា​ហ្សា​ដ​។​

​ឆាត​លី ដែល​ប្តូរ​ចូល​នៅ​នាទី​ទី ៦៥ បាន​ទម្លាយ​សំណាញ់​ជប៉ុន​នៅ​នាទី​ទី ៤ នៃ​ម៉ោង​បង្គ្រប់​។​

​បែលហ្ស៊ិក​គឺជា​ក្រុមទី ១ ដែល​អាច​វាយបក​ឈ្នះ​វិញ​បន្ទាប់ពី​គេ​នាំ​មុខមុន ២ គ្រាប់​នៅក្នុង​ការប្រកួត​វើ​ល​ខាប់ ចាប់តាំងពី​អាល្លឺម៉ង់​ខាងលិច​បាន​ផ្តួល​អង់គ្លេស​ក្នុង​ម៉ោង​បន្ថែម​នៅក្នុង​ការប្រកួត​ឆ្នាំ ១៩៧០​។ ក្រុម​ចុងក្រោយ​ដែល​ធ្វើបាន​ដូច្នេះ​ដែរ គឺ​នៅពេល​ព័រ​ទុយ​ហ្គា​ល់​ផ្តួល​កូរ៉េខាងជើង​នៅក្នុង​ការប្រកួត​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ឆ្នាំ ១៩៦៦​។​

​លោក រ៉ូ​បឺ​តូ ម៉ា​ទីណេស គ្រូបង្វឹក​បែលហ្ស៊ិក​បាន​និយាយថា “​វា​ជាការ​ធ្វើតេស្ត​ចរិតលក្ខណៈ​របស់​ក្រុម​។ វា​ជាការ​ធ្វើតេស្ត​ក្រុម​ទាំងមូល​។ អ្នក​ត្រូវតែ​មើល​ពី​របៀប​ដែល​កីឡាករ​បម្រុង​បញ្ចេញ​ប្រតិកម្ម និង​ក្រុម​ទាំងមូល​មានប្រតិកម្ម​យ៉ាងម៉េច​”​។​

​បែលហ្ស៊ិក​នឹងត្រូវ​ជួប​ជាមួយ​ម្ចាស់​ជើងឯក​ពិភពលោក ៥ សម័យកាល​ប្រេ​ស៊ី​ល​ក្នុង​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​សុក្រ​ខាងមុខ​នៅ​ទីក្រុង​កា​ហ្សា​ន​៕ ដោយ៖ កញ្ញាដាលីស

បែលហ្ស៊ិក​តាម​វាយបក​រហូត​ឈ្នះ​ជប៉ុន​វិញ ៣-២ កាលពី​យប់​ថ្ងៃ​ចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម