ដោយៈមុនីរ័ត្ន/ភ្នំពេញ៖សហគ្រាសអាជីវកម្មគឺជាកោសិកាសំខាន់នៃវិស័យឯកជនហើយវិស័យឯកជនជាកោសិកាសំខាន់នៃសេដ្ឋកិច្ចជាតិ។ ដូច្នេះ គោលដៅសំខាន់នៃការលើកកម្ពស់សេដ្ឋកិច្ចជាតិ គឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍរីកចម្រើនប្រកបដោយសមធម៌ ដែលអាចធានាបាននូវលំនឹងស្ថិរភាពនៃសង្គមជាតិ។ ក្នុងនេះ មីក្រូសហគ្រាសសហគ្រាសធុនតូចនិងមធ្យមគឺជាមូលដ្ឋានសំខាន់ហើយគឺជាអាទិភាពចម្បងសម្រាប់ពង្រឹងការរីកចម្រើនបច្ចុប្បន្ន និងទៅអនាគត។ ដូច្នេះហើយ ការជួយជំរុញមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យមគឺជាគោលដៅ អាទិភាពក្នុងការបង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ ហើយបន្តជំរុញជាប្រចាំ។

នេះជាការបញ្ជាក់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែតក្នុងកម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2022 នៅសណ្ឋាគារសុខា រាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថាពិតណាស់ការពង្រឹងកំណើនសេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើនប្រកបដោយ​​ចីរភាព ភាពធន់ និងនិន្តរភាព គឺទាមទារឱ្យមានការចូលរួមមិនអាចខ្វះបានពីសហគ្រិនគ្រប់វិស័យដូចដែល ទស្សនៈរបស់លោកបណ្ឌិត អោម សេងបូរ៉ាដែលបានលើកឡើងថា៖សហគ្រិនគឺជាបុគ្គលស្នេហាជាតិដែលមានបេសកកម្មឧត្ដុង្គឧត្តមក្នុងការកសាង និងអភិវឌ្ឍជាតិលើគ្រប់វិស័យ តាមរយៈការចូលរួមផ្គត់ផ្គង់ផលិតផលនិងសេវាកម្ម សំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គម, ការបង្កើតការងារជូនប្រជាពលរដ្ឋ និងការកសាងធនធានមនុស្ស និងការបង្កើនចំណូលថវិកាជាតិតាមរយៈការបង់ពន្ធជូនរដ្ឋ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអំពាវនាវដល់សហគ្រិនកម្ពុជាទាំងអស់បន្តជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការជួយ សហគ្រិនទាំងអស់តាមរយៈបង្កលក្ខណៈឱ្យមានបរិយាកាសប្រកួតប្រជែងនិងចូលរួមទាំងអស់គ្នាក្នុងទីផ្សាសេរីប្រកបដោយតម្លាភាពនិងទេពកោសល្យរៀងៗខ្លួន។ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលក៏បន្តខិតខំប្រឹងប្រែងក្នុងការរិះរកគ្រប់មធ្យោបាយក្នុងការសិក្សាស្រាវ​ជ្រាវ ដើម្បីរៀបចំការតម្រង់ទិសជាក់លាក់ ទាំងលើការពង្រឹង និងអភិវឌ្ឍធនធានមនុស្សជាពិសេសការ បណ្តុះបណ្តាលកម្រិតចំណេះទូទៅនិងបច្ចេកទេសវិជ្ជាជីវៈ(TVET)រួមទាំងការស្វែងរកទីផ្សាសម្រាប់ផលិតផលរបស់កម្ពុជានៅបរទេស។

លោកបណ្ឌិតក៏បានកោតសរសើរដល់សហគ្រិនកម្ពុជាទាំងអស់ដែលបានចូលរួមលើកស្ទួយកេរ្តិ៍ឈ្មោះរបស់ប្រទេសយើងតាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជករនិងវិនិយោគិនអន្តរជាតិនិងការបង្ហាញអំពីចំណុចវិជ្ជមានប្រកបដោយសក្តានុពលរបស់កម្ពុជានិងការចូលរួមទាក់ទាញវិនិយោគទុនផ្ទាល់ពីបរទេសជាពិសេសការណែនាំឱ្យមិត្តបរទេសបានស្គាល់, គោរព, និងផ្តល់តម្លៃចំពោះប្រទេសកម្ពុជា។
លោកបណ្ឌិតបានហៅសកម្មភាពទាំងនេះគឺជាការចូលចំណែកមួយដ៏សំខាន់ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល នៅក្នុងបេសកកម្មនៃការនាំប្រទេសកម្ពុជាទៅកាន់ពិភពលោក, ការធ្វើឱ្យពិភពលោកស្គាល់ច្បាស់ពីកម្ពុជា និងការលើកកម្ពស់​សហគ្រិន​ភាពកម្ពុជា ដើម្បីលើកស្ទួយកិត្យានុភាពជាតិ, ធានាបាននូវភាពប្រកួតប្រជែង, រក្សាបាននូវស្ថិរភាពម៉ាក្រូ និងជំរុញកំណើនសេដ្ឋកិច្ចជាតិនៅក្នុងកម្រិតតំបន់ និងសកល៕សរន