​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,​ស្ត្រេត​ថែមស៍​)៖​មនុស្ស​យ៉ាង​ហោច​ណាស់​១២០​នាក់​បាន​ស្លាប់​គិតត្រឹមព្រឹកថ្ងៃចន្ទទី៣១តុលា បន្ទាប់ពី​ស្ពាន​សម័យ​អាណានិគម​ចំណាស់​ជិត​១៥០​ឆ្នាំ​មួយ​បាន​បាក់​បញ្ជូន​មនុស្ស​រាប់​សិប​នាក់​​ចូល​ក្នុង​ទន្លេ​។​វាជាការបង្កើនចំនួនជនរងគ្រោះដល់ជីវិតពី៨០នាក់ដែលត្រូវបានរាយការណ៍កាលពីយប់ថ្ងៃអាទិត្យ។

​សារព័ត៌មាន​ឥណ្ឌា​បាន​និយាយថា កុមារ​ស្ថិត​ចំណោម​អ្នក​ស្លាប់​និង​របួស​ក្នុង​ឧបទ្ទវហេតុ​បាក់​ស្ពាន​កាលពី​យប់​ថ្ងៃអាទិត្យ​នៅ​រដ្ឋ​ហ្គូ​ចា​រ៉ា​ត​( Gujarat)​ភាគ​ខាងលិច​ប្រទេស​នេះ​។​

​វេជ្ជបណ្ឌិត អា​ទុល ប្រា​ចា​ប៉ា​ទី​( Atul Prajapati) មន្ត្រី​នៅ​មន្ទីរពេទ្យ​មួយ​ក្បែរ​កន្លែងកើតហេតុ​បាន​និយាយកាលពីពេលកើតហេតុការណ៍ភ្លាមថា​«​យើង​បាន​រាប់​ឃើញ​សាកសព​៨១​និង​ដំណើរការ​ធ្វើ​បុណ្យ​សព​បា​ន​ចាប់ផ្តើម​។​ម​នុ​​ស្ស​រាប់សិប​នាក់​ទៀត​ក៏​រងរបួស​ផងដែរ​»​។​

​គេ​ថា មនុស្ស​ប្រមាណ​៤០០​នាក់​បាន​ស្ថិតនៅលើ​និង​ជុំវិញ​ស្ពាន​ចាស់​នេះ​ពេល​វា​បាក់​។​​រដ្ឋមន្ត្រី​មហាផ្ទៃ​ប្រចាំ​រដ្ឋ​លោក ហាស សាង​ហា​វី​(Harsh Sanghavi)​បាន​និយាយថា មនុស្ស​ជាង​១៥០​នាក់​បាន​ស្ថិតនៅលើ​ស្ពាន​លើ​ទន្លេ​ម៉ា​ឈូ​(Machhu)​ក្នុង​ទី​ប្រជុំជនម័រ​ប៊ី​(Morbi)​ពេល​វា​បាក់​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​PTI​របស់​ឥណ្ឌា​បាន​ស្រង់​សម្តី​មន្ត្រី​ដែល​បាន​និយាយ​ថា​ស្ពាន​នេះ​បាន​បាក់​ដោយសារ​វា​មិន​អាច​ទ្រ​ទម្ងន់​មនុស្ស​នៅ​លើ​វា​។​

​រូបភាព​ទូរទស្សន៍​បាន​បង្ហាញ​មនុស្ស​រាប់​សិប​នាក់​តោង​ខ្សែ​យោង​របស់​ស្ពាន​ដែល​បាក់​នៅពេល​ក្រុម​ជួយសង្គ្រោះ​ខិតខំ​ជួយ​ពួកគេ​ឡើងគោក​។​ជនរងគ្រោះ​ខ្លះទៀត​ខំ​តោង​ឡើង​សំណង់​ស្ពាន​ដែល​បាក់​​និង​ខ្លះទៀត​ហែល​ឡើង​មក​កាន់​ច្រាំង​។​

​លោក​ប្រា​ទី​ក វ៉ា​សាវ៉ា​(Prateek Vasava)​ដែល​បាន​ហែល​មក​កាន់​ច្រាំង​ក្រោយ​ធ្លាក់​ចូល​ក្នុង​ទឹកទន្លេ បាន​ប្រាប់​ទូរទស្សន៍​ថា លោក​បាន​ឃើញ​កូន​ក្មេង​ជាច្រើន​ធ្លាក់​ចូល​ក្នុង​ទន្លេ​។​«​ខ្ញុំ​ចង់​ទាញ​នាំ​​ពួកគេ​មក​ជាមួយ​ដែរ តែ​ពួកគេ​បាន​លិច​ក្នុង​ទឹក​ឬ​ត្រូវ​ទឹក​ហូរ​នាំយកទៅ​»​។​

​លោក​ថា ការបាក់​ស្ពាន់​នេះ​កើតឡើង​តែ​ប៉ុន្មាន​វិនាទី​។​

​សាក្សី​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា «​មនុស្ស​ជាច្រើន​មក​ទី​នេះ​ដើម្បី​មើល​និង​ចូលរួម​បុណ្យ​ឌី​វ៉ា​លី​(Diwali)​នៅ​ចុង​សប្តាហ៍ និង​វា​ក៏​ជា​កន្លែង​ទេសចរណ៍​ពេញនិយម​មួយ​ដែរ​។​ពេល​វា​បាក់ មនុស្ស​បាន​​ធ្លាក់​លើ​គ្នា​»​។​

​ស្ពាន​ប្រវែង​២៣០​ម៉ែត្រ​នេះ​ត្រូវបាន​សាងសង់​ឡើង​ក្នុង​សម័យ​អាណានិគម​អង់គ្លេស​ក្នុង​សតវត្សរ៍​១៩​។​វា​ត្រូវ​បាន​បិទ​ការធ្វើ​ចរាចរណ៍​ដើម្បី​ជួសជុល​អស់​៦​ខែ​និង​ទើប​បើក​អោយធ្វើ​ចរាចរណ៍​វិញ​កាល​ពី​ស​ប្តា​​ហ៍មុន​។​

​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី ណា​រ៉េ​នដ្រា ម៉ូ​ឌី ដែល​ស្រុកកំណើត​របស់​លោក​ក៏​នៅ​រដ្ឋ​ហ្គូ​ចា​រ៉ា​ត បាន​និយាយថា​លោក​បាន​បញ្ជា​អោយ​អភិបាលរដ្ឋ​កេណ្ឌ​ប្រមូល​ក្រុម​ជួយ​សង្គ្រោះ​ជា​បន្ទាប់​សំរាប់​ប្រតិ​​បត្តិការ​ជួយសង្គ្រោះ​ ហើយ​គ្រួសារ​ដែល​បាត់បង់​សមាជិក​ពី​ការបាក់​ស្ពាន​នេះ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​៦០០.០០០​រូ​ពី​(៧.២៧៦​ដុល្លារ​)​ពី​រដ្ឋាភិបាល​រដ្ឋ​និង​សហព័ន្ធ​៕

​មនុស្ស​ចោល​រោម​មើល​ការបាក់​ស្ពាន​ចាស់​ប្រវែង​២៣០​ម៉ែត្រ​កាលពី​យប់​ថ្ងៃអាទិត្យ​

ជនរងគ្រោះ​ខ្លះទៀត​ខំ​តោង​ឡើង​សំណង់​ស្ពាន​ដែល​បាក់