​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អាជ្ញាធរ​រៀបចំ​ការបោះឆ្នោត​របស់​ប្រេ​ស៊ីល​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៣០​តុលា​ថា លោក ល្វីស អ៊ី​ណា​ស៊ី​អូ លូ​ឡា ដា ស៊ី​ល​វ៉ា (Luiz Inacio Lula da Silva) នៃ​គណបក្ស​កម្មករ​ឆ្វេងនិយម​បាន​យកឈ្នះ​លោក ជែរ បូល​សូ​ណារ៉ូ (Jair Bolsonaro) ដើម្បី​ក្លាយជា​ប្រធានាធិបតី​បន្ទាប់​របស់​ប្រទេស​នេះ​។​

​ជាមួយនឹង​សន្លឹកឆ្នោត​សរុប​រាប់​ហើយ ៩៨,៨ ភាគរយ លោក​ដា​ស៊ី​ល​វ៉ា​មាន​សំឡេង ៥០,៨ ភាគរយ និង​លោក​បូល​សូ​ណារ៉ូ​មាន ៤៩,២ ភាគរយ ហើយ​អាជ្ញាធរ​រៀបចំ​ការបោះឆ្នោត​បាន​និយាយ​ថា​ជ័យជម្នះ​​របស់​លោក​ដា​ស៊ី​ល​វ៉ា​គឺ​ច្បាស់លាស់​ណាស់​បើ​គិត​តាម​គណិតវិទ្យា​។​

​លោក​ដា​ស៊ី​ល​វ៉ា ដែល​ធ្លាប់​ធ្វើជា​ប្រធានាធិបតី​ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០១០ បាន​សន្យាថា​នឹង​ស្តារឡើងវិញ​នូវ​អតីតកាល​ដ៏​រុងរឿង​របស់​ប្រេ​ស៊ីល​ប៉ុន្តែ​ឥឡូវ​កំពុង​ប្រឈម​នឹង​ព្យុះ​ពី​គ្រប់​ទិស​នៅក្នុង​សង្គម​​ដែល​បែកបាក់​។​

​វា​ជា​ការវិល​ត្រឡប់​មក​វិញ​ដ៏​គួរឱ្យ​ភ្ញាក់ផ្អើល​សម្រាប់​លោក​ដា​ស៊ី​ល​វ៉ា​អាយុ ៧៧ ឆ្នាំ​ដែល​ការ​ជាប់​ពន្ធនាគារ​ឆ្នាំ ២០១៨ របស់​គាត់​ជុំវិញ​រឿងអាស្រូវ​ពុករលួយ​បាន​រារាំង​គាត់​ពី​ការបោះឆ្នោត​នៅ​ឆ្នាំ​នោះ ដោយ​បើកផ្លូវ​ឱ្យ​លោក​បូល​សូ​ណារ៉ូ​ឈ្នះ​ឆ្នោត​និង​ឱ្យ​ពួក​នយោបាយ​ស្តាំនិយម​ជ្រុល​កាន់អំណាច​អស់​បួន​ឆ្នាំ​។​

​ជ័យជម្នះ​របស់​លោក​គឺ​ជា​ការកត់សម្គាល់​លើក​ទី​មួយ​ចាប់តាំងពី​ឆ្នាំ ១៩៨៥ នៃ​ការ​ត្រឡប់​មក​កាន់​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រេ​ស៊ីល ដែល​ប្រធានាធិបតី​កំពុងកាន់​អំណាច​ខកខាន​ឈ្នះ​ការបោះឆ្នោត​ឡើងវិញ​។ ពិធី​សម្ពោធ​កាន់​តំណែង​របស់​លោក​គ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ១ ខែ​មករា​៕

​លោក​ដា​ស៊ី​ល​វ៉ា (​ឆ្វេង​) ផ្តួល​លោក​បូល​សូ​ណារ៉ូ (ស្តាំ)ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ប្រេ​ស៊ីល​ជុំ​ទី​ពីរ​កាលពី​ថ្ងៃអាទិត្យ​