​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទូរទស្សន៍ ABC​បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​ទី​៣១​តុលា​នេះ​ថា សហរដ្ឋ​អាម៉េរិក​គ្រោង​នឹង​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52​ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែ​រ​​រហូត​ដល់​ប្រាំ​មួយគ្រឿង​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស​នៅ​ដែនដី​ខាងជើង​របស់​អូស្ត្រាលី ជា​ចំណាត់ការ​មួយ ដែល​ច្បាស់​ជា​បង្ក​ឱ្យមាន​ភាព​តានតឹង​បន្ថែមទៀត​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​កម្មវិធី Four Corners​របស់​ទូរទស្សន៍ ABC បាន​រាយការណ៍​ដោយ​ដកស្រង់​ឯកសារ​របស់​អាម៉េរិក​ថា សម្ភារៈ​បរិក្ខារ​ពិសេស​សម្រាប់​យន្តហោះ​ទម្លាក់​គ្រាប់បែក​នឹងត្រូវ​ដំឡើង​នៅឯ​មូលដ្ឋាន​ធី​ន​ដាល់ (Tindal) ដាច់ស្រយាល​របស់​កង​ទ័ពអាកាស​អូស្ត្រាលី ដែល​មាន​ចម្ងាយ​ប្រហែល ៣០០ គីឡូម៉ែត្រ​ពី​ភាគខាងត្បូង​ទីក្រុង​ដា​វីន (Darwin) ជា​រដ្ឋធានី​នៃ​ដែនដី​ខាងជើង​នៃ​ប្រទេស​អូស្ត្រាលី​។​

​ការិយាល័យ​របស់​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី លោក រី​ឆាដ ម៉ា​ឡេស (Richard Marles) មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការបំភ្លឺ​នោះទេ​។​

​របាយការណ៍ ABC​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​បានរៀបចំ​ផែនការ​លម្អិត​សម្រាប់​អ្វី​ដែល​ខ្លួន​ហៅថា “​កន្លែង​ប្រតិបត្តិការ​កងអនុសេនាធំ​” សម្រាប់​ប្រើប្រាស់​ក្នុង​រដូវប្រាំង​នៅ​ដែនដី​ខាងជើង មជ្ឈមណ្ឌល​ថែទាំ​ដែល​នៅ​ជាប់​នោះ និង​កន្លែង​ចត​សម្រាប់​យន្តហោះ B-52​។​

​កងកម្លាំង​ទ័ពអាកាស​អាម៉េរិក​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​និយាយ​នៅក្នុង​របាយការណ៍​ថា​សមត្ថភាព​ក្នុងការ​ដាក់ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅកាន់​អូស្ត្រាលី​គឺ​ផ្ញើ​​សារ​ដ៏​ខ្លាំង​មួយ​ទៅកាន់​សត្រូវ​អំពី​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការសម្ញែង​អំណាច​ជើង​អាកាសដ៍​កាច​សាហា​វ​របស់ខ្លួន​។​

​ដែនដី​ខាងជើង​នៃ​ប្រទេស​អូស្ត្រាលី​បាន​រៀបចំ​កិច្ចសហប្រតិបត្តិការ​យោធា​ជា​ញឹកញាប់​ជាមួយ​សហរដ្ឋ​អាម៉េរិក​រួចហើយ​។​កង​ម៉ា​រី​ន​អាម៉េរិក​រាប់ពាន់​នាក់​បាន​ប្តូរ​វេន​គ្នា​នៅ​ដែនដី​នេះ​ជា​រៀងរាល់​​ឆ្នាំ​សម្រាប់​ការហ្វឹកហាត់​និង​សមយុទ្ធ​រួមគ្នា ដែល​បាន​ចាប់​ផ្តើមដំបូង​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​អូ​បា​ម៉ា​។​

​កាលពីដើមឆ្នាំ​នេះ សហរដ្ឋ​អាម៉េរិក​បាន​បញ្ជូន​យន្តហោះ B-52 ចំនួន​បួន​គ្រឿង​ទៅ​កាន់​មូលដ្ឋាន​ទ័ពអាកាស​អាន់​ឌឺ​សិន (Andersen) របស់​ខ្លួន​នៅ​កោះ​ហ្គាំ​។​

​កាលពី​ឆ្នាំមុន សហរដ្ឋ​អាម៉េរិក អង់គ្លេស និង​អូស្ត្រាលី​បាន​បង្កើត​កិច្ចព្រមព្រៀង​សន្តិសុខ ដែល​នឹង​ផ្តល់​ឱ្យ​អូស្ត្រាលី​នូវ​បច្ចេកវិជ្ជា​ដើម្បី​ដាក់​ពង្រាយ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែ​ដោយ​រឹត​ធ្វើ​​ឱ្យ​ចិន​ខឹងសម្បា​៕