​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ម្នាក់​បាន​និយាយថា អ្នកកាសែត​ស្រី​ម្នាក់​បាន​ធ្លាក់​ពីលើ​ឡាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​ទី​៣០​តុលា​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ខណៈ​កំពុង​យក​ព័ត៌​​មាន​អំពី​ការហែក្បួន​នយោបាយ​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី អ៊ី​ម​រ៉ា​ន់ ខាន់ (Imran Khan) ។​

​លោកស្រី សា​ដា​ហ្វ ណា​អ៊ី​ម (Sadaf Naeem) អ្នកយក​ព័ត៌មាន​ជា​មួយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥​នៅ​ទីក្រុង​ឡាហ័​រ (Lahore)​បាន​ស្លាប់​បន្ទាប់ពី​លោកស្រី​រអិល​ជើង​ធ្លាក់​ចេញពី​រថយន្ត​កុងតឺន័រ ដែល​លោក​ខាន់​កំពុងធ្វើដំណើរ​ក្នុងនោះ​។​

​ក្បួន​រថយន្ត​របស់​លោក​ខាន់​កំពុង​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​ពុន​ចាប (Punjab) ឆ្ពោះទៅ​កាន់​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ​នៅ​ថ្ងៃទី​បី​នៃ​ការហែក្បួន​។ ក្រុមបាតុករ​កំពុង​ជំទាស់​នឹង​អ្នក​ស្នង​តំណែង​របស់​លោក​ខាន់​គឺ​នាយក​រដ្ឋមន្ត្រី សា​បាស់ សារីហ្វ (Shahbaz Sharif) និង​រដ្ឋាភិបាល​របស់​គាត់ ដោយ​ទាមទារ​ឱ្យមាន​ការបោះឆ្នោត​បន្ទាន់​។ វា​ជា​ការអនុវត្ត​របស់​ក្រុម​ហែ​ក្បួន​របស់​លោក​ខាន់​ក្នុង​ការអញ្ជើញ​អ្នកកាសែត​ពីរ​បី​នាក់​ក្នុង​មួយ​លើក​ឱ្យ​ឡើង​ជិះ​លើ​រថយន្ត​ដើម្បី​និយាយ​ទៅកាន់​លោក​ខាន់​។​

​លោក​ខាន់​បាន​និយាយ​នៅក្នុង Twitter ថា “​រន្ធត់​ចិត្ត​និង​សោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​គ្រោះថ្នាក់​ដ៏​អាក្រក់ ដែល​នាំ​ទៅដល់​ការស្លាប់​របស់​អ្នកយក​ព័ត៌មាន​ប៉ុស្តិ៍​លេខ ៥ សា​ដា​ហ្វ ណា​អ៊ី​ម​ក្នុងអំឡុង​​ការហែក្បួន​របស់​យើង​ថ្ងៃនេះ​។ ខ្ញុំ​គ្មាន​ពាក្យ​អ្វី​ដើម្បី​បង្ហាញ​ពី​ទុក្ខព្រួយ​របស់ខ្ញុំ​ទេ​។ ខ្ញុំ​សូម​បួងសួង​និង​រំលែក​ទុក្ខ​ទៅកាន់​គ្រួសារ​ក្នុង​គ្រា​ដ៏​សោកសៅ​នេះ​។​យើង​បាន​លុបចោល​ការហែក្បួន​របស់​យើង​សម្រាប់​​ថ្ងៃនេះ​”​។​

​លោកនាយក​រដ្ឋមន្ត្រី​សារីហ្វ​ក៏​បាន​ចូលរួមរំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​របស់​លោកស្រី​ណា​អ៊ី​ម​ផងដែរ ដោយ​បាន​ប្រកាស​បរិច្ចាគ​ប្រាក់​ប្រមាណ ២ ម៉ឺន​ដុល្លារ​ដល់​សាច់ញាតិ​របស់​លោកស្រី​៕

លោកស្រី​សា​ដា​ហ្វ ណា​អ៊ី​ម ធ្លាក់​ពីលើ​ឡាន​កុងតឺន័រ​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​