​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អិច​ស្ព្រេ​ស​)៖​ទំនាក់ទំនង​ចិន​-​វៀតណាម​នឹង​វិវ​ឌ្ឍ​ទៅកាន់​ដំណាក់កាល​អភិវឌ្ឍ​ន៍​ថ្មី​មួយ​ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​របស់​អគ្គលេខាបក្ស​កុំម្មុយនីស្ត ង្វៀន ភូ ជុង​(Nguyen Phu Trong)​នៅ​ចិន​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃអាទិត្យ នេះ​បើ​តាម​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​ចិន​។​

​លោក​ជុង បាន​ទៅដល់​ទីក្រុង​ប៉េកាំង​កាលពី​រសៀល​ថ្ងៃអាទិត្យ ដោយ​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​នៅ​ចិន​តាម​ការអញ្ជើញ​របស់​សម​ភាគី​ចិន ស៊ី ជីន​ភីង​។​

​អគ្គលេខាបក្ស​កុំម្មុយនីស្ត ង្វៀន ភូ ជុង បាន​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​៣០​តុលា​

​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម លោក​ឯកអគ្គរដ្ឋទូត ផាំ សា​វ ម៉ា​យ​(Pham Sao Mai)​បាន​និយាយថា​ដំណើរ​របស់​លោក​ជុង​គឺជា​ទស្សនកិច្ច​ជាន់​ខ្ពស់​លើ​​ដំបូង​របស់​ថ្នាក់ដឹកនាំ​បក្ស​និង​រដ្ឋ​វៀតណាម​មក​កាន់​ប្រទេស​ចិន​ចាប់តាំងពី​ពិភពលោក​ផ្ទុះ​កូវី​ដ​១៩​មក​។​វា​ក៏​ជា​ដំណើរ​ចេញ​ក្រៅប្រទេស​លើកដំបូង​របស់​ជុង​ក្រោយ​សម័យប្រជុំ​ពេញអង្គ​លើក​ទី​១៣​របស់​គណៈកម្មាធិការ​កណ្តាល​របស់​បក្ស​។​លោក​ក៏​ជា​មេដឹកនាំ​បរទេស​ដំបូង​គេ​ដែល​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ចិន​ក្រោយ​ពី​បក្សកុំម្មុយនីស្តចិន​ទើប​បញ្ចប់​សមាជ​បក្ស​ទូទាំង​ប្រទេស​លើក​ទី​២០​។​

​ពេល​ចុង​ក្រោយ​ដែល​ប្រធាន​បក្ស​កុម្មុយនីស្ត​ទាំងពីរ​បាន​ជួប​គ្នា​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៧ ពេល​លោក​ស៊ី​ធ្វើ​ទស្សនកិច្ច​វៀតណាម​និង​ចូលរួម​ជំនួប​កំពូល​APEC​នៅ​ក្រុង​ដា​ណាំង​។​

​លោក​ម៉ា​យ​បាន​និយាយថា ភាព​ជា​ដៃគូ​សំរាប់​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​វៀតណាម​-​ចិន បាន​បន្ត​ជា​ផ្លូវ​នៃ​ការអភិវឌ្ឍ​វិជ្ជមាន​និង​ស្ថិរភាព​មួយ​ហើយ​សំរេច​បាន​សមិទ្ធិផល​សំខាន់​​ៗ​ជាច្រើន​ស្តីពី​កិច្ចសហការ​នយោបាយ សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម ព្រមទាំង​ក្នុង​វិស័យ​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ​១៩​។​

​លោក​បាន​បន្តថា ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី​រវាង​វៀតណាម​និង​ចិន​ត្រូវ​បាន​សាង​ឡើង​អស់​រាប់​ជំនាន់​មេដឹកនាំ​និង​ប្រជាជន​។​ទោះជា​វា​មានខ្លះ​ពេល​ចុះ​និង​ឡើង កិច្ច​សហការ​និង​និង​មិត្តភាព​នៅតែ​​ជា​ស្នូល​នៃ​ទំំនាក់ទំនង​និង​កាន់តែ​អភិវឌ្ឍនៅ​លើ​គ្រប់​វិស័យ​ចាប់​ពី​នយោបាយ​សល់​សេដ្ឋកិច្ច វប្បធម៌ សន្តិសុខ​និង​វិស័យ​ការពារ​ជាតិ​។​

​សូមបញ្ជាក់​ថា ចិន​នៅ​បន្ត​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​វៀតណាម និង​ជា​ទីផ្សារ​នាំចេញ​ធំ​បំផុត​ទី​ពីរ​សំរាប់​វៀតណាម​នៅពេល​វៀតណាម​នៅ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ចិន​នៅក្នុង​អាស៊ាន និង​​ធំ​បំផុត​លំដាប់​ទី​៦​សំរាប់​ចិន​ធៀប​នឹង​ដៃគូ​ពាណិជ្ជកម្ម​នានា​នៅក្នុង​លោក​។​

​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​ឡើងដល់​១៦៥,៩​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២១ ដោយ​កើន​២៤,៦​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២០​។​នៅ​ប្រាំបី​ខែ​ដើមឆ្នាំ​នេះ ផល​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ចំនួន​១១៧​ពាន់​​លាន​ដុល្លារ កើន​១០,៨​ភាគរយ​ធៀប​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន​។​ចិន​ក៏​មាន​គំរោង​វិនិយោគ​ជាង​១៤០​នៅ​វៀតណាម សរុប​ទឹកប្រាក់​ប្រមាណ​១,៤​ពាន់​លាន​ដុល្លារ ៕