​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អង្គការសហប្រជាជាតិ តួ​ក​គី និង​អ៊ុ​យក្រែន កំពុង​ជំរុញ​ទៅ​មុខ​ដើម្បី​អនុវត្ត​កិច្ច​ព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​តាម​សមុទ្រ​ខ្មៅ​ជាមួយនឹង​ផែនការ​ដឹកជញ្ជូន​សម្រាប់​​នាវា​ចំនួន ១៦ គ្រឿង​នៅ​ថ្ងៃ​ចន្ទ​ទី​៣១​តុលា​នេះ បើទោះបីជា​រុស្ស៊ី​បាន​ផ្អាក​ការចូលរួម​របស់​ខ្លួន​នៅក្នុង​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឱ្យ​នាំ​ចេញ​ផលិតផល​កសិកម្ម​រប​ស់អ៊ុយ​ក្រែ​នទៅ​កាន់​ទីផ្សារ​ពិភព​​លោក​ក៏​ដោយ​។​

​រុស្ស៊ី ដែល​បាន​ឈ្លានពាន​អ៊ុយ​ក្រែន​កាលពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ បាន​បញ្ឈប់​តួនាទី​របស់​ខ្លួន​នៅក្នុង​កិច្ចព្រមព្រៀង​សមុទ្រ​ខ្មៅ​នេះ​កាលពី​ថ្ងៃ​សៅរ៍​សម្រាប់ “​រយៈពេល​មិន​កំណត់​” ព្រោះ​រុស្ស៊ី​និយាយថា​ខ្លួន​មិន​​អាច “​ធានា​សុវត្ថិភាព​នៃ​នាវា​ស៊ីវិល​” ដែល​ធ្វើដំណើរ​ក្រោម​កិច្ច​ព្រមព្រៀង​នេះ​បាន​ទេ បន្ទាប់​ពី​ការវាយប្រហារ​លើ​កង​នាវា​សមុទ្រ​ខ្មៅ​របស់​ខ្លួន​។​

​អ​.​ស​.​ប និង​តួ​ក​គី ដែល​ជា​អ្នកសម្របសម្រួល​ដ៏​សំខាន់​ទាំងពីរ​នៃ​កិច្ចព្រមព្រៀង​កាលពី​ខែកក្កដា បាន​ព្យាយាម​យ៉ាងខ្លាំង​កាលពី​ថ្ងៃ​អាទិត្យ​ដើម្បី​សង្គ្រោះ​កិច្ចព្រមព្រៀង​នេះ​។ អ្នកនាំពាក្យ​បាន​និយាយថា អគ្គលេខាធិការ​អ​.​ស​.​បលោក អង់​តូ​នីញ៉ូ គូថេ​រ៉េ​សមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ចំណាត់ការ​របស់​រុស្ស៊ី​ហើយ​បាន​ពន្យារ​ពេល​ធ្វើដំណើរ​ក្រៅប្រទេស​ដើម្បី​ព្យាយាម​និង​សង្គ្រោះ​ឡើងវិញ​នូវ​កិច្ច​ព្រម​​ព្រៀង​ដែលមាន​គោលបំណង​បន្ធូរបន្ថយ​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​។​

​ក្រុមអ្នកវិភាគ​បាន​និយាយថា បន្ទាប់​ពី​ចំណាត់ការ​របស់​រុស្ស៊ី តម្លៃ​ស្រូវ​សាលី​នៅលើ​ទីផ្សារ​ទំនិញ​អន្តរជាតិ​ត្រូវ​គេ​រំពឹងថា​នឹង​កើនឡើង​នៅ​ថ្ងៃ​ចន្ទ​ខណៈ​ទាំង​រុស្ស៊ី​និង​អ៊ុយ​ក្រែន​គឺជា​អ្នក​នាំ​ចេញ​ស្រូវ​​សាលី​ធំ​បំផុត​របស់​ពិភពលោក​។​

​ពោត ស្រូវ​សាលី ផលិតផល​ផ្កាឈូករ័ត្ន ស្រូវ​សាលី ស្រូវ​បាលី និង សណ្តែកសៀង​ជាង ៩,៥ លាន​តោន​ត្រូវបាន​នាំ​ចេញ​ចាប់តាំងពី​ខែ​កក្កដា​។ នៅ​ក្រោម​កិច្ច​ព្រមព្រៀង​នេះ មជ្ឈមណ្ឌល​សម្របសម្រួល​រួម (JCC) ដែល​បង្កើតឡើង​ដោយ​មន្ត្រី​អ​.​ស​.​ប តួ​ក​គី រុស្ស៊ី និង​អ៊ុ​យក្រែន បាន​យល់ព្រម​លើ​បំលាស់​ទី​របស់​នាវា​និង​ការត្រួតពិនិត្យ​នាវា​។​

​គ្មាន​នាវា​ណាមួយ​បាន​បើក​ឆ្លងកាត់​ច្រករបៀង​មនុស្សធម៌​នៅលើ​ដែនសមុទ្រ​ដែល​បាន​បង្កើតឡើង​កាលពី​ថ្ងៃអាទិត្យ​នោះទេ​។ ប៉ុន្តែ​អ​.​ស​.​ប​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​ខ្លួន​បាន​យល់​​ព្រម​ជាមួយ​អ៊ុយ​ក្រែ​ន​និង​តួក​គី​លើ​ផែនការ​បំលាស់​ទី​សម្រាប់​នាវា​ចំនួន ១៦ គ្រឿង​នៅ​ថ្ងៃ​ចន្ទ​នេះ ក្នុងនោះ​មាន ១២ គ្រឿង​ចេញ និង ៤ គ្រឿង​ចូល​។​

​អ​.​ស​.​ប​បាន​និយាយថា មន្ត្រី​រុស្ស៊ី​នៅ JCC​ត្រូវ​បាន​ជូនដំណឹង​អំពី​ផែនការ​នេះ រួមជាមួយ​នឹង​បំណង​ក្នុង​ការត្រួតពិនិត្យ​នាវា​ចាក​ចេញ​ចំនួន ៤០ គ្រឿង​នៅ​ថ្ងៃ​ចន្ទ ហើយ​បាន​កត់សម្គាល់​ថា​”​អ្នក​ចូល​​រួម​ទាំងអស់​បាន​សម្រប​សម្រួល​ជាមួយ​យោធា​រៀងៗ​ខ្លួន​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ធានាបាន​នូវ​ការឆ្លងកាត់​ប្រកបដោយ​សុវត្ថិភាព​នៃ​នាវា​ពាណិជ្ជកម្ម​” នៅ​ក្រោម​កិច្ច​ព្រមព្រៀង​។​

​ក្រសួងការពារជាតិ​តួ​ក​គី​បាន​និយាយថា រដ្ឋមន្ត្រី​ការពារជាតិ​តួ​ក​គី លោក ហូ​លូ​ស៊ី អាកា (Hulusi Akar)​បាន​ទាក់ទង​ជាមួយ​សម​ភាគី​រុស្ស៊ី​និង​អ៊ុយ​ក្រែន​ដើម្បីព្យា​យាម​និង​សង្គ្រោះ​កិច្ចព្រមព្រៀង​​នេះ ហើយ​បាន​ស្នើ​ឱ្យ​ភាគី​នីមួយៗ​ចៀសវាង​ការបង្ក​ហេតុ​ណាមួយ​។​

​អង្គការ​ណា​តូ​និង​សហភាព​អឺរ៉ុប​បាន​ជំរុញ​ឱ្យ​រុស្ស៊ី​ពិចារណា​ឡើងវិញ​នូវ​ការសម្រេចចិត្ត​របស់​ខ្លួន​។ ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន កាលពី​ថ្ងៃ​សៅរ៍​បាន​ហៅ​ទង្វើ​របស់​រុស្ស៊ី​ថា “​សាហាវ​គួរឱ្យ​តក់ស្លុត​”​ហើយ​​បាន​និយាយថា វា​នឹង​បង្កើន​ភាពអត់ឃ្លាន​។ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក អាន​ថូ​នី ប្លីង​កិន បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូថា​យក​ស្បៀងអាហារ​ធ្វើ​ជា​អាវុធ​។​

​កាលពី​ថ្ងៃអាទិត្យ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ឆ្លើយតប​វិញ​ដោយ​និយាយថា ការឆ្លើយតប​របស់​ស​ហ​រដ្ឋ​អាម៉េរិក​គឺ “​គួរ​ឱ្យ​តក់ស្លុត​” និង​បាន​ធ្វើ​ការអះអាង​មិន​ពិត​អំពី​ចំណាត់ការ​របស់​មូ​ស្គូ​៕

​ពោត ស្រូវ​សាលី ផលិតផល​ផ្កាឈូករ័ត្ន ស្រូវ​សាលី ស្រូវ​បាលី និង សណ្តែកសៀង​ជាង ៩,៥ លាន​តោន​ត្រូវបាន​នាំ​ចេញ​ចាប់តាំងពី​ខែ​កក្កដា​ក្រោម​កិច្ច​ព្រមព្រៀង​សមុទ្រ​ខ្មៅ​