​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កីឡាករ​បាល់ទាត់ ប៉ា​ប្លូ ម៉ា​រី (Pablo Marí) ត្រូវបាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃអាទិត្យ​ទី​៣០​តុលា​គឺ​បី​ថ្ងៃ​បន្ទាប់ពី​រងរបួស​ក្នុង​ការវាយប្រហារ​​ដោយ​កាំបិត​នៅ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​អ៊ីតាលី​។​

​មនុស្ស​ប្រាំ​នាក់​ត្រូវបាន​ចាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​រួមទាំង​ម៉ា​រី​ហើយ​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​បុរស​ម្នាក់​បាន​ទាញ​កាំបិត​ពី​ធ្នើរ​ផ្សារ​ទំនើប​ដេញ​ចាក់​មនុស្ស​។ ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​អ៊ីតាលី​អាយុ ៤៦ ឆ្នាំ​ម្នាក់​ដែល​គេ​សង្ស័យ​វាយប្រហារ​នៅ​ឯ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​មួយ​ក្នុង​សង្កាត់​អាស​សា​ហ្គោ (Assago)​នៅ​ជាយក្រុង​មី​ឡង់ (Milan) ។​

​កីឡាករ ម៉ា​រី វ័យ ២៩ ឆ្នាំ ដែល​កំពុង​លេង​ខ្ចី​ជើង​នៅ​ក្លិប Monza​ពី​ក្លិប Arsenal ក្នុង​ក្របខណ្ឌ Serie A បាន​ចៀស​ផុត​ពី​របួស​ដែល​គំរាមកំហែង​ដល់​អាយុជីវិត​ប៉ុន្តែ​ត្រូវ​ការវះកាត់​លើ​ខ្នង​​របស់គេ ហើយក៏​មាន​របួស​ត្រង់​មាត់​ផងដែរ​។ រូប​គេ​នឹង​នៅក្រៅ​ការប្រកួត​ពី​ពីរ​ទៅ​បី​ខែ​។​

​ក្លិប Monza បានចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ ដោយ​និយាយថា កីឡាក​រអេ​ស្ប៉ាញ​រូបនេះ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ ប៉ុន្តែ​នឹង​ត្រូវ “​សម្រាក​ឱ្យបាន​ជា​សះស្បើយ​ពេញលេញ​”​។​

​ក្លិប​ក៏បាន​និយាយ​ផងដែរ​ថា កីឡាករ​ទាំងអស់​នឹង​កម្តៅ​សាច់ដុំ​សម្រាប់​ការប្រកួត​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅក្នុង​ផ្ទះ​ទល់នឹង Bologna ដោយ​ពាក់អាវ​ពិសេស​ឧទ្ទិស​ដល់​ម៉ា​រី​ជាមួយ​នឹង​ឈ្មោះ​របស់​គេ​នៅលើ​​ខ្នង​និង​សារ​សរសេរ​នៅខាងមុខ​ថា “​ត្រឡប់មកវិញ​ឆាប់ៗ ប៉ា​ប្លូ​”​។​

​វា​ក៏​នឹង​មាន​ការ​រក្សា​ភាព​ស្ងៀមស្ងាត់​មួយ​នាទី​ផងដែរ មុនពេល​ចាប់ផ្តើម​ការប្រកួត​ក្នុងការ​រំលឹក​ដល់​លោក ល្វីស ហ្វើ​ណង់​ដូ រូ​ក​ជី​រី (Luis Fernando Ruggieri)​ជា​បុគ្គលិក​ផ្សារ​ទំនើប​ដែល​គេ​​ចាក់​ស្លាប់​នៅក្នុង​ការវាយប្រហារ​នោះ​៕

​ម៉ា​រី​បច្ចុប្បន្ន​លេង​ខ្ចី​ជើង​នៅ​ក្លិប Monza