​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ចំនួន​មនុស្ស​ស្លាប់​ដោយ​ទឹកជំនន់​និង​ការបា​ក់ដី​បង្កឡើង​ដោយ​ព្យុះ​ត្រូពិច​មួយ​នៅ​ហ្វីលីពីន​ហក់​ឡើងដល់​៩៨​នាក់​នៅ​ថ្ងៃ​ចន្ទ​នេះ នេះ​បើ​តាម​ការបញ្ជាក់​ពី​ទីភ្នាក់ងារ​គ្រោះ​​មហន្តរាយ​ជាតិ ដោយ​កើន​ហួស​ឆ្ងាយ​ពី​ចំនួន​៤៨​នាក់​ដែល​ត្រូវបាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​។​

​ចំនួន​មនុស្ស​ស្លាប់​ដោយ​ទឹកជំនន់​និង​ការបា​ក់ដី​បង្កឡើង​ដោយ​ព្យុះ​ត្រូពិច​មួយ​នៅ​ហ្វីលីពីន​ហក់​ឡើងដល់​៩៨​នាក់​នៅ​ថ្ងៃ​ចន្ទ​

​ចំនួន​មនុស្ស​ស្លាប់​ពី​ព្យុះ​ណាល់​ហ្កេ​( Nalgae)​អាច​នឹង​កើនឡើង​ថែមទៀត ដោយសារ​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិ​បាន​និយាយថា មនុស្ស​៦៣​នាក់​ទៀត​នៅ​កំពុង​បាត់​ខ្លួន​នៅឡើយ និង​រាប់សិប​នាក់​រងរបួស​។​

​នៅពេល​បុគ្គលិក​ជួយសង្គ្រោះ​ស្វែងរក​សាកសព​ក្នុង​ភក់​និង​កំទេចកំទី អ្នក​នៅ​មាន​ជីវិត​បន្ត​ការងារ​ដ៏​ឈឺ​ក្បាល​គឺ​បោសសម្អាត​សំរាម​និង​លាងជម្រះ​ភក់​ចេញពីផ្ទះ​និង​ហាង​របស់គេ​នៅពេល​គ្រឿង​សង្ហា​រឹម​​បែកបាក់​និង​របស់របរ​ដទៃទៀត​នៅ​គរ​តាម​ផ្លូវ​ក្នុង​ទីប្រជុំជននានា​នៅ​ក្រៅ​ក្រុង​ម៉ានីល​។​

​ចូ​សេលី​តូ អ៊ី​ឡា​ណូ​(Joselito Ilano)​អាយុ​៥៥​ឆ្នាំ​ដែល​ផ្ទុះ​របស់​គាត់​លិច​ទឹក​ត្រឹម​ចង្កេះ បាន​និយាយថា​«​ពេញ​មួយជីវិត​របស់ខ្ញុំ​រស់​នៅ​ទីនោះ វា​ជា​លើកដំបូង​ដែល​យើ​ង​ជួប​ទឹកជំនន់​ដូច្នេះ​។​វា​ធ្លាប់​ជន់​លិច​ដែរ តែ​លើក​នេះ​អាក្រក់​បំផុត​…»​។​

​ព្យុះ​ណាល់​ហ្កេ បាន​ពន្លិច​ភូមិ​និង​ទីប្រជុំជន​ជាច្រើន បំផ្លាញ​ដំណាំ​និង​ផ្តាច់​ចរន្តអគ្គិសនី​នៅ​តំបន់​ជាច្រើន​ពេល​វា​វាយប្រហារ​ហ្វីលីពីន​ចាប់ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​រហូត​ដល់​ថ្ងៃអាទិត្យ​។​

​ហ្វីលីពីន​រង​ការវាយប្រហារ​ពី​ព្យុះ​ជា​មធ្យម​២០​ក្នុង​មួយឆ្នាំ តែ​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ព្រមាន​អំពី​ព្យុះ​កាន់តែច្រើន​និង​កាន់តែ​ខ្លាំង​ដោយសារ​តែ​បំរែបំរួល​អាកាសធាតុ​លើ​ភពផែនដី​ដែលនាំអោយ​ទឹកស​មុ​​ទ្រ​កាន់តែ​ក្តៅ​។​

​ក្នុងពេល​ជាមួយគ្នា ផ្នែក​ឧតុនិយម​ជាតិបាន​ព្រមាន​អំពី​វិសម្ពាធ​ត្រូពិច​មួយ​កំពុងធ្វើដំណើ​រ​មក​កាន់​ដីគោក​ហ្វីលីពីន បន្ទាប់​ពី​ព្យុះ​ណាល់​ហ្គេ​ធ្វើដំណើរ​ផុត​និង​ចូល​ក្នង​សមុទ្រ​ចិន​ខាងត្បូង​។​ប្រព័ន្ធ​អាកាស​​ធាតុ​ថ្មី​អាច​នឹង​នាំ​ទឹកភ្លៀង​ច្រើន​មក​ធ្លាក់​នៅ​តំបន់​ដែល​រង​ការ​ជន់​លិចបង្កឡើង​ដោយ​ព្យុះ​ណាល់​ហ្គេ​៕