ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នេះថាៈ ក្រសួងសុខាភិបាល បានទទួលព្រឹត្តិប័ត្រវិភាគគុណភាព ពីមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដែលបញ្ជាក់អំពីផលិតផលឈ្មោះ Yong Liang (យ៉ុង លាំង) គ្មានលេខបញ្ជិកា និងមានសារធាតុឱសថសម័យ Diclofenac Sodium ដែលសារធាតុនេះ ត្រូវប្រើប្រាស់ ក្នុងកម្រិតច្បាស់លាស់ មានរយៈពេលកំណត់ក្នុងការប្រើ និងមានការប្រុងប្រយ័ត្ន ហើយមានបុគ្គលមួយចំនួន មិនអនុញ្ញាតឱ្យប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវទិញ និងប្រើប្រាស់ផលិតផល ឈ្មោះ Yong Liang (យ៉ុង លាំង) នេះឡើយ ព្រោះផលិតផលនេះ អាចបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬឈានដល់ ការបាត់បង់អាយុជីវិតទៀតផង។

ក្រសួងសុខាភិបាល បានព្រមានថាៈ បើសិនមានម្ចាស់គណនីបណ្ដាញសង្គមហ្វេសប៊ុក និងជនពាក់ព័ន្ធណាមួយ នៅតែបន្តនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផល ខាងលើនេះ ជាបន្តទៀត នឹងត្រូវទទួលទោសបញ្ញត្តិ តាមច្បាប់ជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋ បានជួបប្រទះឃើញជនណា កំពុងនាំចូល ចែកចាយ ឬលក់ផលិតផល ឈ្មោះ Yong Liang (យ៉ុង លាំង) ខាងលើនេះ សូមបងប្អូន ប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែម ពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០ ៕ V / N