ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ សកម្មជនអតីតគណបក្សសង្រ្គោះជាតិ ប្រមាណ ២.០០០ នាក់ មកពីរោងចក្រចំនួន៥ នៅរាជធានីភ្នំពេញ ដែលក្នុងនោះ មានទាំងសកម្មជនរបស់ ទណ្ឌិត សម រង្ស៊ី ក្នុងការបង្កើតព្រឹត្តការណ៍ហិង្សា នៅក្នុងឆ្នាំ២០១៣ ផងដែរនោះ បានសម្រេចចិត្តចូលរួម ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ក្រោយពីពួកគាត់ អស់ជំនឿលើទណ្ឌិត សម រង្ស៊ី និងមើលឃើញពី ការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

លោក ឃួង ស្រេង សមាជិកគណៈកម្មាធិកា​រកណ្តាល​គណបក្សប្រជាជនកម្ពុជា​ និងជាប្រធានគណៈកម្មាធិកា​រ គណបក្សរាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណោល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា (សកម្មជនអតីតគណបក្ស សង្រ្គោះជាតិ) ទាំងប្រមាណ ២.០០០ នាក់ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានមានប្រសាសន៍ថាៈ នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់បងប្អូន កម្មករ កម្មការិនី ទាំងប្រមាណ ២.០០០ នាក់ ក្នុងការចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា​ ចេញពីការដឹក នាំ របស់ទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ បីជំនាន់ ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានលើកឡើង ពីវីរភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដោយសម្ដេច បានរំដោះប្រទេសជាតិ ចេញពីរបបប៉ុលពត និងបានអភិវឌ្ឍន៍​កម្ពុជា ចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍរីកចម្រើន រហូតមកដល់ពេល បច្ចុប្បន្ននេះ ហើយចុងក្រោយនេះ សម្តេចនៅបានរំដោះអាយុជីវិត ប្រជាពលរដ្ឋពី ជំងឺកូវីដ-១៩ ជាលើកទី២ ថែមទៀត តាមរយៈយុទ្ធសាស្ត្រ ចាក់ស្រោចវ៉ាក់សាំង អភិក្រមផ្ការីក ជូនប្រជាពលរដ្ឋ។ សម្ដេចតេជោ នៅបានកៀងគរអ្នកវិនិយោគទុន មកបណ្ដាក់ទុនរកស៊ី នៅស្រុកខ្មែរ បង្កើតឲ្យមានរោងចក្រ សហគ្រាស ដើម្បីឲ្យបងប្អូន កម្មករ កម្មការិនីយើង​មានការងារធ្វើ ។ តែសម្រាប់ទណ្ឌិត សម រង្ស៊ី វិញ មិនបានធ្វើអ្វី ដើម្បីបងប្អូនប្រជាពលរដ្ឋនោះទេ។ តែបែរជាបំផ្លិចបំផ្លាញ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីទៅវិញ ដោយការសុំក្រៅប្រទេសឲ្យផ្ដាច់ជំនួយ មករាជរដ្ឋាភិបាលកម្ពុជា ។ ការផ្តាច់ជំនួយនេះ អ្នកដែលស្លាប់មុនគេ គឺបងប្អូននកម្មករ កម្មការិនីនេះហើយ ដែលនេះ ជាចំណុចដែលបងប្អូន ត្រូវគិតគូរពិចារណា។

គួរបញ្ជាក់ថា ការផ្ដាច់ខ្លួនចេញពីការដឹកនាំរបស់ទណ្ឌិត សម រង្ស៊ី ពីសំណាក់បងប្អូន កម្មករ កម្មការិនី ប្រមាណ ២.០០០ នាក់នេះ គឺស្របពេលសមាជិកក្រុមប្រឹក្សាសង្កាត់ និងចៅរងសង្កាត់ ជាច្រើនរូប មកពីគណបក្សភ្លើងទៀន បានផ្តិតមេដៃចេញសារថ្កោល ទោស យ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានប្រើសម្តី ប្រមាថយ៉ាងធ្ងន់ធ្ងរ លើព្រះចេស្តាព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ៕/V