ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យ ក្រសួងបរិស្ថាន បានថ្លែងថាៈ អណ្តើកហ្លួង ឬអណ្តើកសរសៃ គឺជាប្រភេទឧរង្គសត្វ ដែលត្រូវបានចាត់ទុក ជានិមិត្តរូបតំណាងឱ្យសត្វ ប្រចាំប្រទេសកម្ពុជា តាមរយៈនៃ ការទទួលស្គាល់ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/ ១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។

រូបថត ( លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យ ក្រសួងបរិស្ថាន )

សូមបញ្ជាក់ថា ការលើកឡើងពីសត្វអណ្តើកលួងនេះដែរ បន្ទាប់ពីលោក នេត្រ ភក្រ្តា បានអញ្ជើញចូលរួម ក្នុងពិធីតាំងពិព័រណ៌ការងារ និងផលិតភាព ឆ្នាំ២០២២ កាលពីថ្ងៃទី២៧ និង២៨ ខែតុលា បញ្ជរក្រសួងបរិស្ថាន បានសហការជាមួយ រដ្ឋបាលជលផល និងអង្គការ WCS ដើម្បីយកសត្វអណ្តើកហ្លួង មកបង្ហាញដល់ សាធារណជន ឱ្យបានយល់ដឹងពីសត្វដ៏កម្រនេះ ដើម្បីចូលរួមការពារ និងអភិរក្ស។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នេះ លោក នេត្រ ភក្រ្តា បានលើកឡើង អំពីអណ្តើកហ្លួង ដែលជាអណ្តើកកម្រ ហើយកំពុងមានវត្តមាន នៅកម្ពុជា ដោយបានបញ្ជាក់ថាៈ ”ការដាក់បញ្ចូលអណ្តើកហ្លួង ជាសត្វនិមិត្តរូប តំណាងឱ្យជាតិកម្ពុជា ដោយសារតែអណ្តើកហ្លួង ជាប្រភេទសត្វដ៏កម្រ និងជាសត្វ ប្រឈមនឹងផុតពូជ និងដើម្បីបង្ហាញពីមរតកធម្មជាតិ ដ៏មានតម្លៃ និងលើកតម្កើងនូវ មោទកភាពជាតិផងដែរ”។

លោក នេត្រ ភក្រ្តា បានបញ្ជាក់ តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនផងដែរថាៈ តាមរបាយការណ៍ ឆ្នាំ២០១៩ អណ្តើកហ្លួង គឺមានវត្តមាន តែក្នុងប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និង វៀតណាម ហើយចំនួនរបស់ពួកវា នៅលើសកលលោក មានប្រមាណតែ ៥០០ ទៅ ៧០០ ក្បាល ប៉ុណ្ណោះ ដោយឡែក នៅប្រទេសកម្ពុជា យើងវិញ គឺមានចំនួនប្រហែល ៤៥០ ក្បាល។

ទាក់ទិនក្នុងរឿងនេះ លោក រដ្ឋលេខាធិការ បានមានប្រសាសន៍ ដោយបញ្ជាក់ថាៈ អណ្តើកហ្លួង ធ្លាប់ត្រូវបានគេគិតថា ផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០០ ទើបរដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានសិក្សាស្រាវ ជ្រាវរួមគ្នា ហើយបានរកឃើញ សំបុកសត្វអណ្តើកប្រភេទនេះ នៅមានវត្តមាននៅឡើយ តាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងខេត្តកោះកុង ប៉ុន្តែមានចំនួនតិចតួចបំផុត។ នៅឆ្នាំដដែល អង្គការសមាគមអភិរក្សសត្វព្រៃ ក៏បានបង្កើតគម្រោងអភិរក្សសត្វអណ្តើកនេះឡើង។ ក្រោមកិច្ចសហការនេះ ជាក់ស្តែង យើងបានសង្រ្គោះ និងថែរក្សាអណ្តើកហ្លួង សរុបចំនួន ៤៣៦ ក្បាល ក្នុងនោះ ២៤៩ ក្បាល ត្រូវបានថែរក្សានៅក្នុងមជ្ឈមណ្ឌលអភិរក្សល្មូន ខេត្តកោះកុង និងមជ្ឈមណ្ឌលអង្គរ សម្រាប់អភិរក្សជីវចម្រុះ និង ១៨៧ ក្បាលផ្សេងទៀត ត្រូវបានលែងចូលទៅក្នុងធម្មជាតិ ដោយភ្ជាប់ជាមួយប្រព័ន្ធតាមដាន ដើម្បីសិក្សាពីការ បម្លាស់ទីរបស់វា វិធានការការពារ និងបង្កើនផលស្តុក ក្នុងដែនទឹកធម្មជាតិ៕ V / N