ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្រុមកីឡាសីដក់ និងឈិនឡូន ជម្រើសជាតិកម្ពុជា នឹងចេញទៅបោះជំរំហ្វឹកហាត់ រយៈពេលវែង នៅប្រទេសមីយ៉ាន់ម៉ា ចាប់ពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ចុងខែមេសា ឆ្នាំ២០២៣ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសបន្ថែម ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នាពេលខាមុខ។

គ្រូបង្វឹកក្រុមកីឡាសីដក់ និងឈិនឡូនជម្រើសជាតិកម្ពុជា លោក ជាតិ ខេមរា បានឲ្យ ដឹងថាៈ ការបោះជំរំហ្វឹកហាត់នេះ គឺភាគីមីយ៉ាន់ម៉ា ជាអ្នករ៉ាប់រង លើការចំណាយផ្សេងៗ ទាំងការធ្វើដំណើរ ការស្នាក់នៅ- អាហារ និងផ្ដល់នូវគ្រូកម្រិតខ្ពស់ ដើម្បីបណ្ដុះបណ្ដាល បន្ថែម ដល់កីឡាករ-កីឡាការិនីកម្ពុជា។ ម្យ៉ាងក៏ជារឿងល្អ សម្រាប់ក្រុមជម្រើសជាតិ កម្ពុជា ដែលត្រូវហ្វឹកហាត់ នៅទីនោះ រហូតដល់កៀកថ្ងៃប្រកួតផ្លូវការ នៃព្រឹត្តិការណ៍ហ្គេម។

មីយ៉ាន់ម៉ា គឺជាបណ្ដាប្រទេសមួយខ្លាំង លើវិញ្ញាសាកីឡាសីឈិនឡូន ខណៈសីដក់ មានកម្រិតមធ្យម។ ក្នុងការហ្វឹកហាត់នេះ សហព័ន្ធ បានជ្រើសរើសកីឡាករ ១៨ នាក់ និងកីឡាការិនី ៨ នាក់ សម្រាប់ធ្វើការហ្វឹកហាត់ លើវិញ្ញាសាឈិនឡូន ប៉ុន្ដែក្នុងនាម គ្រូបង្វឹក លោកក៏នឹងធ្វើការបែងចែក ឲ្យមានការហ្វឹកហាត់វិញ្ញាសាសីដក់ ក្នុងរយៈពេល ណាមួយផងដែរ ដើម្បីជំរុញឲ្យ កីឡាករ មានកម្រិតប្រហាក់ប្រហែលគ្នា និងឈានទៅ ដណ្ដើម មេដាយបានដូចគ្នា។

ជុំវិញការចេញទៅហ្វឹកហាត់ក្រៅស្រុកនេះដែរ ស្របពេលសហព័ន្ធ ដាក់ក្ដីរំពឹងខ្ពស់លើ
វិញ្ញាសាឈិនឡូន ដែលជាវិញ្ញាសាថ្មី សម្រាប់បណ្ដាប្រទេសអាស៊ាន ភាគច្រើន ប៉ុន្តែជាវិញ្ញាសាចាស់ សម្រាប់កម្ពុជា។ ជាក់ស្ដែង ក្នុងស៊ីហ្គេម គិតចាប់ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៩ នៅហ្វីលីពីន កម្ពុជាតែងដណ្ដើមបាន មេដាយជាបន្ដបន្ទាប់ លើវិញ្ញាសា ដែលមានប្រភពពីមីយ៉ាន់ម៉ានេះ។ ដូច្នេះស៊ីហ្គេម ឆ្នាំ២០២៣ សហព័ន្ធ មានទំនុកចិត្តលើកីឡាករ – កីឡាការិនី កាន់តែខ្ពស់ថែមទៀត។

លោកបានបន្តថាៈ យើងបានចេញទៅហ្វឹកហាត់បន្ថែមទៀត រយៈពេល ៥ខែ នៅមីយ៉ាន់ម៉ា ហើយស្របពេលយើង រៀបចំការប្រកួតដោយខ្លួនឯង។ យើងបានគ្រូល្អៗ បន្ថែម ពិសេសក្រោមការខិតខំប្រឹងប្រែងរបស់ កីឡាករយើង ខ្ញុំគិតថា លទ្ធផលល្អ នឹងមានសម្រាប់ពួកយើងទាំងអស់គ្នា ។ ជាក្ដីរំពឹង បច្ចុប្បន្ននេះ យ៉ាងហោចណាស់ ក៏ពួក យើង ដណ្ដើមយក មេដាយមាស ៣ ឲ្យបានដែរ។

សីដក់និងឈិនឡូន គឺជាប្រភេទកីឡាមួយ ក្នុងចំណោម ៣៨ ប្រភេទ ដែលត្រួវបាន អនុម័ត ដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដោយសហព័ន្ធ បានត្រៀមវិញ្ញាសា សរុប ចំនួន ២២ សម្រាប់ប្រកួតប្រជែង មេដាយជូនជាតិ ក្នុងនោះមានវិញ្ញាសាសីដក់ បុរស-នារី ១០ វិញ្ញាសា និងឈិនឡូន ១២ វិញ្ញាសា។

មុនឈានដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នាឆ្នាំក្រោយ ក៏ដូចជា ការចេញទៅហាត់ នៅមីយ៉ាន់ម៉ា នាចុងឆ្នាំនេះ សហព័ន្ធ ក៏រៀបចំការប្រកួតក្របខណ្ឌថ្នាក់ជាតិ២ គឺការប្រកួតកីឡាជាតិ លើកទី៣ និងការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ដើម្បីពង្រឹងសមត្ថភាពបន្ថែម ដល់កីឡាករ-កីឡាការិនី ទៀតផង៕ V /N