ដោយ: សុខុម / ស្ទឹងត្រែង: នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នេះ អាជ្ញាធរខេត្តស្ទឹងត្រែង បានចាត់វិធានការរៀបចំសណ្តាប់ធ្នាប់ លក់ដូរអនាធិបតេយ្យ លើផ្លូវសាធារណៈ ក្នុងបរិវេណនិងជុំវិញផ្សារសាមគ្គី។

កន្លងមកនេះ នៅតាមផ្លូវសាធារណៈ មានការលក់ដូរបន្លែត្រីសាច់គ្រប់ប្រភេទ នៅតាមដងផ្លូវ ដោយអនាធិបតេយ្យ បង្កឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ក្រុងស្ទឹងត្រែង និងមានការរិះគន់ពីភ្ញៀវទេសចរជាតិ អន្តរជាតិ និងមហាជន។

ដើម្បីរៀបចំឲ្យមាន សោភ័ណភាពឡើងវិញ អាជ្ញាធរខេត្តស្ទឹងត្រែង បានបង្កើត គណៈកម្មការមួយឡើង។ យោងតាមសេចក្តីជូនដំណឹង ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ លក់ដូរក្នុងផ្សារ និងជុំវិញផ្សារសាមគ្គីស្ទឹងត្រែង របស់សហគមន៍ផ្សារសាមគ្គីស្ទឹងត្រែង គណៈកម្មការផ្សារ ក៏ដូចជា អាជ្ញាធរ បានប្រជុំ និងចុះអនុវត្តរៀបចំសណ្ដាប់ធ្នាប់ ឱ្យបានល្អ មានសោភ័ណភាព ធានាបាននូវសន្តិសុខ សុវត្ថិភាព ប្រកបដោយអនាម័យ បរិស្ថានល្អ ។

គណៈអាជីវករ សូមណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករផ្សារ ដែលលក់ដូរនៅ ផ្សារសាមគ្គី ស្ទឹងត្រែង ត្រូវអនុវត្តតាម បីចំណុចដូចខាងក្រោម៖

ទី១.អាជីវករលក់ដូរក្នុងផ្សារ និងជុំវិញផ្សារទាំងអស់ ត្រូវដាក់តាំងលក់ទំនិញអីវ៉ាន់ សម្ភារៈផលិតផល គ្រប់ប្រភេទ ត្រឹមគំនូសដែលមានស្រាប់ ឬត្រឹមទំហំតូប រានស្តង់ មិនអនុញ្ញាតឲ្យដាក់តាំង ហួសលើឃឿន លើផ្លូវ ចូលផ្សារ ធ្វើឲ្យផ្លូវតូចចង្អៀត មិនអាចធ្វើចរាចរណ៍ ចេញចូលបាន។

ទី២.ចំពោះបងប្អូនប្រជាពលរដ្ឋ លក់ដូរទាំងអស់ មិនមែនអាជីវករលក់ទំនិញ ផលិតផល បន្លែផ្លែឈើ ត្រីសាច់ នៅលើឃឿនលើផ្លូវជុំវិញផ្សារ លើផ្លូវខាងជើងផ្សារទាំងអស់ មិនអនុញ្ញាតឱ្យបន្តលក់ទៀតទេ ហើយត្រូវរកទីតាំងលក់ដូរ ដោយខ្លួនឯង។

ទី៣.ម្ចាស់ម៉ូតូគ្រប់ប្រភេទ ដែលបានចតអនាធិបតេយ្យជុំវិញផ្សារ ឬទុកក្នុងផ្សារ មិនអនុញ្ញាតឲ្យចតបន្តទៀតទេ ត្រូវយកម៉ូតូមកផ្ញើ នៅទីតាំងផ្ញើម៉ូតូរបស់ផ្សារ។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋ អាជីវករ អតិថិជន ដែលល្មើស មិនគោរពអនុវត្តតាម សេចក្តីជូនដំណឹង ខាងលើនេះ ឬមិនគោរពអនុវត្ត តាមបទបញ្ជាផ្ទៃក្នុង របស់សហគមន៍ ផ្សារសាមគ្គី ស្ទឹងត្រែង នៅពេលរៀបចំសណ្ដាប់ធ្នាប់ រាល់ការខូចខាត បាត់បង់ទ្រព្យ សម្បត្តិ គណៈអាជីវករ មិនទទួលខុសត្រូវឡើយ។ សេចក្តីជូនដំណឹងនេះ បានចាប់អនុវត្ត ចាប់ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ តទៅ៕ V / N