ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួតបាល់ទះ ដណ្ដើមពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ បានបញ្ចប់ហើយ នៅល្ងាច ថ្ងៃទី៣០ ខែតុលា ម្សិលមិញនេះ នៅសាលទីលានបាល់ទះ នៃកីឡដ្ឋានព្រីនស៍។

ក្រុមវិសាខា បានគ្រងតំណែងជើងឯក បន្ទាប់ពីយកឈ្នះក្រុមក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣ទល់០សិត ជាមួយពិន្ទុ ២៥-១៧, ២៥-១៨ និង ២៥-១៧ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញជើញចូលរួមក្នុងពិធីបិទការប្រកួតនេះ។
លោកបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ ដែលជាសញ្ញាណមួយ ដ៏ល្អ ក្នុងការជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទះជាតិ ឆ្ពោះទៅរកស្ដង់ដារអន្ដរជាតិ ពិសេសពង្រឹងក្រុមជម្រើសជាតិកម្ពុជា ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។

លោក ប្រធានសហព័ន្ធ បានមានប្រសាសន៍ថាៈ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្ដើម ពានរង្វាន់សម្ដេចអគ្គញមហាសេនាបតីប ហ៊ុន សែននេះ ក្នុងគោលដៅសំខាន់ៗ ចំនួន៤ គឺ៖ ១-ជាផែនការមួយ ក្នុងការធ្វើឲ្យកីឡាបាល់ទះកម្ពុជា កាន់តែមានគុណភាពខ្ពស់ និងឈានទៅរកស្ដង់ដារកម្រិតពិភពលោក។ ២-ពង្រឹងវិស័យកីឡាបាល់ទះឲ្យមាន សក្ដានុពល និងធ្វើឲ្យបាល់ទះ ជ្រាបចូលក្រអៅបេះដូង ក្នុងស្រទាប់យុវជន និងរួមចំណែកធ្វើឲ្យប្រជាជនកម្ពុជា មានសុខភាពល្អ និងចៀសឆ្ងាយពីការប្រព្រឹត្ត អំពើអបាយមុខផ្សេងៗ។ ៣-បង្កើនកម្រិតសមត្ថភាព ឲ្យកាន់តែប្រសើរឡើង សម្រាប់ត្រៀមការប្រកួតសំខាន់ៗនានា ពិសេសជ្រើសរើសកីឡាករ ចូលជម្រើសជាតិ សម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ៤-ពង្រឹងក្រុមជម្រើសជាតិ ឆ្ពោះទៅឈ្នះមេដាយមាស ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ និងការប្រកួតអន្ដរជាតិ នានា។

លោកបានសម្ដែងសេចក្ដីរីករាយ ចំពោះលទ្ធផលទាំងអស់ និងបានអបអរដល់ក្រុម
ទទួលបានជ័យលាភី ពិសេសក្រុមជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជម្នះ លើក្រុមជម្រើសជាតិគុយបា និងសិង្ហបុរី ក្នុងជំនួបមិត្តភាពអន្ដរជាតិ ក្នុងអំឡុងការប្រកួត ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ខាងលើ ។

ការប្រកួតបាល់ទះពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ បានចាប់ផ្ដើម​ការប្រកួត ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី៣០ ខែតុលា ដោយមានបេក្ខភាព ១១ ក្រុម ចូលរួម ។

ជាលទ្ធផល ក្រោយដំណើរការប្រកួត អស់កន្លះខែ ក្រុមបាល់ទះវិសាខា បានគ្រងជើងឯក អមប្រាក់រង្វាន់ ១ម៉ឺនដុល្លារ ខណៈក្រសួងមហាផ្ទៃ ទទួលបានចំណាត់ថ្នាក់លេខ២ អមប្រាក់រង្វាន់ ៥ពាន់ដុល្លារ ។ រីឯចំណាត់ថ្នាក់លេខ៣ បានទៅក្រុមបញ្ជាការដ្ឋាន អង្គរក្ស អមប្រាក់រង្វាន់ ៣ពាន់ដុល្លារ បន្ទាប់ពីយកឈ្នះក្រុមកងពលធំអន្ដរាគមន៍លេខ៣ ដោយលទ្ធផល ៣-១សិត ៕ V / N