ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅពេលនេះកំពុងតែយកចិត្តទុកដាក់ ចុះពិនិត្យនៅតាមខ្សែរសង្វាក់ផលិតកម្មសំខាន់ៗ ដើម្បីធ្វើយ៉ាងណាស្វែងរកយន្តការដោះស្រាយឲ្យធាតុចូលទាំងអស់នេះមានតម្លៃសមរម្យនិងកសិករអាចទទួលយកបាន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឲ្យដឹងថា នៅក្នុងរយៈពេលថ្មីៗនេះ លោកបាន ចុះ ទៅ ពិនិ្យកសិដ្ឋានចិញ្ចឹមគោបង្កាត់សិប្បនិមិត្តជាលក្ខណៈគ្រួសាររបស់លោក សេង សុកចិត្រា នៅភូមិព្រៃស្រង៉ែ ឃុំបល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ដោយនៅទីនោះ លោក បានស្តាប់របាយការណ៍បច្ចេកទេសរបស់ម្ចាស់កសិដ្ឋាន។

ប្រភពដដែលបានបន្តថា ក្រៅពីនោះ លោកក៏បានបន្ត ចុះទៅ ពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកនិងមាន់សាច់របស់ក្រុមហ៊ុន CP សាខាខេត្តកំពង់ធំ របស់លោក ងី គីមពៅ នៅភូមិអូរកោះគគី ឃុំជ្រប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានសមត្ថភាពផលិតជ្រូកបានចំនួន ៩.០០០ក្បាលនិងមាន់ចំនួន ៧០.០០០ក្បាល នៅក្នុងមួយវគ្គចិញ្ចឹម ដោយលោក ឌិត ទីណា បានជូន យោបល់ ដល់ ម្ចាស់ កសិដ្ឋានអំពីបញ្ហាអគ្គីសនី ដោយបានណែនាំឱ្យម្ចាស់កសិដ្ឋាន ដាក់ស្នើសុំប្រើប្រាស់អគ្គីសនីសម្រាប់បម្រើឱ្យវិស័យកសិកម្មដែលមានតម្លៃថោកជាងតម្លៃអគ្គីសនីធម្មតា។
ក្រៅពីនេះ លោករដ្ឋមន្រ្តី ក៏បានចុះពិនិត្យដេប៉ូលក់ជី ថ្នាំ កសិកម្មនៅក្រុងកំពង់ឆ្នាំង ហើយក៏បានចុះ រោងម៉ាស៊ីនកិនស្រូវនៅបាត់ដំបង ជាដើម។

លោក ឌិត ទីណា កាលពីពេលថ្មីៗនេះ បានអះអាងថា នៅក្នុងនាមជារដ្ឋមន្រ្តីកសិកម្ម លោកមិនចង់ឲ្យ តម្លៃកសិកម្មកម្ពុជាឡើងថ្លៃជ្រុលពេកនោះទេ ប៉ុន្តែអ្វីដែលលោកកំពុងតែយកចិត្តទុកដាក់នោះ គឺធ្វើយ៉ាងណា ឲ្យកសិករចំណាយតិច តែចំណេញច្រើន ហើយការដែលកសិកម្មឡើងថ្លៃ វាអាចបង្កផលប៉ះ ពាល់ដល់អ្នកបរិភោគនិងប្រើប្រាស់ ពីព្រោះវាថ្លៃសម្រាប់ពួកគេ៕/PC