ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធ កីឡាវាយសីកម្ពុជា និងលោកឧត្តមសេនីយ៍ទោ វ៉ាស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញចូលរួម ពិធីប្រកាសបិទការប្រកួតកីឡា វាយសី ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ និងបិទវគ្គបណ្តុះបណ្ដាលជំនាញ ទៅក្រុមអាជ្ញាកណ្ដាលថ្នាក់ជាតិ ថ្ងៃច័ន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ នៅទីលានហ្វឹក ហាត់សហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិ។

លោកឧត្តមសេនីយ៍ឯក លី កុសល បានមានប្រសាសន៍ថាៈ ការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ និងបិទវគ្គបណ្តុះបណ្ដាលចៅក្រម អាជ្ញាកណ្តាលថ្នាក់ជាតិ នៅថ្ងៃនេះ ខ្ញុំពិតជាមានអារម្មណ៍កក់ក្តៅខ្លាំងណាស់ និងសូមវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡារ-កីឡាការិនី វាយសី ព្រមទាំងចៅក្រម អាជ្ញាកណ្តាលទំាងអស់។

ឆ្លងតាមរបាយការណ៍របស់ គណៈកម្មការរៀបចំ ការប្រកួតបានបង្ហាញឲ្យឃើញច្បាស់ ពីការយកចិត្តទុកដាក់ និងការទំនុកបំរុងរបស់ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវត្តមាន មន្ត្រីកីឡាតំណាងក្រសួង ចាប់តាំងពីថ្ងៃបើកការប្រកួតដំបូង រហូតមកដល់ពេលនេះ និងការខិតខំបំពេញការងាររបស់ មន្ត្រីសហព័ន្ធកីឡាវាយសី កម្ពុជា ក៏ដូចជា គណៈកម្មការរៀបចំការប្រកួតទាំងមូល រួមទាំងចៅក្រមអាជ្ញាកណ្តាល ទាំងអស់ និងអ្នកគ្រូសញ្ជាតិ ម៉ាឡេស៊ី Yau Lin Na បានខិតខំប្រឹងប្រែងយកអស់ ស្មារតីបំពេញភារកិច្ច ប្រកបដោយជោគជ័យ គួរជាទីមោទនៈ។

លោកប្រធានសហព័ន្ធ បានបន្តថាៈ ការប្រកួតរបស់យើង គឺអនុវត្តតាមទម្រង់ទាំងស្រុង របស់ ការប្រកួតកីឡាជាតិ អនុវត្តតាមបទដ្ឋាន នៃការប្រកួត SEAGAMES ដើម្បីឲ្យកីឡាករ និងមន្ត្រីរបស់យើង មានឱកាសបានត្រៀមលក្ខណៈសម្បត្តិ ជាបណ្ដើរៗ ក្នុងការរៀនសូត្រ ដកបទពិសោធន៍ជាក់ស្ដែង ឈានធ្វើជាម្ចាស់ផ្ទះ SEA GAMES ឆ្នាំ២០២៣។ ប្រាកដណាស់ ថ្នាក់ដឹកនាំតាមបណ្តាក្លិប ខិតខំប្រឹងប្រែងជំរុញការងារ ហ្វឹកហាត់ ពង្រឹងពង្រីកសមត្ថភាពបច្ចេកទេសជំនាញ និងការងារគ្រប់គ្រងវិន័យបានល្អ ទើបកីឡាករ-ការិនីរបស់យើងថ្ងៃនេះ មានឱកាសបង្ហាញនូវស្នាដៃ ព្រមទាំងទេព កោសល្យ ក្នុងការដណ្ដើមយកជ័យលាភី តាមវិញ្ញាសានីមួយៗ។

បច្ចុប្បន្ននេះ យើងបានបញ្ជូនក្រុមកីឡាករ កីឡាការិនី ជម្រើសជាតិ ទៅហ្វឹកហាត់បង្កើន ជំនាញ នៅសាធារណរដ្ឋប្រជាមានិតចិន ហើយចំពោះកីឡាករ កីឡាការិនីបម្រុង និងកីឡាករ កីឡាការិនី វ័យក្មេង កំពុងទទួលការហ្វឹកហាត់ ពីលោកគ្រូបង្វឹក Choi Seoung Kook ជនជាតិកូរ៉េ ជាគ្រូជំនាញកម្រិតខ្ពស់ ហើយសិស្សរបស់គាត់ជា ច្រើននាក់ បានជាប់កម្រិត World Ranking ទៀតផង៕/V-PC