ដោយៈ ភ្នំសន្ទុក / កំពង់ធំៈ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថាៈ ចាប់ពីពេលនេះតទៅ សូមគូស្វាមីភរិយាថ្មី អាចនាំគ្នាមកដាំកូនឈើ ក្នុងសួនអនុស្សាវរីយ៍ អាពាហ៍ពិពាហ៍ ស្ថិតនៅក្នុងភូមិវល្លិ៍យាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ១គូ ដាំបាន ១ដើម ដើម្បីរួមគ្នាការពារបរិស្ថាន ឱ្យល្អប្រសើរ។

ការថ្លែងនេះ នាឱកាសលោក ងួន រតនៈ អភិបាលខេត្ត និងលោក តិប ញតា នាយអធិការដ្ឋាន រដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីពាក់ព័ន្ធ រួមទាំងគូស្វាមីជាច្រើនរូប ចូលរួមកម្មវិធីដាំកូនឈើ ក្នុងសួនអនុស្សារីយ៍ អាពាហ៍ពិពាហ៍ ខេត្តកំពង់ធំ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នេះ។

លោក ងួន រតនៈ បានបន្តថាៈ ការដាំកូនឈើ ក្នុងសួន ខាងលើនេះ វាជាការចូលរួមដ៏ល្អ សំរាប់មន្ត្រីរាជាការ ដាំកូនឈើ សួនអាពាហ៍ពិពាហ៍ នៅទីនេះ ថ្ងៃនេះ ទោះបីជាយើង មិនបានរៀបការ និងចុះសំបុត្រអាពាហ៍ពិពាហ៍ នៅសាលាឃុំ យ៉ាងណាក្តី មុនមកដាំ កូនឈើ នៅទីនេះ យ៉ាងណាក៏ដោយ ក៏ប៉ុន្តែយើងទាំងអស់គ្នា សុទ្ធសឹងបានរៀបអាពាហ៍ ពិពាហ៍ រួចមកហើយ ប៉ុន្តែអ្វីដែលសំខាន់ គឺយើងបានដាំកូនឈើ ក្នុងនាមគូស្វាមីភរិយា ក្នុងសួន ខាងលើនេះ។

លោកបានបន្តថាៈ ថ្ងៃនេះជាថ្ងៃដ៏ល្អ សូមឧទ្ទិសឱ្យព្រឹត្តិការណ៍ ដាំកូនឈើនេះ ឲ្យមាន អាយុវែង មានន័យឱ្យសួន ខាងលើនេះ មានសភាពស្រស់បំព្រងជានិច្ច និងចូលរួមថែទាំ កូនឈើទាំងអស់នេះ ឱ្យបានល្អ មិនមែនដាំហើយ ទុកចោលនោះទេ ដាំហើយ មកថែទាំ ផង ដើម្បីឱ្យកូនឈើ មានការលូតលាស់ ល្អប្រសើរ ក៏ជាការលូតលាស់ក្តីស្រឡាញ់ អាពាហ៍ពិពាហ៍យើងផងដែរ។

ទន្ទឹមនោះដែរ លោកអភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថាៈ ព្រៃឈើ ជាសម្បត្តិធម្មជាតិ ដ៏មានសារៈសំខាន់ ក្នុងការរក្សាបាននូវលំនឹង ដែលមានមុខងារ ជាច្រើនដូចជា រក្សានិយ័តកម្មប្រភពទឹក ការពារទីជម្រាល ការពារការហូរច្រោះ ទាក់ទាញទឹកភ្លៀង បន្សុទ្ធខ្យល់អាកាស ផ្ដល់ផលអនុផលព្រៃឈើ សម្រាប់ប្រើប្រាស់ភាសាជីវៈចម្រុះ និង រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ធម្មជាតិអេកូឡូស៊ី វប្បធម៌ និងជាទីជម្រក ដ៏សុខសាន្ត ចំពោះសត្វគ្រប់ប្រភេទ ដែលមានជីវិតនៅលើពិភពផែនដីយើងនេះ ។ យ៉ាងណាមិញ ការបាត់បង់ព្រៃឈើ វានឹងក្លាយជាបញ្ហា ដែលបង្កឱ្យដីបាត់បង់ជីជាតិ និងងាយកើតមានឡើង នូវគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះរាំងស្ងួត ជាដើម។

ជាចុងក្រោយ លោក ងួន រតនៈ បានសំណូមពរឱ្យអធិការដ្ឋាន ខាងជើងបឹងទន្លេសាប ជាទីតាំងអាណត្តិគ្រប់គ្រង រដ្ឋបាលព្រៃឈើ សូមចូលរួមការការពារកូនឈើ ក្នុងសួននេះ ឱ្យបានល្អប្រសើរ ក្នុងនាមជាអាជ្ញាធរដែនដី ដើម្បីសហការគ្នា៖ ទី១ សូមរៀបចំបន្ថែម ទីនេះ ឱ្យមានសម្បទានគ្រប់គ្រាន់ ដើម្បីជាកន្លែងណា ដែរអាច យកកូនឈើដាំបាន ហើយត្រូវមានផ្លូវ ជាឡូត៍រណ្តៅ ដើម្បីកំណត់ចំនួន ឱ្យបានច្បាស់ លាស់ ហើយអាជ្ញាធរ ជួយជំរុញឲ្យកូនក្មួយ ចុះអាពាហ៍ពិពាហ៍ថ្មី មកដាំកូនឈើ ។ ទី២ មន្ត្រីរាជការទាំងអស់ ដែលបានរៀបអាពាហ៍ពិពាហ៍ រួចហើយ ដែលមិនទាន់បានដាំ អាចជំរុញក្នុងការដាំ កូនឈើ នៅទីនេះ ហើយឱ្យសួននេះ ប្រែរូបរាងឱ្យបានឆាប់រហ័ស និងមានសភាពស្អាត ស្រស់បំព្រង ។ ទំហំដីនៅទីនេះ ក៏មានទំហំមិនធំប៉ុន្មានទេ ដូច្នេះសូមចលនាបន្ថែមទៀត ចំពោះគូស្វាមី ភរិយាថ្មី ជាលក្ខណៈក្រុមគ្រួសារ និងឯកជនក្តី សូមចូលរួមដាំកូនឈើ នៅសួន ខាងលើនេះ ទាំងអស់គ្នា៕/V-PC