​ដោយៈ​កញ្ញា​រស្មី​/​ភ្នំពេញ​៖​លោក ឃ្លាំង ហួត អភិបាលរង​រាជធានី​ភ្នំពេញ​បាន​រំលឹក​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​
​បណ្ណ​សម្គាល់ ម្ចាស់​អចលនវត្ថុ ឬ ហៅថា (​ប្លង់រឹង​) ដែល​ផ្តល់​ដោយ​អាជ្ញាធរ​រួចហើយ ត្រូវ​ថែរក្សា​ការពារ​ឱ្យបាន​ល្អ ព្រោះថា​វា​ធានាបាន​នូវ​ភាពកក់ក្តៅ​សុវត្ថិភាព​និង​សិទ្ធិ​កាន់កាប់​ដីធ្លី​ពេញលេញ​ក៏​អាច​ផ្តល់​លទ្ធភាព​សម្រាប់​ការលើក​
​កម្ពស់​ជីវភាព​គ្រួសារ​ផងដែរ​។​

​ទន្ទឹមនេះ​លោក​អភិបាលរង ក៏បាន​អំពាវនាវ​ដល​ឱ្យ​ប្រជាពលរដ្ឋ​យក​បណ្ណ​កម្ម​សិទ្ធ​នេះ​ទៅប្រើ​ប្រាស់​ដោយ​ការពិចារណា ឱ្យបាន​ត្រឹមត្រូវ​សម្រាប់​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​គ្រួសារ ។​សុំ​កុំ​យក​បណ្ណ​នេះ​ទៅប្រើ​ប្រាស់​ក្នុង​អបាយមុខ​ដែលនាំឱ្យ​មាន មហន្តរាយ​ដល់​ខ្លួនឯង គ្រួសារ និង​អនាគត​កូនចៅ ។​

​លោក ឃ្លាំង ហួត ណែនាំ​បែបនេះ​នៅក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៤២១​គ្រួសារ ស្ថិតនៅ​ភូមិ​អក្សរ និង​ភូមិ​ក្រាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នា​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២២​នេះ ក្នុង​បរិវេណ​វត្ត​អរុណ​វ​ត្តី ។​

​ចំពោះ​អ្នក​មិនទាន់បាន​ប័ណ្ណ​នេះ​អាចមក​ទាក់ទង​ឬ​សាកសួរ​ព័ត៌មាន​ជាមួយ​មន្ត្រី​ជំនាញ​នៅ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី​ជាប់​របង​ទីស្តីការគណៈរដ្ឋមន្ត្រី​ដោយផ្ទាល់​។​

​សូមបញ្ជាក់ថា ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​សង្កាត់​ចំនួន​ប្រាំពីរ​ក្នុង​នោះបាន​ចុះបញ្ជី​រួចរាល់​១០០​ភាគរយ​ចំនួន​៦​សង្កាត់ ចំពោះ​សង្កាត់​ត្រពាំង​ក្រសាំង​មាន​១៣​ភូមិ ហើយ​បាន​ចែក​ប័ណ្ណ​បាន​ចំនួន​១១​ភូមិ​រួមទាំង​ថ្ងៃនេះ នៅសល់​២​ភូមិ​ទៀត គឺ​ភូមិ​វាល បានធ្វើ​ការបិទ​ផ្សាយ​ចប់សព្វគ្រប់​ហើយ​ដែរ​នឹង​ត្រៀម​បោះពុម្ព​បណ្ណ​។ ឯ​មួយ​ភូមិ​ទៀត ក៏​ត្រៀម​ប្រជុំ​កាត់​ចំណីផ្លូវ និង បិទ​ផ្សាយ​ផងដែរ ៕​សរន​.mara