ដោយៈ ពៅនិមល / ភ្នំពេញ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នេះ បានឲ្យដឹងថាៈ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ គឺជាក្រុមហ៊ុនទី៨ បានចុះបញ្ជីលក់មូលបត្របំណុល ក្នុងទំហំទឹកប្រាក់ សរុបចំនួន ៤១ ប៊ីលានរៀល ស្មើនឹងប្រមាណ ១០ លានដុល្លារអាម៉េរិក ជាមួយនឹងអត្រាគូប៉ុង ៧% និងមាន ឥណប្រតិទាន ១០ ឆ្នាំ។

នៅក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្ម ជាផ្លូវការរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក ដែលផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក រថភ្លើងដឹកអ្នកដំណើរ ការជួលឃ្លាំងទំនិញ និងសេវាកម្មពន្ធ-គយ នៅរាជធានីភ្នំពេញ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក នៃផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថាៈ គិតមកដល់ ពេលនេះ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជី ចំនួន១៧ ដែលរួមមានក្រុមហ៊ុន ចំនួន៩ បានចុះបញ្ជីជាភាគហ៊ុន និង ៨ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម។

លោកបានបន្តថាៈ ក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្ម ក៏បានកើនឡើង ជាបន្តបន្ទាប់ ដោយសារក្រុមហ៊ុន ទទួលបាននូវប្រភពទុន ដែលមានថ្លៃដើមទាប និងជាទុនរយៈពេលវែង ហើយថែមទាំងទទួលបាន នូវការលើកទឹកចិត្តពន្ធដារ ពីរាជរដ្ឋាភិបាល បង្កើនកិត្តិនាមរបស់ខ្លួន នៅទីផ្សារជាតិ និងអន្តរជាតិ ទទួលបានការចាប់ អារម្មណ៍ពីដៃគូអាជីវកម្ម សក្កានុពល និងទទួលបានទំនុកចិត្តខ្ពស់ ពីអតិថិជន វិនិយោគិន និងសាធារណជនទូទៅទៀតផង។ ការណ៍នេះ បង្ហាញពីសញ្ញាណវិជ្ជមាន នៃវិស័យមូលបត្រ នៅក្នុងប្រទេសកម្ពុជា។

លោកអគ្គនាយក សង្ឃឹមថាៈ ជាមួយការប្រកាសចុះបញ្ជីលក់មូលបត្របំណុល ក្រុមហ៊ុនខាងលើ នឹងអាចនាំយកនូវ ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងៗទៀត ធ្វើការកៀរគរទុន តាមរយៈទីផ្សារមូលបត្រ ដោយធ្វើការបោះផ្សាយ និងចុះបញ្ជីជាមូលបត្រកម្មសិទ្ធិ ឬក៏ជា មូលបត្របំណុល។ លោកក៏លើកទឹកចិត្ត ដល់ម្ចាស់អាជីវកម្មនានា ពិចារណា អំពីលទ្ធភាព ក្នុងការបោះផ្សាយលក់ភាគហ៊ុន ដែលមិនត្រឹមតែផ្តល់ទុន ដល់ក្រុមហ៊ុនទេ តែអាចបង្កើតតម្លៃអាជីវកម្ម និងភាពទាក់ទាញ នៃអាជីវកម្ម នៅក្នុងចំណោម អ្នកវិនិយោគផងដែរ។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានលើកឡើងថាៈ ផ្លូវដែកបានឈប់ដំណើរការ នៅឆ្នាំ២០០៧ សព្វថ្ងៃនេះ មិនត្រឹមតែដំណើរការប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងរីកចម្រើន ហើយត្រូវការ ធនធានបន្ថែមទៀត ក្បាលរថភ្លើង និងរទេះភ្លើង និងការធ្វើឱ្យប្រសើរផ្លូវដែក។ មូលបត្របំណុលនេះ គឺសម្រាប់ការវិនិយោគ លើការរីកចម្រើននៃផ្លូវដែក បន្ថែមសេវាកម្ម ថ្មីសម្រាប់ប្រជាជនកម្ពុជា។

លោកបានបន្តថាៈ ការចុះបញ្ជីលក់មូលបត្របំណុលនេះ នឹងត្រូវបានប្រើ ដើម្បីធ្វើឱ្យ ប្រសើរឡើង នូវខ្សែផ្លូវដែក និងរទេះ និងក្បាលរថភ្លើង បូករួមទាំងឧបករណ៍ថ្មី ដែលនឹងធ្វើឱ្យផ្លូវដែកទំនើបបន្ថែមទៀត។ មិនយូរប៉ុន្មាន នឹងទទួលបានរទេះចំនួន១៣០ និងក្បាលរថភ្លើង ចំនួន ៤ ផ្សេងទៀត ដែលជាផ្នែកដំបូង នៃការបញ្ជាទិញចំនួន ៣៤០ រទេះ។

សូមបញ្ជាក់ថា រថភ្លើងដឹកអ្នកដំណើរ និងដឹកជញ្ជូន បច្ចុប្បន្ននេះ ដំណើរការ ចំនួន ៧ ថ្ងៃ ក្នុង១សប្តាហ៍ លើខ្សែទាំងពីរ រវាងភ្នំពេញ-ប៉ោយប៉ែត និងខេត្តព្រះសីហនុ។ ការដឹកជញ្ជូនទំនិញ ដែលបានដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ បានកើនឡើងប្រមាណ ៣៤% ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។

យោងតាមផ្សារមូលបត្រកម្ពុជា បានឲ្យដឹងថាៈ គិតក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ បរិមាណជួញដូរភាគហ៊ុន ប្រចាំថ្ងៃ ជាមធ្យម មានចំនួន ២៦៦.២៨៩ ហ៊ុន ក្នុងមួយថ្ងៃ កើនជាប់ត្រីមាសទី៣ ឆ្នាំ២០២១ ចំនួន ១៥៤.៥៣២ ភាគហ៊ុន ស្មើនឹង ១៣៨% ឯទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃ ជាមធ្យមមានចំនួន ៦៥៦.០៥១ ដុល្លារអាម៉េរិក កើនជាងត្រីមាសទី៣ ឆ្នាំ២០២១ ចំនួន ៤៣៥.១០០ ដុល្លារអាមេរិក ស្មើនឹង ១៩៧%។ លើសពីនេះទៅទៀត ចំនួនគណនីជួញដូរ បានកើនដល់ទៅ ៣៥.០០០ គណនី គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២នេះ៕/V-PC

ចំណងជើងរូបភាព៖ ពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ រូបភាព៖ ពៅនិមល