​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក អេ​ឡុន ម៉ាស បាន​បដិសេធ​របាយការណ៍​របស់​កាសែត New York Times ដែល​ថា​គាត់​គ្រោង​នឹង​បញ្ឈប់​បុគ្គលិក Twitter​មុន​ពេល​ចាប់​​ផ្តើម​ខែក្រោយ ដើម្បី​ចៀសវាង​ការបង់ប្រាក់​បំណាច់​។​

​ឆ្លើយតប​ទៅនឹង​អ្នកប្រើប្រាស់ Twitter ដែល​សួរ​អំពី​របាយការណ៍​នោះ លោក​បាន​និយាយថា “​នេះ​មិនមែន​ជា​រឿង​ពិត​ទេ​”​។​

​កាលពី​សប្តាហ៍​មុន លោក​ម៉ា​សបាន​បិទ​បញ្ចប់​ការទិញ​ក្រុមហ៊ុន​មក​កាន់កាប់​ក្នុងតម្លៃ ៤៤ ពាន់​លាន​ដុល្លារ បន្ទាប់​ពី​ជម្លោះ​ផ្លូវ​ច្បាប់​ជាច្រើន​ខែ​។​ការ​ទិញយក Twitter បានឃើញ​ការចាក​​ចេញ​របស់​ថៅកែ​កំពូល​របស់​ក្រុមហ៊ុន រួមទាំង​នាយក​ប្រតិបត្តិ ប្រធាន និង​ប្រធាន​ហិរញ្ញវត្ថុ​។​

​នៅ​ចុង​សប្តាហ៍​នេះ កាសែត New York Times បាន​រាយការណ៍​ថា លោក​ម៉ា​ស​បាន​បញ្ជា​ឱ្យ​កាត់បន្ថយ​ការងារ​សំខាន់ៗ​នៅ​ទូ​ទាំង​កម្លាំង​ការងារ​របស់ Twitter ។​

​កាសែត​នេះ​បាន​និយាយថា ការបញ្ឈប់​ពី​ការងារ​នឹង​ធ្វើឡើង​មុន​ថ្ងៃទី ១ ខែវិច្ឆិកា នៅពេល​ដែល​បុគ្គលិក​ត្រូវ​ទទួលបាន​លុយ​ពី​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ដែល​ជា​ផ្នែក​សំខាន់​នៃ​កិច្ចព្រមព្រៀង​ប្រាក់​​ឈ្នួល​របស់​ពួកគេ​។​

​ការកាន់កាប់​នេះ​បាន​ជំរុញ​ឱ្យមាន​ការពិភាក្សា​ដេញដោល​គ្នា​ក្នុងចំណោម​អ្នកប្រើប្រាស់ Twitter អំពី​អ្វី​ដែល​វេទិកា​នេះ​នឹង​មើល​ទៅ​មាន​រូបរាង​យ៉ាងណា​នៅ​ក្រោម​ភាពជា​ម្ចាស់​របស់​លោក​ម៉ាស​។​

​អ្នកខ្លះ​បាន​សម្តែង​ការព្រួយបារម្ភ​ថា គោល​នយោបាយ​និយាយ​ដោយ​សេរី​ដែល​មាន​លក្ខណៈ​ធូរស្រាល​ជាង​មុន មានន័យថា​មនុស្ស​ដែល​ត្រូវបាន​ហាមឃាត់​សម្រាប់​ការនិយាយ​ពាក្យ​សម្អប់​ឬ​ព័ត៌មាន​​មិន​ពិត អាច​នឹង​ត្រូវបាន​អនុញ្ញាត​ឱ្យ​ត្រឡប់​មក​កាន់​វេទិកា​នេះ​វិញ​៕

​លោក​ម៉ាស​មិន​មាន​គម្រោង​បណ្តេញ​បុគ្គលិក Twitter ចេញ​ទេ