​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ ទូ​សាក​ភ្លើង​ចំនួន ៣៤០.០០០ សម្រាប់​រថយន្ត​ថាមពល​ថ្មី (NEVs) ត្រូវបាន​ដំឡើង​នៅក្នុង​ខេត្ត​ក្វាង​ទុង​ភាគ​ខាងត្បូង​ប្រទេស​ចិន​ដែល​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​​របស់​ប្រទេស​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​បៃតង​។​

​ទូ​សាក​ភ្លើង ដែល​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ខេត្ត​ក្វាង​ទុង ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ធំ​មួយ​របស់​ចិន មិន​ត្រឹមតែ​បំពេញតម្រូវការ​អ្នកបើកបរ​ប៉ុណ្ណោះ​ទេ​តែ​ថែមទាំង​បាន​ចាក់​គ្រឹះ​រឹងមាំ​​សម្រាប់​ការសាងសង់​ហេដ្ឋារចនាសម្ពន្ធ​ឧស្សា​ហក​ម្ម​រថយន្ត NEV ផងដែរ​។​

​នៅ​ទីប្រជុំជន​ក្វាង​ចូ​វ​នៃ​ខេត្ត​ក្វាង​ទុង ទូ​សាក​ភ្លើង​អាច​ដំឡើង​នៅក្នុង​ចំណត​ឯកជន​មួយ​ដោយ​ប្រើ​ពេល​ត្រឹម​ប្រាំពីរ​ថ្ងៃ ដែល​លឿន​ស្ទើរតែ​ដូច​ការ​ចែកចាយ​រថយន្ត​ថ្មី​ដែរ​។​

​មន្ត្រី​ម្នាក់​នៅ​ផ្នែក​ផ្គត់ផ្គង់​ថាមពល​នៃ​សង្កាត់​ណាន​សា (Nansha)​នៃ​ក្រុង​ក្វាង​ចូ​វ បាន​និយាយថា “​យើង​បាន​បើក​ដំណើរការ​សេវាកម្ម​មួយ​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​ដាក់​ពាក្យ​ស្នើសុំ​ការដំឡើង​​ទូ​សាក​ភ្លើង​នៅ​ពេល​ណា​ដែល​ពួកគេ​បញ្ជា​ទិញ​រថយន្ត​ថ្មី ដោយ​បន្ថែម​ថា ការ​ចែកចាយ​រថយន្ត​និង​ការដំឡើង​ទូ​សាក​ភ្លើង​អាចធ្វើ​រួចរាល់​ក្នុងពេល​ដំណាលគ្នា​។​

​គិត​ត្រឹម​ខែ​កញ្ញា ខេត្ត​ក្វាង​ទុង​បាន​សាងសង់​បណ្តាញ​សាក​រថយន្ត​អគ្គិសនី​ធំ​បំផុត​នៅ​ប្រទេស​ចិន រួម​ទាំង​ទូ​សាក​ភ្លើង​សាធារណៈ​ចំនួន ៣៤៥.១២៦ និង​ស្ថានីយ​សាក​ភ្លើង​ចំនួន ១៩.១១៦ កន្លែង​នេះ​​បើ​យោង​តាម​សម្ពន្ធ​ផ្សព្វផ្សាយ​ហេដ្ឋារចនាសម្ពន្ធ​រថ​យន្ត​អគ្គិសនី​ចិន (EVCIPA)​។ ចំនួន​សរុប​នៃ​ហេដ្ឋារចនាសម្ពន្ធ​សាក​ភ្លើង​ទូទាំងប្រទេស​បាន​ឈាន​ដល់​ប្រហែល ៤,៤៩ លាន ពោល​កើនឡើង ១០១,៩ ភាគរយ​ធៀប​ឆ្នាំមុន​។​

​អ្នក​នៅ​ខាងក្នុង​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី​ជឿថា ការ​រចនា​កម្រិត​កំពូល​ដែល​កែ​ឱ្យ​ប្រសើរ​ជាមុន បាន​ធានា​នូវ​ដំណើរការ​សម្រាប់​ការពង្រីក​យ៉ាង​ឆាប់រហ័ស​នៃ​ហេដ្ឋារចនាសម្ពន្ធ​សាក​ភ្លើង​។​

​នាយកដ្ឋាន​រដ្ឋ​ពាក់ព័ន្ធ​បាន​ស្នើ​ឱ្យ​ណែនាំ​មូលធន​សង្គម​ចូលរួម​ក្នុង​ការសាងសង់​និង​ដំណើរការ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ពន្ធ​សាក​ភ្លើង​។​

​លោក លី ប៉ាវ​ហួ (Li Baohua) សាស្ត្រាចារ្យ​នៅ​សាលា​ឧត្តមសិក្សា​អន្តរជាតិ​ស៊ីង​ហួសិ​ន​ចិន (Tsinghua Shenzhen International Graduate School) បាន​កត់សម្គាល់​ថា ទាំង​សហគ្រាស​រដ្ឋ​និង​ឯកជន​អាច​ចូលរួម​ក្នុង​ការអភិវឌ្ឍ​ទីផ្សារ​ទូ​សាក​ភ្លើង​។​

​យោងតាម EVCIPA បានឱ្យដឹងថា សហគ្រាស​ធំៗ​ចំនួន ១៥ រួមមាន TLED, Star Charge, State Grid, China Southern Power Grid និង Evking​មាន​ភាព​សកម្ម​​ណាស់​ក្នុង​ការសាងសង់​និង​ធ្វើ​ប្រតិបត្តិការ​ទូ​សាក​ភ្លើង ដែល​ស្មើនឹង ៩២,៩ ភាគរយ​នៃ​ទីផ្សារ​។​

​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​រួមគ្នា​នេះ ខេត្ត​ក្វាង​ទុង​បាន​ពន្លឿន​ការកសាង​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​សាក​ថាមពល​រថយន្ត​ឆ្លាត​វៃ​និង​សុវត្ថិភាព ជាមួយ​នឹង​មុខងារ​គ្រប់គ្រាន់ ការ​រចនា​សម​ហេតុផល និង​ប្រតិបត្តិការ​មាន​ស្ថិរភាព​៕

ចំនួន​សរុប​នៃ​ហេដ្ឋារចនាសម្ពន្ធ​សាក​ភ្លើង​ទូទាំងប្រទេស​បាន​ឈាន​ដល់​ប្រហែល ៤,៤៩ លាន ពោល​កើនឡើង ១០១,៩ ភាគរយ​ធៀប​ឆ្នាំមុន