ដោយ៖តារារិទ្ធ(ភ្នំពេញ) នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុបជាង ៦ពាន់នាក់នៅ សាលសន្និសីទនិងពាណិជ្ជកម្មអន្តរជាតិជ្រោយចង្វារ ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថានិស្សិតដែលដែលអញ្ជើញទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះមានចំនួនសរុប ៦,៣០៧នាក់ (នារី ៣,០៨៨នាក់) ។ ក្នុងនោះមាននិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៦៦៤ នាក់ នារី ២,៥២៨នាក់ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១,៦៤៣នាក់ នារី ៥៦០នាក់។

លោករដ្ឋមន្ត្រីបានឱ្យដឹងថាយោងតាមលទ្ធផលស្ទង់មតិរបស់សាកលវិទ្យាល័យនិស្សិតដែលទទួលសញ្ញាបត្រនេះមាននិស្សិតជាង ៩៧ ភាគរយមានការងារធ្វើក្នុងនោះនិស្សិតថ្នាក់ បរិញ្ញាបត្រមានជាង ៩៦ភាគរយនិងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានជិត ១០០ភាគរយ។

បើតាមលោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន គិតចាប់ពីឆ្នាំ១៩៨២ដល់បច្ចុប្បន្ននេះសិក្ខាកាមនិងនិស្សិតដែលបានបញ្ចប់ការសិក្សាជាស្ថាពរពីសាកលវិទ្យាល័យមានចំនួនសរុប ៦១,១៩៦នាក់(នារី ២៣,៤៩៧នាក់)ក្នុងនោះនិស្សិតបរទេសមានចំនួន២០៩នាក់(នារី ៨៤នាក់) ។ និស្សិតជ័យលាភីទាំងនោះបាននិងកំពុងបម្រើការងារនៅតាមក្រសួង-ស្ថាប័ន រដ្ឋ,វិស័យឯកជន, អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ, និងមួយចំនួនកំពុងដំណើរការអាជីវកម្មផ្ទាល់ខ្លួន។

បច្ចុប្បន្ននេះសាកលវិទ្យាល័យមានក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, មន្រ្តី, បុគ្គលិក, សាស្រ្តាចារ្យក្របខ័ណ្ឌ និងសាស្រ្តាចារ្យជាប់កិច្ចសន្យាជាតិ-អន្តរជាតិសរុប ៥៨៩នាក់ (នារី ១៤៦នាក់) និងមាននិស្សិតកំពុងបណ្តុះបណ្តាលសរុប ១៤,៤៧២នាក់ (នារី ៧,២៨៨នាក់) ក្នុងនោះមាននិស្សិតបរទេសចំនួន ៤៣នាក់ នារី ២៣នាក់។

លោករដ្ឋមន្ត្រីបានឱ្យដឹងផងដែរថាដើម្បីធានាបាននូវការបណ្តុះបណ្តាលប្រកបដោយគុណភាពនិងនិរន្តរភាព សាកលវិទ្យាល័យបានអនុវត្តយន្តការធានាគុណភាពអប់រំជាពិសេស បានពង្រឹងប្រព័ន្ធវាយតម្លៃគុណភាពអប់រំជាប្រចាំដោយអនុវត្តតាមស្តង់ដាធានាគុណភាពអប់រំនិងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាសាកលវិទ្យាល័យបរទេសមួយចំនួ នតាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នាបានចំនួន៤៤ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍និស្សិតនិងសាស្រ្តាចារ្យ លើការសិក្សា, ការបង្រៀន, និងការស្រាវជ្រាវ ក្នុងគោល បំណងលើកកម្ពស់គុណភាពអប់រំឲ្យកាន់ តែប្រសើរ។

ចាប់តាំងពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្នសាកលវិទ្យាល័យបានបញ្ជូននិស្សិតទៅសិក្សាបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅបរទេសតាមរយៈអាហារូបករណ៍របស់សាកលវិទ្យា ល័យជាដៃគូនានាបានចំនួន ១,៧៥៩នាក់។ ក្នុងឆ្នាំសិក្សា២០២១-២០២២ នេះសាកលវិទ្យាល័យបានបញ្ជូននិស្សិតចំនួន ៤៦នាក់ (នារី ៣១នាក់) ទៅបន្តការសិក្សានៅបរទេសនិង បញ្ជូន និស្សិតចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាចំនួន ១០នាក់ (នារី៥នាក់) នៅប្រទេសបារាំង ជប៉ុន ឥណ្ឌូនេស៊ី។ ក្រៅពីនេះ និស្សិតចំនួន ២៤រូបបានចូលរួមការប្រកួតសវន ការប្រឌិតអន្តរជាតិពីចម្ងាយតាមប្រព័ន្ធអនឡាញចំនួន ៨ប្រកួតពាក់ព័ន្ធនឹងនីតិអន្តរជាតិ ។ នៅដើមឆ្នាំ២០២៣ខាងមុខនេះ សាកលវិទ្យាល័យត្រៀមនឹងបញ្ជូននិស្សិតចំនួន ៣០រូប ទៅចូលរួមការប្រកួតសវនការប្រឌិត អន្តរជាតិចំនួន ១០ប្រកួតបន្ថែមទៀត ។

សូមបញ្ជាក់ថាសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចគឺជាសាកលវិទ្យាល័យមួយបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែក ច្បាប់, សេដ្ឋកិច្ច, និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ៕