ដោយៈ​ ប​.​ខុន​/​ភ្នំពេញៈ​ ព្យុះ​ទី​២៣​ឈ្មោះ​បាន​យ៉ាន (BANYAN) មួយទៀត​បានកើត​មាន​ឡើង​នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងកើត​ប្រទេស​ហ្វីលីពីន​ដោយមាន​ដំណើរ​ចូលក្នុង​សមុទ្រ​ចិ​ង​ខាងត្បូង ខណៈ​ព្យុះ ទី​២២​ដែល​បាន​ប្តូរ​ទិសដៅ​កំពុងមាន​សកម្មភាព​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង បន្ទាប់ពី​បាន​ដើរកាត់​លើ​ភាគ​ខាងជើង​របស់​ប្រទេស​ហ្វីលីពីន តែ​ព្យុះ​ទាំង​២​នេះ​មិនមាន​ឥទ្ធិពល​អ្វី​ផ្ទាល់​ដល់​ប្រទេស​កម្ពុជា​ទេ​។​

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៣១​ខែតុលា​ថា​ព្យុះ​ទី​២២ ឈ្មោះ​ណា​ល់​ហ្គេ NALGAE ដែល​ដំបូង​ឡើយ​គេ​រំពឹងថា​វា​ដើរទៅរ​កកោះ​តៃវ៉ាន់​ហើយ​បន្តដំណើរ​ទៅរក​ប្រទេស​ជប៉ុន បន្ទាប់ពី​ដើរកាត់​លើ​ភាគ​ខាងជើង​របស់​ប្រទេស​ហ្វីលីពីន​នោះ នៅ ពេលនេះ​វា​បាន​ប្តូរ​ទិស​កំពុងមាន​សកម្មភាព​នៅក្នុង​សមុទ្រ​ខាងត្បូង​ដោយ​បន្តដំណើរ​ទៅរក​ហុង​ហុង​ហើយនឹង​ថយឥទ្ធិពល​រួច​ដើរ​ចុះមករ​កកោះ​ហៃណាំ​វិញ​។​


អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​និយាយ​ឱ្យដឹងទៀតថា​ព្យុះ​ទី​២២​នេះ​នឹង​រលាយ​នៅ​ថ្ងៃទី​២​ខែវិច្ឆិកា អាច​នឹងធ្វើ​ឱ្យមាន​ភ្លៀង​តិចតួច​នៅលើ​តំបន់​ដីសណ្តរ​មេគង្គ និង​តំបន់​មាត់សមុទ្រ​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​៤​ខែវិច្ឆិកា​។

​ព្យុះ​ទី​២២​ដើរ​ឡើង​ទៅលើ​(​ជើង​)​មិន​រួច​ដោយសារ​សម្ពាធ​ខ្ពស់​សង្កត់​ចុះមក​ខ្លាំង តែ​ខ្យល់មូសុង​ឦសាន​មិនទាន់​ធ្លាក់​ចុះមក​ស្របគ្នា​នៅឡើយ​ទេ ដោយសារ​ព្យុះ​នៅ​កើតមាន​បន្តទៀត​។​

​លោក​ចាន់ យុ​ត្ថា បាន​និយាយ​ឱ្យ​ដឹងផង​ទៀតថា នៅ​ថ្ងៃទី​៣១​ខែវិច្ឆិកា​នេះ​មាន​ព្យុះ​ទី​២៣​ឈ្មោះ​បាន​យ៉ាន BANYAN មួយទៀត​បានកើត​មាន​ឡើង​នៅក្នុង សមុទ្រ​ប៉ាស៊ីហ្វិក​ខាងកើត ប្រទេស​ហ្វីលីពីន​ដោយមាន​ដំណើរ​ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​ពេលនេះ​វា​ស្ថិតនៅក្នុង​កម្រិត​ជា​កូន​ព្យុះ​មានដំណើរ​កាត់​លើ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​ចូល មក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​ប្រទេស​កម្ពុជា​ក្នុង​សប្តាហ៍​នេះ​មិនមាន​ភ្លៀង​ធ្លាក់​ទេ ហើយ​អាកាសធាតុ​ត្រជាក់​ក៏​មិនទាន់​មកដល់​ដែរ​ដោយ ខ្យល់​បក់​មកពី​ភាគ​ឦ​សា ន​មានតែ​ខ្យល់​នៅ​រយៈកម្ពស់​ខ្ពស់​និង​ម្យ៉ាង​នៅលើ​ភាគ​ខាងកើត​ប្រទេស​ចិន​ពេលនេះ​មិនទាន់​អស់​ភ្លៀង​នៅឡើយ​ទេ​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​២៥ ខែតុលា បាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​ធាតុអាកាស សម្រាប់​ពីថ្ងៃ​ទី​២៦ ខែតុលា ដល់​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២២​ថា​​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ភាគ​ខាងជើង​(​ប្រទេស​ចិន​)​បាន​លាតសន្ធឹង​ចុះមក​ក្រោម​លើ​ប្រទេស​កម្ពុជា​ប្រសព្វ​ជាមួយនឹង​សម្ពាធ​ទាប​រុញ​ពី​សមុទ្រ​ចិន​ខាងត្បូង​។​ទន្ទឹម​នោះ​ខ្យល់​បាន​ប្តូរ​ទិស​ជា​បណ្តើរៗ តែ​បណ្តា​ខេត្ត​និង​រាជធានី នៅ​ផ្នែក​ខាងក្រោម​អាច​នៅមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ក្នុងនោះ​ផ្នែក​ខ្លះ​អាចមាន​ភ្លៀង​ធ្លាក់​បង្គួរ​ដោយ​អន្លើរ លាយ ឡំ​ទៅដោយ​ផ្គរ រន្ទះ ។​

នៅក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា​លក្ខណៈ​បែប​ធ្វើឱ្យ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២​ទៅ​២៤​អ​អ្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី​២៩​ទៅ​៣១​អ​អ្សា​សេ ។ សម្រាប់​រាជធានី​ភ្នំពេញ​និង​បណ្តា​ខេត្ត​នៅ​ផ្នែក​ខាងក្រោម​(​ត្បូង​)​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​ក្នុងនោះ​ផ្នែក​ខ្លះ​អាចមាន​ភ្លៀង​ធ្លាក់​បង្គួរ ដោយ​អន្លើរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ ។​

​សម្រាប់​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២១​ទៅ​២៣​អ​អ្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩​ទៅ​៣១​អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ ។​

​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២​ទៅ​២៤​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩​ទៅ​៣១​អ​អ្សា​សេ និង អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ ៕​