ដោយៈសុផល/ភ្នំពេញ៖ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ(WFP)សហការជាមួយ នាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភនៃក្រសួងផែនការនិងវិទ្យាស្ថានពហុបច្ចេក ទេសនិងសាកលវិទ្យាល័យរដ្ឋ Virginia (VirginiaTech)នឹងធ្វើការសិក្សាទៅលើឥទ្ធិពលផ្នែកសេដ្ឋកិច្ចសង្គមពាក់ព័ន្ធនឹងការដាក់ឱ្យប្រើប្រាស់អង្ករមីក្រូសារជាតិសម្រាប់ប្រជាពលរដ្ឋទូទៅនៅកម្ពុជា។

ការបញ្ចូលមីក្រូសារជាតិគឺជាការដាក់បន្ថែមនូវមីក្រូសារជាតិសំខាន់ៗទៅក្នុងចំណីអាហារដើម្បីបង្កើនតម្លៃអាហារូបត្ថម្ភ របស់វា ដោយសុវត្ថិភាព និងក្នុងតម្លៃសមសម្រប។ នៅកម្ពុជា ការបញ្ចូលមីក្រូសារជាតិក្នុងអំបិល ទឹកត្រីនិងទឹកស៊ីអ៊ីវ ជាមួយនឹងជាតិអ៊ីយ៉ូត និង/ឬជាតិហ្វូឡាត ត្រូវបានអនុវត្តបានយ៉ាងប្រសើរអស់រយៈពេលជាច្រើនឆ្នាំក៏ប៉ុន្តែការបញ្ចូល មីក្រូសារជាតិទៅក្នុងអង្ករក្នុងទ្រង់ទ្រាយធំគឺជារឿងថ្មីនៅឡើយ។

ការវិភាគដែលនឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយនេះនឹងជួយរដ្ឋាភិបាលក្នុងការពិនិត្យមើលទៅលើអត្ថប្រយោជន៍នៃការវិនិយោគទៅលើអង្ករមីក្រូសារជាតិដែលផលិតក្នុងស្រុកនិងវាយតម្លៃទៅលើឥទ្ធិពលរបស់វាក្នុងការកាត់បន្ថយកង្វះមីក្រូសារជាតិរបស់ប្រជាពលរដ្ឋ។ លទ្ធផលអាចរួមមានដូចជា កាត់បន្ថយការចំណាយលើការថែទាំសុខភាពសុខភា និង អាហារូបត្ថម្ភប្រសើរឡើងសមត្ថភាពរៀនសូត្រប្រសើរឡើងលើកកម្ពស់ផលិតភាពការងារនិងកត្តាផ្សេងទៀតដែលផ្តល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍន៍ធនធានមនុស្សនិង សេដ្ឋកិច្ច។

លោក សុខ សូយ៉ុន អនុរដ្ឋលេខាធិការក្រសួងផែនការនិងជាប្រធានអនុគណៈកម្មាធិការជាតិទទួលបន្ទុកការងារបញ្ចូលមីក្រូសារជាតិទៅក្នុងចំណីអាហារ (NSCFF) មានប្រសាសន៍ថា“ការសិក្សានេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខដើម្បីគាំទ្ររបៀបវារៈជាតិស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារក៏ដូចជាឆ្លើយតបទៅនឹងអនុសាសន៍របស់កិច្ ប្រជុំកំពូល ស្ដីពីប្រព័ន្ធស្បៀងឆ្នាំ២០២១ ពាក់ព័ន្ធនឹងការបញ្ចូលមីក្រូសារជាតិទៅក្នុងស្បៀងអាហារ នៅថ្នាក់ជាតិ។

កាលពីសប្ដាហ៍មុន WFP និងក្រុមអ្នកសិក្សាស្រាវជ្រាវមកពី Virginia Tech ជួបពិភាក្សាជាមួយតំណាងរដ្ឋាភិបាល វិស័យឯកជនអ្នកប្រើប្រាស់និងអ្នកផលិតដើម្បីរួមគ្នាបង្កើតក្របខ័ណ្ឌ សម្រាប់ ការវិភាគ។ក្នុងនោះ WFP បានសហការរៀបចំសិក្ខាសាលាមួយជាមួយក្រសួងផែនការនៅថ្ងៃទី២៧ខែតុលាដោយបានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗរបស់NSCFFនិងភ្នាក់ងារអភិវឌ្ឍន៍ដើម្បីពិភាក្សាអំពីអាទិភាពនិងសំណួរគន្លឹះដែលរាជរដ្ឋាភិបាលកម្ពុជាចង់ឱ្យការសិក្សានេះរកដំណោះស្រាយនិងដើម្បីជំរុញរបៀបវារៈជាតិស្ដីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណី អាហារ។

លោកស្រី គ្លែរ កូណាន់ តំណាងនិងជានាយកប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោកមានប្រសាសន៍ថា“អង្ករមីក្រូសារជាតិផ្តល់នូវឱកាសដ៏សំខាន់មួយក្នុងការលើកកម្ពស់ អាហារូបត្ថម្ភរបស់ប្រជាជនងាយរងគ្រោះនៅទូទាំងប្រទេស ដោយប្រសិទ្ធភាព និងក្នុងតម្លៃសមរម្យ។”អស់រយៈពេលជាងមួយទសវត្សរ៍មកនេះ WFPគឺជាដៃគូឈានមុខរបស់ រដ្ឋាភិបាល ពាក់ព័ន្ធនឹងអង្ករមីក្រូសារជាតិនិងបានផ្តល់អង្ករមីក្រូសារជាតិដល់សិស្សសាលារាប់សែននាក់តាមរយៈកម្មវិធី ផ្តល់ស្បៀងអាហារតាមសាលារៀន”។

លោកស្រីកូណាន់បានបន្ថែមថា“អង្ករមីក្រូសារជាតិបង្កើនតម្លៃអាហារូបត្ថម្ភដោយគ្រាន់តែចំណាយបន្ថែមក្នុងកម្រិតអប្បបរមា និងបានដើរតួនាទីក្នុងការលើកកម្ពស់សមត្ថភាព រៀនសូត្រ និងសុខភាពរបស់សិស្ស។”

បច្ចុប្បន្ននេះWFPកំពុងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីស្វែងរកឱកាសក្នុងការនាំយកនូវអង្ករបញ្ចូលមីក្រូសារជាតិ ទៅកាន់ប្រជាពលរដ្ឋឱ្យបានកាន់តែទូលំទូលាយ ក្នុងភាពជាដៃគូរវាងរដ្ឋាភិបាលនិងវិស័យឯកជន ដើម្បីលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភឱ្យបានទូលំទូលាយ និងនិងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច។ការសិក្សានេះនឹ ក្លាយជា ជំហានដ៏សំខាន់មួយក្នុងការជំរុញរបៀបវារៈនេះនៅថ្នាក់ជាតិ។

កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ គឺជាអង្គការមនុស្សធម៌ដ៏ធំជាងគេបំផុតនៅលើពិភពលោកដែលជួយសង្គ្រោះជីវិតមនុស្សក្នុងគ្រាអាសន្ននិងប្រើជំនួយ ស្បៀង អាហារ ជាវិធីកសាងមាគ៌ាឆ្ពោះទៅកាន់សន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ប្រជាជនដែលបានឆ្លងកាត់ជម្លោះ គ្រោះមហន្តរាយនិងផលប៉ះពាល់នៃការប្រែប្រួល អាកាសធាតុ៕សរន / N