ដោយៈទេពកង្រី/កំពង់ឆ្នាំង៖ អគារទីចាត់ការមួយខ្នង នៅសាលាបឋមសិក្សាសំរោង ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួម ពីលោក ហ្វីលីព ប្រធានអង្គការអ៊ីហ្សីរ៉េតដើសប្រទេសបារាំង និង លោក ប៊ុត សប្បាយ ប្រធានក្រុមប្រឹក្សាឃុំពោធិ៍ ។អគារនេះជាអំណោយរបស់អង្គការ អ៊ីហ្សីរ៉េតដើស។

ក្នុងពិធីនេះ លោក ប៊ុត សប្បាយ និងលោកជុំពិសិទ្ធិនាយកសាលាបឋមសិក្សាសំរោងបានឱ្យដឹងថាអង្គការអ៊ីហ្សីរ៉េតដើស តែងតែបានគាំទ្រលើវិស័យអប់រំ នៅក្នុងមូលដ្ឋានរបស់ឃុំពោធិ៍ ដូចជាការផ្តល់អាហារពេលព្រឹកដល់កុមារនៅក្នុងសាលា និងអគារសម្រាប់សិស្សទទួលទានអាហារ។ក្រៅពីនេះក៏បានជួយផ្គត់ផ្គង់ផ្តល់អំណោយជាសម្ភារសិក្សាដល់សិស្សនៅទីនេះផងដែរ ។

លោក ហ្វីលីព ប្រធានអង្គការអ៊ីហ្សីរ៉េតដើសបានឱ្យដឹងថា អង្គការឬសមាគមរបស់លោកគឺជាក្រុមមួយដែលបាន មូលនិធិពីការចូលរួមរបស់ប្រជាជនដែលរស់នៅប្រទេសបារាំងដែលបានកៀងគរចូលរួមសម្រាប់កសាងនិងអភិវឌ្ឍធនធានមនុស្សដែលនៅតំបន់ដាច់ស្រយាល។លោកបន្តថាមូលហេតុដែលលោកសម្រេចចិត្តនាំយកថវិកាមកកសាងហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំនៅសាលាបឋមសិក្សាពោធិ៍នេះដោយពិនិត្យមើលឃើញអំពីភាពចាំបាច់និងតម្រូវការរបស់សិស្សានុសិស្ស និង លោកគ្រូអ្នកគ្រូ ក្នុងការចូលរួមលើកកម្ពស់ធនធានមនុស្សនៅតំបន់នេះអោយកាន់តែប្រសើរឡើង ។
សមិទ្ធផលថ្មីនាពេលនេះមិនមែនជាលើកទី១នោះទេដែលក្រុមការងារបស់លោកបានជួយនៅសាលាបឋមសិក្សាសំរោងនេះ ។អគារទីចាត់សាលាបឋមសិក្សាសំរោងដែលសម្ពោធនេះមានទទឹង៥,៩ម៉ែត្រ និង បណ្តោយប្រវែង៦,៩ម៉ែត្រ ចំណាយអស់ទឹកប្រាក់ជាងប្រាំពាន់ដុល្លារ ។នៅក្នុងឱកាសនោះ អង្គការអ៊ីហ្សីរ៉េតដើសបានចែកអំណោយ ជាសម្ភារសិក្សា និង នំ ដល់សិស្សានុសិស្សដែលចូលរួមទៀតផង ៕សរន / N