​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការរំពឹង​ទុក​នៃ​ការសាកល្បង​នុយក្លេអ៊ែរ​ថ្មី​របស់​កូរ៉េ​ខាងជើង​បាន​គូសបញ្ជាក់​ពី​ជម្រើស​តិចតួច​សម្រាប់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​សម្ពន្ធមិ​ត្ត​របស់​ខ្លួន ដែល​បាន​ទទួលយក “​ការរារាំង​” រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​តាមរយៈ​សមយុទ្ធ​យោធា​សំខាន់ៗ ដែល​មន្ត្រី​បច្ចុប្បន្ន​និង​អតីត​មួយចំនួន​បាន​និយាយថា​អាច​ធ្វើឱ្យ​ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​។​

​កូរ៉េខាងត្បូង​បាន​និយាយ​កាលពី​ខែ​តុលា​ថា ការសាកល្បង​នុយក្លេអ៊ែរ​ថ្មី​នឹង​ប្រឈម​មុខ​នឹង​ការឆ្លើយតប “​ដែល​មិន​អាច​ប្រៀបផ្ទឹម​បាន​” ពី​សម្ពន្ធមិត្ត​ប៉ុន្តែ​គេ​មិន​ច្បាស់​ថា​តើ​វិធានការ​ណា​ដែល​​នឹង​មិន​ជាន់​ដាន​ចាស់​។​

​ទាហាន​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​នៅលើ​ឆ្នេរ​មួយ​នៅ​ក្រុង​ប៉ូ​ហាង កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​២៦​តុលា ២០២២

​ការដាក់ទណ្ឌកម្ម សម្ពាធ​ការទូត និង​ការ​សម្ញែង​កម្លាំងយោធា​ជាច្រើន​ឆ្នាំ​មិន​បាន​រារាំង​កូរ៉េ​ខាងជើង​ពី​ការអភិវឌ្ឍ​និង​ពង្រីក​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​អាច​បាញ់​ដល់​​សហរដ្ឋ​អាម៉េរិក​នោះឡើយ​។​

​ដោយហេតុ​ថា​ឥឡូវនេះ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​មាន​ភាពចាស់ទុំ​និង​បាន​ដាក់ពង្រាយ​រួចហើយនោះ សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​កំពុង​សម្លឹង​រក​វិធី​រារាំង​កូរ៉េខាងជើង​ពី​សកម្មភាព​យោធា​។​

​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង លោក លី ជុង​ស៊ុប (Lee Jong-sup) បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា​ការផ្តោត​សំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​ជាមួយ​កូរ៉េខាងជើង​គួរតែ​ផ្លាស់​​ប្តូរ​ពី​ការរារាំង​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ទៅ​ជា​ការរារាំង​ការប្រើប្រាស់​អាវុធ​ទាំងនោះ​វិញ​។​

​លោក​បាន​ប្រាប់​ក្រុម​សមាជិកសភា​ថា “​យើង​មាន​គម្រោង​ពង្រីក​វិសាលភាព​នៃ​ការចូលរួម​របស់​យើង​ក្នុង​ការចែករំលែក​ព័ត៌មាន​សម្ងាត់ ការធ្វើផែនការ ការធ្វើ​លំ​ហាត់​សមនិង​សមយុទ្ធ​”​។​

​មន្ត្រី​ក្រសួង​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា លោក​លី​មិន​បាន​បង្ហាញ​ការគាំទ្រ​របស់​គាត់​នៅ​ពីក្រោយ​គំនិត​នៃ​ការទទួលស្គាល់​ថា​កូរ៉េខាងជើង​ជា​រដ្ឋ​នុយក្លេអ៊ែរ​នោះទេ​ប៉ុន្តែ​បាន​សង្កត់​​ធ្ងន់​លើ​តម្រូវការ​ជា​បន្ទាន់​ដើម្បី​រារាំង​កូរ៉េខាងជើង​ពី​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​។​

​លោក ដា​នី​ញែល រូស​សែ​ល (Daniel Russel)​អតីត​មន្ត្រីការទូត​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាម៉េរិក បាន​និយាយថា​”​លោក​លី​កំពុងនិយាយ​ឮ​ខ្លាំងៗ​អំពី​អ្វី​ដែល​អ្នក​បង្កើត​គោល​នយោបាយ​នៅ​ទីក្រុង​​សេ​អ៊ូ​ល​និង​វ៉ាស៊ីនតោន​កំពុង​គិត ពោលគឺ​ខណៈពេលដែល​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​គឺ​ជា​គោលដៅ​ចុងក្រោយ ការរារាំង​កូរ៉េខាងជើង​គឺជា​អាទិភាព​នៅ​ទី​នេះ​និង​ឥឡូវនេះ​”៕

​លោក​គីម ជុង​អ៊ុយ សង្កេតមើល​ការសាកល្បង​មី​ស៊ី​ល​នាពេល​ថ្មីៗ​នេះ