ដោយៈ សុផល/ភ្នំពេញ៖ រាជរដ្ឋាភិបាលបានកសាង និងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន កំពង់ផែវិស័យដឹក ជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក វិស័យភស្តុភារកម្មនិងជាពិសេសការផ្តល់សេវា សាធារណៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាពជូនបងប្អូនប្រជាពលរដ្ឋ។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន” នាពេលថ្មីៗកន្លងមកនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានគូសបញ្ជាក់ថា៖ ក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយ (២០១៧-២០២២)បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យaផ្តល់ សេវាសាធារណៈកន្លងមក យើងសង្កេតឃើញថាក្រសួងសាធារណការ និងដឹកជញ្ជូន រកប្រាក់ចំណូលជាតិបានសរុបប្រមាណ ២០៨លានដុល្លារអាម៉េរិក។
បើប្រៀបធៀបចំណូលសេវាសាធារណៈឆ្នាំ២០២១ និង២០១៦ ឃើញថាមានការកើនឡើង ២២ដង ដោយក្នុងឆ្នាំ២០១៦ (មុនពេលប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម) ចំណូលសេវាសាធារណៈមាន ត្រឹមតែ១,៩លានដុល្លារ ខណៈដែលចំណូលឆ្នាំ២០២១ (ពេលមានប្រព័ន្ធស្វ័យប្រវត្តិកម្ម) មានចំនួន ៤២លានដុល្លារ៕