ដោយៈ សុផល/ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា សហការជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជា បានរៀបចំ«ទិវាសន្សំអាស៊ាន» នៅខេត្តសៀមរាប ក្រោមប្រធានបទ៖ “សន្សំតិចប្រសើរជាងមិនបានសន្សំ” ។

យោងតាមសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី៣១ខែតុលានេះរបស់សមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថាការរៀបចំទិវាសន្សំអាស៊ាននាពេលនេះគឺដើម្បីចូលរួមចំណែកលើកកម្ពស់និងធ្វើឲ្យប្រសើរឡើងនូវបរិយាបន្នហិរញ្ញវត្ថុ ដែលស្របតាមយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ក្នុងការលើកកម្ពស់ ការសន្សំនៅ ក្នុង គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការសន្សំប្រាក់ជាផ្នែកមួយ ដ៏សំខាន់ នៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់បុគ្គល និងក្រុ ម គ្រួសារនីមួយៗ។ ការគ្រប់គ្រងចំណូល-ចំណាយបានល្អជា កត្តាចាំបាច់បឋម ដើម្បីឈានទៅដល់ការស ន្សំ ប្រាក់ ជាពិសេស ការសន្សំប្រាក់ជាមួយគ្រឹះ ស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ។លោកបន្តថាដោយយល់ឃើញអំពីសារៈសំខាន់នៃការសន្សំប្រាក់ទាំងក្នុងក្របខណ្ឌសង្គមកិច្ចនិងសេដ្ឋកិច្ចដែលមួយផ្នែកអាចជួយសម្រួលតម្រូវការបន្ទាន់របស់ក្រុមគ្រួសារនិងមួយផ្នែកទៀតជាមូលធនជួយសម្រួលដល់តម្រូវការវិនិយោគ និងអភិវឌ្ឍប្រទេសជាតិកាលពីឆ្នាំ២០១៩ បណ្ដាប្រទេសសមាជិកអាស៊ានទាំង១០ ប្រទេស បានអនុម័តជ្រើសរើសយកថ្ងៃទី៣១ ខែតុលា ជាថ្ងៃប្រារព្ធ “ទិវាសន្សំអាស៊ាន” ដែល ស្របទៅនឹង ទិវាសន្សំសកល ផងដែរ។

លោកបណ្ឌិត អ៊ិន ចាន់នី សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា បានកត់សម្គាល់ថា ប្រជាជនកម្ពុជា ជាអ្នកតស៊ូព្យាយាម អត់ធ្មត់ និងចូលចិត្តសន្សំ ដែលដើមឡើយ មានទម្លាប់សន្សំនៅតាមផ្ទះ ទោះច្រើនក្តីតិចក្តី ស្របតាមប្រធានបទនៅថ្ងៃនេះ “សន្សំតិចប្រសើរជាងមិនបានសន្សំ” ដូចសុភាសិតបុរាណបានពោលថា “តក់ៗ ពេញបំពង់”។ លើសពីនេះទៅទៀត ប្រជាជនកម្ពុជា មិនត្រឹមតែមានទម្លាប់សន្សំប៉ុណ្ណោះទេ ថែមទាំងមាន ការសំចៃ ទៀតផង។ ដោយប្រទេសកម្ពុជាមានការអភិវឌ្ឍ និងវិស័យធនាគារមានការរីកចម្រើន និងមានបច្ចេកវិជ្ជាទំនើប ប្រជាជានកម្ពុជាបានចាប់ផ្តើមងាកមកសន្សំនៅតាមគ្រឹះស្ថានធនាគារ ដែលនាំឲ្យការសន្សំនៅគ្រឹះស្ថានធនាគារមានការ កើនឡើងគួរឱ្យកត់សម្គាល់ ចំនួន USD៩៥៤,៨លាន នៅឆ្នាំ២០០៥ កើនឡើងដល់ចំនួន ៣៥.៥១៩,៧លាន នៅឆ្នាំ ២០២១ ដែលមានកំណើនជា មធ្យមចំនួន២៥ភាគរយ។ នេះជាការបន្ថែមរបស់លោកបណ្ឌិត អ៊ិន ចាន់នី។

ចំណែកលោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានលើកឡើងថា សមាគមីក្រូហិរញ្ញវត្ថុកម្ពុជាតែងតែចូលរួមយ៉ាងសកម្មជាមួយដៃគូ គ្រឹះស្ថានសមាជិក ក៏ដូចជាធនាគារជាតិនៃកម្ពុជា ក្នុងការផ្តួចផ្តើម និងចូលរួមជំរុញចំណេះដឹងហិរញ្ញវត្ថុ ជាពិសេសគឺបង្កើតនូវវប្បធម៌សន្សំដល់សាធារណៈជន តាមរយៈគម្រោង យុទ្ធនាការណ៍នានា ក៏ដូចជាការបង្កើតនូវមាតិកាសង្គមជាច្រើនបែបបទ ដើម្បីផ្សព្វផ្សាយ ជាប្រចាំ។ លោកបន្តថា ការសន្សំពិតជាមានសារៈសំខាន់ដែលត្រូវតែយកចិត្តទុកដាក់ និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ព្រោះថាការសន្សំអាចជួយសម្រួលនូវតម្រូវការចាំបាច់ក្នុងស្ថានភាពបន្ទាន់នៅពេលអនាគត ហើយជាពិសេសគឺចូលរួមពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ ប្រចាំថ្ងៃរបស់យើងឱ្យកាន់តែប្រសើរឡើង៕សរន