ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ដ្រី ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ នៅព្រឹកថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២២ បាន ជួប ប្រជុំ ពិគ្រោះ យោបល់ ស្ដី ពី ការងារ ផលិតកម្ម ពូជ ស្រូវ និង ការ នាំ ចេញ អង្ករ ជាមួយ តំណាង មក ពី សហព័ន្ធ ស្រូវ អង្ករ កម្ពុជា។

កិច្ច ប្រជុំ នេះ រៀបចំ ធ្វើ ឡើង នៅ ទីស្ដីការ ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ដោយ មាន ការ ចូល រួម ពី មន្ដ្រី ជំនាញ នៃ ក្រសួង កសិកម្ម ពាក់ព័ន្ធ នឹង ការ ផលិត ពូជ ស្រូវ ព្រម ទាំងប្រធាន មន្ទីរ កសិកម្ម នៅ ខេត្ត ពាក់ព័ន្ធ និងសមាជិក សមាជិកា នៃ សហព័ន្ធ ស្រូវ អង្ករ កម្ពុជា ដឹក នាំ ដោយ លោក ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន ក្រុមប្រឹក្សា ភិបាល នៃ សហព័ន្ធ ស្រូវ អង្ករ កម្ពុជា និង ជា អគ្គ នាយក នៃ ក្រុមហ៊ុន Mekong Oryza Trading Co., Ltd។

នៅ ក្នុង កិច្ច ប្រជុំនេះ លោក ឌិត ទីណា បាន លើក ឡើងពី របៀប វារៈ ដែលជា អាទិភាព ចំពោះ មុខ គឺផែនការ សកម្មភាព ស្ដី ពី ការ ជំរុញ ផលិតកម្ម និង ការ ប្រើ ប្រាស់ ពូជ ស្រូវ ដែល មាន គុណភាពល្អក្នុង បរិមាណ ទាប តែ ផ្ដល់ ទិន្និផលស្រូវ ខ្ពស់ មាន អត្រា ដំណុះ គ្រាប់ ក្នុង ស្រែ ខ្ពស់ លឿន មាន កម្លាំង ខ្លាំង ធន់ នឹង ជំងឺ និង សត្វ ល្អិត ដំណាំស្រូវ ទុំ ស្រុះ គ្នា ល្អ និង មាន អត្រា លាយ គ្រាប់ ពូជ ផ្សេង និង គ្រាប់ស្មៅចង្រៃ ទាប ដែល នឹង រួម ចំណែក ឱ្យ ស្រូវ អង្ករ មាន តម្លៃ ខ្ពស់ នៅលើ ទីផ្សារ ។

លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធាន ក្រុមប្រឹក្សា ភិបាល នៃ សហព័ន្ធ ស្រូវ អង្ករ កម្ពុជា បាន សម្ដែង ការ គាំទ្រ ចំពោះ គំនិត ផ្ដួច ផ្ដើម របស់លោក រដ្ឋមន្ដ្រី ក្នុង ការ ផលិត ពូជ ស្រូវ សុទ្ធ ដើម្បី ផ្គត់ផ្គង់ នៅ លើ ទីផ្សារ សម្រាប់ កសិករ ។ បើ តាម លោកឧកញ៉ា ហ៊ុន ឡាក់ ការ ប្រើ ប្រាស់ ពូជ ស្រូវ សុទ្ធ នឹង អាច ធានា បាន នូវភាព សុទ្ធ នៃ គ្រាប់ អង្ករ សម្រាប់ ការ ដាក់ លក់ លើ ទីផ្សារ ទាំង ទីផ្សារ ក្នុង ស្រុក និង ទីផ្សារ បរទេស ។ នៅ ក្នុង ផែនការ ផលិត ពូជ ស្រូវ សុទ្ធ នេះ ដែរ លោក រដ្ឋមន្ដ្រី ឌិត ទីណា បាន ថ្លែង លើក ទឹក ចិត្ត ឱ្យ មាន ការ ចូល រួម ពី គ្រប់ ភាគី ពាក់ព័ន្ធ ទាំង អស់ ជា ពិសេស វិស័យ ឯកជន ដើម្បីធានា ថា ពូជ ស្រូវ សុទ្ធ ដែល ប្រជាកសិករ ផលិត បាន នឹង មាន ទីផ្សារ ទទួល ទិញ យក ទៅ ដាំ ដុះ បន្ត ។

នាឱកាសនោះ លោក ឌិត ទីណា ក៏បាបស្នើ ឱ្យភាគី ពាក់ព័ន្ធសិក្សា អំពីប្រភេទ អង្ករ ដែល ជា តម្រូវ ការ នៅ លើ ទីផ្សារ អន្ដរជាតិ ហើយ ជំរុញ ការ ផលិត ស្រប ទៅ តាម តម្រូវ ការ ទីផ្សាររីឯលោកឧកញ៉ា ហ៊ុន ឡាក់ បាន ស្នើ ដល់លោករដ្ឋមន្ដ្រី ជួយ សម្រួល ខ្សែ ច្រវាក់ ផលិតកម្ម ដើម្បី កាត់ បន្ថយ ចំណាយ និង បង្កើន ប្រាក់ ចំណេញ កសិករ ក៏ ដូច ជា ជំរុញ ការ នាំ ចេញ ទៅ កាន់ ទីផ្សារ ដែល មាន សក្ដានុពល ថ្មី ៗ បន្ថែម ទៀត ៕