ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ជាឧកាសដ៏ មានសារសំខាន់ ក្នុងការពិនិត្យលើសមិទ្ធផលការងារ បញ្ហាប្រឈម និងដាក់ចុះដំណោះ ស្រាយ ដើម្បីបម្រើឧត្តមប្រយោជន៍ប្រជាជន ក្នុងបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។


នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងសនិ្នបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងបរិស្ថាន បានប្រព្រឹត្តទៅ រយៈពេល ពីរថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២២។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថាៈ ការជួបជុំគ្នានេះ គឺជាឱកាសដ៏មានសារសំខាន់ សម្រាប់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីធ្វើការពិនិត្យវាយតម្លៃ លើលទ្ធផលការងារបរិស្ថាន បញ្ហាប្រឈម និងកាលានុវត្តភាព ក៏ដូចជា ចូលរួមពិភាក្សាផ្លាស់ប្ដូរយោបល់ ចែករំលែក បទពិសោធន៍ និងចំណេះដឹងថ្មី សម្រាប់ឈានទៅរៀបចំ សម្រិតសម្រាំង គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងទិសដៅការងារបន្ត ឱ្យកាន់តែមានភាពសមស្រប ស៊ីសង្វាក់ និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង នៃសង្គមជាតិ និងពិភពលោក សំដៅសម្រេច បានសមិទ្ធផលថ្មីៗ បន្ថែមទៀត។

លោក រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់បន្ថែមថាៈ ក្រសួងបរិស្ថាន បាន និងកំពុងខិតខំជំរុញ ការអនុវត្តបេសកកម្មរបស់ខ្លួន ដោយសម្រេចបានលទ្ធផលសំខាន់ៗ ជាច្រើន រួមចំណែកពង្រឹងនិង ពង្រីកសមិទ្ធផលសង្គម សេដ្ឋកិច្ច វប្បធម៌ សន្តិសុខ នយោបាយ និងបរិស្ថានកម្ពុជា ។

ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី បានលើកឡើងថាៈ ទោះបីជាយើងសម្រេចបានសមិទ្ធផល ល្អប្រសើរយ៉ាងនេះក្ដី ក៏នៅមានបញ្ហាប្រឈម ដែលនឹងត្រូវរួមគ្នាពិភាក្សា រកដំណោះ ស្រាយ ឱ្យបានសមស្រប ដើម្បីកាត់បន្ថយចំណុចខ្វះចន្លោះនានា ហើយបង្កើតនូវ កាលានុវត្តភាពថ្មីៗ សម្រាប់ការបោះជំហាន ទៅមុខបន្តទៀត។

លោករដ្ឋមន្រ្តី បានថ្លែងថាៈ រដ្ឋបាលថ្នាក់ក្រោមជាតិ បានអនុវត្តបានល្អ ប្រសើរជាងមុន ដោយសារការអនុវត្តនូវ គោលនយោបាយភូមិ ឃុំ មានសុវត្តិភាព។ ជាមួយគ្នានេះ លោក រដ្ឋមន្រ្តី ក៏បានលើកឡើង ពីការធ្វើទំនើបកម្មរដ្ឋបាល ដែលជាជាកត្តាមួយ យ៉ាងសំខាន់ ក្នុងការធ្វើឱ្យមានការរីកចម្រើន ពិសេសការដាក់ចេញ នូវគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈកការ ក៏ជារឿងមួយសំខាន់ផងដែរ ក្នុងការអនុវត្តការងារ ឱ្យល្អប្រសើរ និងកាន់តែមានប្រសិទ្ធភាព។ ក្នុងនេះមានការផ្ទេរអំណាច ការគ្រប់គ្រង ការប្រឡងប្រណាំង ការការផ្ទេរអំណាច​ពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិ។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍ ដោយបញ្ជាក់ថាៈ “ការអនុវត្តនូវការលក់កាបូន នឹងធ្វើឱ្យប្រជាពលរដ្ឋ មានការផ្លាស់ប្តូរជីវភាពគ្រួសារ បន្តបន្ទាប់។ ក្នុងនេះ កូនរបស់ បងប្អូនសហគមន៍មួយចំនួន បានចេញទៅរៀនក្រៅប្រទេស។ ហេតុនេះ ឃើញថា កូនសហគមន៍ នឹងបានបញ្ឈប់ការចូលចូលព្រៃកាប់ឈើ និងបរបាញ់សត្វជាដើម។

ពាក់ព័ន្ធក្នុងរឿងនេះដែរ លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថាៈ ចំពោះសុខសន្តិភាព នយោបាយ ទាក់ទិននឹងបរិស្ថាន គឺក្រសួងបានអនុវត្ត ដោយបានទទួលនូវផ្លែផ្កា គួរជាទីគាប់ប្រសើរ និងក្រសួង កំពុងជំរុញឱ្យការអនុវត្តនេះ កាន់តែប្រសិទ្ធភាពបន្ថែម ទៀត តាមរយៈការអនុវត្ត នៅឆ្នាំ២០២៣ ខាងមុខ។

ដោយឡែក លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់ប្រាប់ បណ្តាញសារព័ត៌មាន នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នេះថាៈ ក្នុងសរសរស្តម្ភចំនួន៤ ក្រសួងបរិស្ថាន បានធ្វើកិច្ចការងារ គឺទី១ ពាក់ព័ន្ធទៅនឹង កិច្ចគាំពារបរិស្ថាន, ទី២ គឺការគ្រប់គ្រងធនធានធម្មជាតិ, ទី៣ គឺការអភិរក្សជីវចម្រុះ និងទី៤ ការអភិវឌ្ឍន៍ដោយចិរភាព។

លោក រដ្ឋលេខាធិការ បានមានប្រសាសន៍ដែរថាៈ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ បរិស្ថាន ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ នឹងពិនិត្យទៅលើការងារ និងសមិទ្ធផល ដែលសម្រេចបាន នាឆ្នាំ កន្លងទៅ បញ្ហាប្រឈមជាមួយដំណោះស្រាយ ដែលនឹងត្រូវដាក់អនុវត្ត ដើម្បីបម្រើវិស័យបរិស្ថាន និងធនធានធម្មជាតិរបស់យើង នៅថ្ងៃខាងមុខ ។

គួរបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០២២ និងលើកទិសដៅ ការងារ ឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន អង្គសន្និបាត នឹងធ្វើការពិនិត្យ និងពិភាក្សា លើរបាយការណ៍របស់ បណ្តាអគ្គនាយកដ្ឋានចំណុះក្រសួង ដែលនឹងធ្វើបទបង្ហាញ ទាក់ទងនឹងសមិទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រាយ៕ V / N