ដោយៈ ពៅនិមល / ភ្នំពេញ៖ គណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» នៅថ្ងៃនេះ បានព្រមានដល់បុគ្គលណាមួយ នៅតែប្រព្រឹត្តល្មើស ហើយមិនបានអនុវត្ត តាមការណែនាំ នឹងចាត់វិធានការតាមផ្លូវច្បាប់ និងបទប្បញ្ញត្តិ ជាធរមាន។

យោងតាមសេចក្តីជូនដំណឹង ទទួលបាននៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នេះ គ.ជ.ក.ប. បានបញ្ជាក់ថាៈ កន្លងមកនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ដែលជាសេនាធិការ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយទុករយៈពេល ៣០ ថ្ងៃ (ពីថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២)ដើម្បីកែតម្រូវសកម្មភាព និងខ្លឹមសារផ្សាយពាណិជ្ជកម្ម ដែលមិនអនុលោមទៅនឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ បន្ទាប់មក នៅថ្ងៃទី១៨ ខែតុលា គ.ជ.ក.ប. ក៏បានអញ្ជើញបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិ ឱ្យចាត់ចែងផ្សាយពាណិជ្ជកម្ម នៃក្រុមហ៊ុនមួយចំនួន មកបំភ្លឺនៅចំពោះមុខ នៅទីស្តីការ ក្រសួងពាណិជ្ជកម្ម។ បុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិ ឱ្យចាត់ចែងផ្សាយ ពាណិជ្ជកម្ម នៅតែបន្តសកម្មភាពល្មើសផ្សព្វផ្សាយពាណិជ្ជកម្ម របស់ខ្លួនតាមគ្រប់ប្រភេទ ទម្រង់ និងគ្រប់មធ្យោបាយ មានលក្ខណៈភូតកុហក បំភាន់ការពិត អាចធ្វើឱ្យអ្នកប្រើ ប្រាស់មានការយល់ច្រឡំ អំពីការទទួលបាន នូវអត្ថប្រយោជន៍ផ្សេងៗ ប៉ះពាល់ដល់ ដំណើរការប្រកួតប្រជែង ប្រកបដោយសុចរិត និងកាត់បន្ថយប្រសិទ្ធភាពសេដ្ឋកិច្ច ដែលត្រូវបានហាមឃាត់ ដោយច្បាប់ និងបទប្បញ្ញត្តិជាធរមាន ជាពិសេសច្បាប់ស្ដីពី កិច្ចការពារអ្នកប្រើប្រាស់។

ប្រភពខាងលើ បានឲ្យដឹងទៀតថាៈ ដើម្បីទប់ស្កាត់នូវសកម្មភាពប្រព្រឹត្តល្មើស ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម ព្រមទាំងលើកទឹកចិត្តដល់ ការធ្វើធុរកិច្ច ប្រកបដោយសុចរិត ជំរុញការប្រកួតប្រជែង ប្រកបដោយសមធម៌ និងធានាការពារ ផលប្រយោជន៍អ្នកប្រើប្រាស់ គ.ជ.ក.ប. សូមក្រើនរំលឹកដែលជាបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិ ឱ្យចាត់ចែងផ្សាយពាណិជ្ជកម្ម ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមខ្លឹមសារ នៃច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ឈរលើមូលដ្ឋាននេះ គ.ជ.ក.ប. ស្នើឱ្យ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែង ផ្សាយពាណិជ្ជកម្ម ត្រូវសហការជាមួយ អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីផ្តល់ឯកសារ ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្មផ្តល់រង្វាន់ និងកែតម្រូវសកម្មភាព និងខ្លឹមសារ ផ្សព្វផ្សាយ ពាណិជ្ជកម្មរបស់ខ្លួន ឱ្យស្របតាមខ្លឹមសារនៃច្បាប់ និងបទប្បញ្ញត្តិ ក្នុងរយៈពេល ៣ថ្ងៃ បន្ទាប់ពីថ្ងៃចេញ សេចក្ដីជូនដំណឹងនេះ។

គ.ជ.ក.ប. សង្ឃឹមជឿជាក់យ៉ាងមុតមាំ លើកិច្ចសហការ ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោល បំណងជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ឱ្យមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍អ្នកប្រើប្រាស់ និងសង្គមជាតិទាំងមូល៕ V / N