ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ផែនសេនាធិការ បានឡើងអាននិងផ្សព្វផ្សាយ ផែនការការពារ ដល់កម្លាំងនគរបាល ក្រោមឱវាទ។ គោលដៅការពារ មាន ២ កន្លែងគឺៈ ទី១-ទីតាំងប្រណាំងទូកង នៅបរិវេណសាកលវិទ្យាល័យជាតិមានជ័យ មានរយ:ពេល ២ថ្ងៃ (ថ្ងៃទី ៤- ៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ទី២-ទីតាំងប្រារព្ធពិធីអកអំបុកសំពះព្រះខែ នៅសាលាខេត្ត និងតាមដងស្ទឹងព្រះពន្លា (ថ្ងៃទី៨ ខែវិច្ឆិការ ឆ្នាំ២០២២) ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញនូវបទបញ្ជា ដល់កងកម្លាំងទាំងអស់ ត្រូវគោរពតួនាទី ភារកិច្ច យកចិត្តទុកដាក់ ចំពោះបេសកកម្មរបស់ខ្លួន ដោយស្មារតី ទទួលខុសត្រូវ និងធានាឲ្យបានទាំងស្រុងនូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ
និងរបៀបរៀបរយ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរជនសំខាន់ៗ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួម ក្នុងពិធីបុណ្យខាងលើ ប្រព្រឹត្តទៅ ប្រកបដោយបរិយាកាស សប្បាយរីករាយ និងមានប្រសិទ្ធភាពខ្ពស់៕ V / N