ដោយ:មុនីរ័ត្ន/ភ្នំពេញៈ​ យន្តហោះ U.S. Air Force របស់សហរដ្ឋអាមេរិកចំនួនពីរគ្រឿង កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២ បានដឹកជញ្ជូនសម្ភារ និងរថយន្តចំនួន ០២ សម្រាប់ប្រើប្រាស់ការពារសុវត្ថិភាពជូនលោកលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ។

លោក ចូ បៃដិន នឹងអញ្ជើញមករាជធានីភ្នំពេញ នៅថ្ងៃទី១២ និងទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកនឹងធ្វើដំណើរមកទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា នៅថ្ងៃទី ១២ និងទី ១៣ ខែវិច្ឆិកា​ ឆ្នាំ២០២២​ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ អាមេរិក អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ។ នៅកម្ពុជាលោកនឹងបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែង របស់សហរដ្ឋអាមេរិក ចំពោះតំបន់អាស៊ីអាគ្នេយ៌ និងមជ្ឈភាពអាស៊ាន ពង្រឹងបន្ថែមលើជោគជ័យនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្រ្ត អាមេរិក អាស៊ាន នៅទីក្រុង Washington។ លោកនឹងបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ អាមេរិក អាស៊ាន នៅក្នុងការធានាសន្តិសុខ និងវិបុលភាព នៅក្នុងតំបន់ និងសុខមាលភាពនៃប្រជាជនរបស់យើង ដែលមានចំនួនសរុបមួយពាន់លាននាក់។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមានចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។

សេចក្តីប្រកាសរបស់សេតវិមាន បានបន្ថែមថា លោក ចូ បៃឌិន នឹងបញ្ជាក់នូវការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះតំបន់អាស៊ីអាគ្នេយ៍ ដោយកសាងភាពជោគជ័យនៃកិច្ចប្រជុំកំពូលពិសេស អាមេរិក-អាស៊ាន។

លោក ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ាន ក្នុងការធានាសន្តិសុខ និងវិបុលភាពនៅក្នុងតំបន់ និងសុខុមាលភាពនៃប្រជាជនរួមមួយពាន់លាននាក់។

គួរបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ៕