ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ សម្រាប់​ព្រឹត្តិការណ៍ Asian Elute Man and Women Boxing Championship ( ASBC) ដែល​កំពុងតែ​ធ្វើ​នៅ​ប្រទេស​ហ្ស៊​ក​ដង់ គ្រូបង្វឹក​របស់​កម្ពុជា​លោក ជ័យ​ ​ណា​រ៉ា បានដាក់​ក្ដីសង្ឃឹម​ខ្ពស់​លើ​អ្នក​ប្រដាល់​ចំនួន​បួនរូប​។​

​លោក ជ័យ ណា​រ៉ា​គ្រូ​ជំនួយ​ក្រុមកីឡា​ប្រដាល់សកល​ជម្រើសជាតិ​កម្ពុជា​បាន​ឲ្យ​ដឹងថា កីឡាករ​កម្ពុជា​ដែល​ទៅ​ចូលរួម​ប្រកួត​ជើងឯក​ប្រដាល់សកល​អាស៊ី នៅ​ប្រទេស​ហ្ស៊​ក​ដង់​នេះ លោក​ជឿជាក់​រហូតដល់​៧០% ថា​នឹង​ទទួលបាន​មេដាយ​ជូន​ជាតិ​។ ក្នុងចំណោម​កីឡាករ​បួនរូប ដែល​ចេញដំណើរ​ពី​ប្រទេស​កម្ពុជា លោក​សង្ឃឹម​ច្រើនជាងគេ​គឺ​កីឡាករ វ៉ែន រដ្ឋា និង​កីឡាករ សៅ រង្សី​។​

​ចំណែកឯ​កីឡាករ​កូនកាត់​ខ្មែរ​-​អ៊ូ​បេ​ហ្គី​ស្ថាន​២​រូប​ដែល​កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​អ៊ូ​បេ​ហ្គី​ស្ថាន​គឺ​កីឡាករ​ណា​ស្រេ​ឌី​នូវ​អាន់​វ៉ា និង​រ៉ា​ចា​ពៅ​អាប់​ឌុល​ឡា ក៏​លោក​សង្ឃឹម​ទទួលបាន​មេដាយ​ជូន​ជាតិ​ដែរ​។​

​លោក​ណា​រ៉ា​បាន​បន្ត​ឱ្យដឹងទៀតថា​កីឡាករ​ប្រដាល់សកល​កម្ពុជា​បច្ចុប្បន្ន​រីកចម្រើន​ច្រើន​ទាំង​កម្លាំង​បច្ចេកទេស​និង​កាយសម្បទា ប៉ុន្តែ​លោក​នៅតែ​បារម្ភ​ដោយសារ​យើង​ធ្វើ​ដំ​​ណើ​រ​ផ្លូវ​ឆ្ងាយ ដូច្នេះ​កម្លាំង​អាច​នឹង​ធ្លាក់ចុះ​។​​ម្យ៉ាងវិញទៀត​យើង​នៅ​មិនទាន់​ដឹង​ពី​សមត្ថភាព​របស់គេ​ច្បាស់​ទេ ព្រោះ​ជា​ព្រឹត្តិការណ៍​ធំ មាន​ប្រទេស​ច្រើន​ចូលរួម​។ ទោះបីជា​យ៉ាងណា កីឡាករ​កម្ពុជា​នឹង​ប្រឹង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​នាំយក​ជ័យជម្នះ​ជូន​ជាតិ​។​

​សូមបញ្ជាក់ថា​ប្រតិភូ​កីឡា​ប្រដាល់សកល​កម្ពុជា​ទាំង​ប្រាំ​បួ​ប​រូប​ដែល​ធ្វើដំណើរ​ទៅ​ប្រកួត​ជើងឯក​ប្រដាល់សកល​អាស៊ី​នេះ​ដឹកនាំ​ដោយ​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា លោក Kassymkhanov Berikbol Amantayevich គ្រូ​បង្គោល លោក ជ័យ ណា​រ៉ា គ្រូបង្វឹក កីឡាករ សៅ រង្សី​, នូវ សុខ​ទី​, ទូច ដេវីត​, វ៉ែន រដ្ឋា​, ណា​ស្រេ​ឌី​នូវ អាន់​វ៉ា និង​កីឡាករ រ៉ា​ចា​ពៅ អាប់​ឌុល​ឡា​៕​